សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលស្រុកជលគីរី ចុះពិនិត្យ ការជីកប្រឡាយចាស់ និងប្រឡាយថ្មីក្នុងដីតំបន់ ៣ចំណុចកប់ចេសមានប្រវែង១២១០ម៉ែត្រដោយតម្រូវឲ្យអ្នកជីកនិងអ្នកជួលគេជីកកាយលុបប្រឡាយនិងវិញ

0

សុខ គឹមសៀន

កំពង់ឆ្នាំង៖ ក្រោយពីសារព័ត៌មានបានផ្សព្វផ្សាយអំពីបទល្មើសលួចឈូសឆាយដីតំបន់៣ធ្វើស្រែនិងជីកប្រឡាយនៅចំណុចកប់ចេសក្នុងស្រុកជលគិរីនិងយោងតាមបទបញ្ជារបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សមត្ថកិច្ចចម្រុះ នៃរដ្ឋបាលស្រុកជលគីរី នៅព្រឹកថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៣ បានសហការគ្នាចុះត្រួតពិនិត្យបទល្មើសឈូសឆាយដីព្រៃតំបន់ ៣ នៅចំណុចខាង នេះ។សមត្ថកិច្ចនៅក្នុងក្រុមការងារចម្រុះនៅព្រឹកថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២៣ នេះបានបង្ហើបឲ្យដឹងថា លទ្ធផលនៃការចុះស្រាវជ្រាវត្រួតពិនិត្យខាងលើនេះក្រុមការងារបានពិនិត្យឃើញមានការជីកប្រឡាយ២ខ្សែនៅក្នុងដីតំបន់ ៣គឺ ១ខ្សែជាប្រឡាយចាស់នៅចំ ណុចព្រែកឆ្ដោរមានប្រវែង ៧៣០ ម៉ែត្រ មានទំហំខមាត់លើ២ម៉ែត្រ ជម្រៅ ២ ម៉ែត្របាតក្រោម
២ម៉ែត្រ។

ទី២ ប្រឡាយថ្មីមានប្រវែង៤៨០ម៉ែត្រនៅខាងកើតកប់ចេសមានមាត់លើ ៥ម៉ែត្រ ជម្រៅ ៣ ម៉ែត្របាតក្រោម៣ម៉ែត្រ។នៅក្នុងករណីនេះដែរក្រុមការងារចម្រុះបានរកឃើញអ្នកជួល២នាក់ឱ្យគេជីកប្រឡាយ និងម្ចាស់គ្រឿង ចក្រជាអ្នកស៊ីឈ្នួលជីកប្រឡាយ ១នាក់ផងដែរ។ ដោយឱ្យពួកគេទាំង៣នាក់ បានផ្ដិតមេ
ដៃនៅលើកំណត់ហេតុយល់ព្រមទទួលកាយលុបប្រឡាយខាងលើនេះនៅក្នុងដីតំបន់៣ វិញទាំងអស់ ។

ប្រភពដដែលបានបញ្ជាក់ទៀតថាចំពោះករណីឈូសដីព្រៃតំបន់៣ធ្វើស្រែវិញនោះ លោកពុំបានដឹងអំពីតួលេខច្បាស់លាស់ទេ ព្រោះកិច្ចការនេះនៅលើមន្ត្រីជំនាញរដ្ឋបាលជលផល និងមន្ត្រីសុរិយោដី ប៉ុន្តែគេមិនបានឲ្យក្រុមការងារទាំងអស់ដឹងឡើយ ប៉ុន្តែតាមការប៉ាន់ស្មានមានរាប់រយហិចតាឯណោះ ដោយពួកគេបានឃុបឃិតគ្នា លួច
ឈូសឆាយដីតំបន់ ៣ ធ្វើស្រែជាកម្មសិទ្ធិ ក្នុងអំឡុងពេលដែលប្រមុខរាជ រដ្ឋាភិបាលតម្រូវឲ្យមានការកាត់ឈ្វាល ដីស្រែចម្ការដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលនៅក្នុងតំបន់៣ កន្លងមក ដែលនេះគឺជារឿងកន្ទេលធំបន្លំដេក។

ដោយឡែកលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តវិញបានប្រាប់ថាលោកនឹងឲ្យគេលុបប្រឡាយដែលជីកនៅក្នុងតំបន់៣ វិញទាំងអស់។ហើយរឿងនេះលោកនិងចំណាត់ការតាមផ្លូវច្បាប់ទៅតុលាការ ស្របតាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល។

ចំណែកលទ្ធផលនៃការចុះពិនិត្យស្រាវជ្រាវករណីនេះរបស់ក្រុមការងារចម្រុះលោកពុំទាន់ទទួលបានរបាយការណ៍ច្បាស់លាស់នៅឡើយ៕