ឯកឧត្តម អ៊ុន ចាន់ដា ប្រកាស បញ្ចូល សមាជិក គណបក្ស ថ្មី ក្នុង ក្រុងកំពង់ចាម និង អតីត សកម្មជន មកពី គណបក្ស នយោបាយ នានា ក្នុង ខេត្តកំពង់ចាម ជិត ១៥០០នាក់

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម បានណែនាំដល់ប្រធានគណបក្ស មូលដ្ឋាន ក៏ដូចជាក្រុមការងារស្នូល ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការចិញ្ចឹមចលនាសមាជិកបក្ស និងការជួយសម្របសម្រួលដល់សមាជិកបក្សរាល់ពេលពួកគាត់មានតម្រូវការ ឬមានសំណូមពរ និង ជួបបញ្ហាផ្សេងៗ ជា ពិសេសគឺ ត្រូវ ផ្សារភ្ជាប់ទៅនឹងការផ្ដល់-ទទួលសេវាសាធារណៈ ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ។ ការ ថ្លែង បែប នេះ ក្នុងប្រកាស បញ្ចូល សមាជិក គណបក្ស ថ្មី ក្នុង ក្រុងកំពង់ចាម និង អតីត សកម្មជន មកពី គណបក្ស នយោបាយ នានា ក្នុង ខេត្តកំពង់ចាម សរុប ចំនួន ១៤០៩នាក់ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែង ថា ការកសាងសមាជិកគណបក្សនៅមូលដ្ឋាន គឺជាការងារ ដ៏ សំខាន់ ដែល ត្រូវបង្កើនការយកចិត្តទុកដាក់លើការធ្វើអំពើល្អដល់សមាជិកបក្សរបស់ខ្លួន រួមទាំងប្រជាពលរដ្ឋទូទៅ។ ពីព្រោះថា ប្រជាពលរដ្ឋខ្លះ ទោះបីមិនបានចូលជាសមាជិកបក្សប្រជាជន ប៉ុន្តែមិនមែនបានន័យថា ពួកគាត់មិនបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ ដូច្នេះមន្ត្រីបក្សមូលដ្ឋាន ក៏ត្រូវធ្វើអំពើល្អដាក់ពួកគាត់ ដូច គ្នា ។
ឯកឧត្តមប្រធានគណបក្សខេត្ត បានបន្តថា គណបក្សមូលដ្ឋាន ក៏ត្រូវត្រៀមឃោសនិក ដើម្បីបកស្រាយ អំពីគោលនយោបាយគណបក្ស ផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋ នៅតាមទីប្រជុំជននានា ហើយក៏ដើម្បីវាយបកទៅកាន់មជ្ឈដ្ឋានដែលវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជាវិញដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា រាល់សកម្មភាពបក្សទាំងអស់ គឺត្រូវប្រកាន់ខ្ជាប់នូវស្មារតី ដើម្បីផលប្រយោជន៍គណបក្ស និងប្រជាជន ដើម្បីកសាងកម្លាំងឱ្យកាន់តែមុតមាំក្នុងការប្រជែងយកជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែល នឹង ឈានមកដល់ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

ជាមួយគ្នា នោះ តំណាង សមាជិក ថ្មី បានឡេីង ធ្វើសច្ចាប្រណិធាន ប្តេជ្ញា ស្មោះត្រង់ ជឿជាក់ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាអស់ មួយ ជីវិត និង គោរព អនុវត្តតាមគោលការណ៍ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជារៀងរហូតដោយឥតងាករេ ព្រមទាំងប្រមែរប្រមូលគៀគរកម្លាំង នាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នាពេលខាងមុខ ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេល អនាគត ។

គួរ បញ្ជាក់ ថា ពិធី បញ្ចូល សមាជិក ថ្មី នេះ គឺ មាន យុវជន គ្រប់ អាយុ បោះឆ្នោត និង មាន ឈ្មោះ ក្នុង បញ្ជី បោះឆ្នោត ក្នុង ក្រុងកំពង់ចាម ចំនួន ១៣០៣នាក់ និង អតីត សកម្មជន មកពី គណបក្ស នយោបាយ នានា ក្នុង ខេត្តកំពង់ចាម ចំនួន ១០៦នាក់ ដែល សុំ ចូលរួម ជីវភាព នយោបាយ ជាមួយ គណបក្សប្រជាជន កម្ពុជា ៕