(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងក្រុមការងារថ្នាក់ខេត្ត ប្រធានមន្ទីរជុំវិញខេត្ត ព្រមទាំងលោកអភិបាលស្រុកសន្ទុក និងប្រជាពលរដ្ឋជាច្រើនបានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ ២៨ អនក្រ.បក ស្ដីពីការសម្រួលផ្ទៃដីចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រកាសតំបន់វិនិច្ឆ័យ ដើម្បីឲ្យប្រជា
ពលរដ្ឋបានប្រើប្រាស់ អាស្រ័យផលទៅតាមរដូវកាលនីមួយៗប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌ ស្ថិតក្នុងភូមិសាស្ត្រស្រុកសន្ទុក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
លោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានឡើងធ្វើរបាយការណ៍មួយចំនួននៅស្រុកសន្ទុក ដោយមានការចុះពិនិត្យផ្ទាល់របស់រដ្ឋបាលស្រុកសន្ទុក បានសម្រួលផ្ទៃដីចេញពីតំបន់៣បញ្ចូលមកតំបន់២ និងប្រកាសតំបន់វិនិច្ឆ័យផ្ទៃដីបានកាត់ជូនចំនួន ៨.២៣៩ហិចតា៦៩អា ជូនប្រជាពលរដ្ឋឲ្យអាស្រ័យផលជាក់ស្ដែង ស្ថិតនៅឃុំកោះនិងឃុំព្នៅចាប់ពីពេលនេះតទៅ ដើម្បីឲ្យពួកគាត់បានដីស្រែសម្រាប់ធ្វើកសិកម្មផងដែរ។
ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ការអនុវត្តគោលនយោបាយមួយចំនួនគឺឆ្លើយតបទៅនិងអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បឹងទន្លេសាប ជាជម្រកត្រីជាច្រើន ហើយបានទទួលផលប្រយោជន៍ពីបឹងទន្លេសាប ចូលរួមទប់ស្កាត់នូវបទល្មើសនេសាទខុសច្បាប់ ពិសេសនៅរដូវត្រីពងកុំឱ្យផុតពូជត្រី ដើម្បីឲ្យប្រជាពលរដ្ឋ អាស្រ័យផលទៅតាមរដូវកាលគ្រប់ខេត្តទាំងអស់រស់នៅជុំវិញបឹងទន្លេសាប។
ឯកឧត្តមអភិបាលខេត្តបានបន្តទៀតថា ការប្រកាសបើកតំបន់វិនិច្ឆ័យធ្វើការចុះបញ្ជី និងការផ្តល់បណ្ណសម្គាល់សិទ្ធប្រើប្រាស់ និងអាស្រ័យផលលើដីរដ្ឋក្នុងតំបន់៣មកតំបន់២ ជូនប្រជាពលរដ្ឋដែលបានធ្វើស្រែចំការ និងបង្កបង្កើនផលជាយូរមកហើយ ជាលក្ខណៈគ្រួសារ ឬសហគមន៍ដែលមានការដឹងឮ។ ទទួលស្គាល់ច្បាស់លាស់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដូចនេះបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ត្រូវរៀបចំឯកសារឱ្យបានគ្រប់គ្រាន់មាន÷ ថតចំឡងអត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សំបុត្យកំណើត ឬសំបុត្យអាពាហ៍ពិពាហ៍។ ត្រូវត្រៀមបង្គោលព្រំ និងត្រូវបោះបង្គោលព្រំលើទីតាំងដីដែលខ្លួនធ្លាប់បានអាស្រ័យផលប្រកបដោយភាពត្រឹមត្រូវ។ ត្រៀមចូលរួមវាស់វែង និងចូលរួមធ្វើការវិនិច្ឆ័យកំណត់អត្តសញ្ញាណម្ចាស់ដីរបស់ខ្លួនឲ្យបានច្បាស់លាស់។ ត្រូវកំណត់ចូលរួមផ្តិតមេដៃអ្នកជាប់ព្រំ ជាពិសេសចៀសវាងមានទំនាស់ ប្រសិនបើមានទំនាស់ត្រូវសម្របសម្រួលឲ្យបានរួចរាល់ដើម្បីងាយស្រួលក្រុមការងារធ្វើការបានឆាប់រហ័ស បើពុំដូច្នោះទេដីដែលមានទំនាស់ត្រូវទុកដោះស្រាយឲ្យរួចរាល់សិន។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានណែនាំបន្ថែមដល់ប្រជាពលរដ្ឋ ក្រោយពីការកាត់ឆ្វៀលរួច ប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផលដោយស្របច្បាប់តែមិនមានសិទ្ធិទិញ លក់ រឺយកបញ្ចាំនោះទេ ហើយចំពោះអ្នកដែលមានព្រំដីជាប់ជាមួយដីរបស់រដ្ឋ ហាមពង្រីកបន្ថែមដាច់ខាត និងចូលរួមការពារមិនឲ្យអ្នកណាផ្សេងមកអាស្រ័យផលឡើយ ប្រសិនបើមានអ្នកទន្ទ្រានឈូសឆាយបន្ថែមត្រូវរាយការណ៍មកអាជ្ញាធរជាបន្ទាន់ ចូលរួមទប់ស្កាត់ពីជនខិលខូចមួយចំនួនតែងតែឆ្លៀតឱកាសក្នុងការទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួន។





































