ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ ជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ/សង្កាត់ និងក្រុមការងារចុះជួយភូមិ ដែលអញ្ជើញមកចំនួនពីរឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន

0

(ប៉ៃលិន)៖ នៅសាលប្រជុំរោងកុនថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន និង លោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត​ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយ ប្រធាន-អនុប្រធាន បក្សឃុំ-បក្សភូមិ  និងក្រុម​ការងារចុះជួយភូមិ ដែលមកពីឃុំ/សង្កាត់ចំនួន២ ក្នុងខេត្តប៉ៃលិន គឺឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដើម្បីស្តាប់ពីសំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋានផ្ទាល់ ដើម្បីត្រៀមយកប្រៀបឈ្នះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាពេលខាងមុខ ។

ពិធីនេះមានការអញ្ជើញចូលរួមពី អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត ព្រមទាំងសមាជិក សមាជិកា គណបក្សចុះមូលដ្ឋានខេត្ត គណៈកម្មាធិកាគណបក្សក្រុង/ស្រុក ក្រុមការងារយុវជនគណបក្សក្រុង/ស្រុក ប្រធានគណៈកម្មាធិការគណបក្សឃុំ ក្រុមការងារគណបក្សឃុំ យុវជនគណបក្សភូមិ យ៉ាងច្រើនកុះករ។

មានប្រសាសន៍ក្នុងឪកាសនោះដែរលោកជំទាវ បាន ស្រីមុំ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានថ្លែងថា៖ គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរ​ភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ មាន​ការកែទម្រង់ស៊ីជម្រៅ ទូលំទូលាយ និងបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច មានប្រសិទ្ធភាព ហើយ​កំណើនសេដ្ឋកិច្ចជាតិ នៅតែមានសន្ទុះទៅមុខជានិច្ច។

ជាមួយគ្នានេះលោកជំទាវប្រធាន បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីបក្សគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពនៅក្នុងជួរបក្ស និងលើកកម្ពស់ស្មារតីសកម្មភាព ទាំងនយោបាយសតិអារម្មណ៍ និងចាត់តាំងឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវបន្តខិតខំធ្វើសកម្មភាពឥតថមថយ ប្រកបដោយប្រសិទ្ធភាព ទាំងក្នុងការអនុវត្ត កម្មវិធីនយោបាយ ទាំងក្នុងការកសាងពង្រឹងគណបក្ស ទាំងការផ្សារភ្ជាប់បម្រើប្រជាជន ហើយបន្តដោះស្រាយ និងព្យាយាមលុបបំបាត់ភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការថ្នាំងថ្នាក់ និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះការរក្សាកម្លាំងចាស់ និងពង្រីកកម្លាំងថ្មី ដែលគ្រប់អាយុបោះឆ្នោត ដើម្បីធានាបានមូលដ្ឋានរឹងមាំ និងសម្រេចគោលដៅរបស់បក្ស គឺយកប្រៀបឈ្នះការបោះឆ្នោត គ្រប់ៗអាណត្តិ ។

ថ្លែងក្នុងឪកាសនោះដែរឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តប៉ៃលិន​ ក៍បានណែនាំឲ្យក្រុមការងារយុវជន គ្រប់បណ្តាជាន់ថ្នាក់ ត្រូវពង្រឹងឡើងវិញ នូវរចនាសម្ព័ន្ធដឹកនាំ ការរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្ស ជាយុវជន ការបញ្ចូលសមាជិកបក្សថ្មីជាយុវជន និងការបណ្តុះបណ្តាលសមាជិកបក្ស ដើម្បីឈានទៅបង្កើនសមាជិកបក្សទាំងបរិមាណ និងគុណភាព ស្របតាមគោលការណ៍របស់គណបក្សគឺ រក្សាចាស់បង្កើនថ្មី និងសមាជិកបក្សម្នាក់សន្លឹកឆ្នោត១សន្លឹក ឲ្យគណបក្សទទួលបានជោគជ័យ នៅក្នុងការបោះឆ្នោតទាំងអស់។

ជាពិសេសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ ទុកលទ្ធភាពជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត ដើម្បីដឹកនាំប្រទេស ឲ្យទទួលបាននូវសុខសន្តិភាព និងមានការអភិវឌ្ឍថ្មីៗបន្ថែមទៀត ព្រមទាំងប្តេជ្ញាគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយរដ្ឋមន្រ្តី ទៅថ្ងៃមុខ ជាពិសេសត្រូវតែការពារគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សរកសន្តិភាពជូនប្រជាជន និងរក្សាការពារបាន នូវសុខសន្តិភាព ជូនប្រទេសជាតិផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន