កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងប្រាប់ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មមណ្ឌលកំពង់ចាម ឱ្យបន្តធ្វើការទំនាក់ទំនង ជាមួយដៃគូវិនិយោគ កាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ និងបង្កើនមុខរបរលក់ដូរជូនបងប្អូនអាជីវករ នៅខេត្តកំពង់ចាម ខណៈក្នុងអាណត្តិថ្មីនេះសភាពាណិជ្ជកម្ម បានទំនាក់ទំនងជាមួយដៃគូវិនិយោគ ដេីម្បីជួយដល់អាជីវករយើងបានច្រើន ការថ្លែងបែបនេះក្នុងពិធីពិសាអាហារសាមគ្គីជាមួយបងប្អូនអាជីវករ ក្នុងក្រុងកំពង់ចាម នាល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលយៀកថៃក្រុងកំពង់ចាម ។
ក្នុងឱកាសសំណេះសំណាលនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា កត្តាជំនឿពិតជាសំខាន់ណាស់ ទាំងក្នុងអង្គភាព និងអតិថិជន ដូច្នេះហើយដេីម្បីឱ្យមានការរីកចម្រើនលើមុខជំនួញរកស៊ីទទួលទាន ជូនបងប្អូនអាជីវករយើងនោះ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម ដែលមានលោកឧកញ៉ា ហួត ឈឿន ជាប្រធាន មណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ទេីបជាប់ឆ្នោតក្នុងអាណត្តិទី៣នេះ ត្រូវបង្កើនឱ្យមានការជឿទុកចិត្តពីសំណាក់អ្នកវិនិយោគិនជាមុនសិន ពីព្រោះថាបេីមានគេជឿជាក់លើយេីងហើយនោះ គេនឹងមកចាប់ដៃគូសហការរកស៊ីវិនិយោគជាមួយយើងមិនខាន ពេលនោះហើយដែលបងប្អូនអាជីវករបានទទួលអត្ថប្រយោជន៍ពីសភាពាណិជ្ជកម្មយើង ។
ឯកឧត្ដម អ៊ុន ចាន់ដា បានថ្លែងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សិទ្ធិ សម្រាប់ធ្វើការវិនិយោគ ដោយអាជ្ញាធរខេត្ត មានសិទ្ធិសម្រេច ក្រោមទុន៥លានដុល្លារ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឱ្យមានសភាពាណិជ្ជកម្ម ដើម្បី ធ្វើជាអាណាព្យាបាល និងជាតំណាងឱ្យអាជីវករ ក្នុងការផ្ដល់អត្ថប្រយោជន៍សម្រាប់បងប្អូនអាជីវករ ដើម្បីធ្វើការទំនាក់ទំនង ស្វែងរកដៃគូវិនិយោគគិន ទាំងក្នុង និងក្រៅប្រទេស មកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងការធ្វើជំនួញផ្សេងៗ ។ ជាមួយគ្នានោះអាជ្ញាធរខេត្ត នៅតែបន្តសកម្មភាព ជួយដល់សភាពាណិជ្ជកម្ម ដើម្បីបន្តបង្កើតនូវទំនាក់ទំនង ជាមួយដៃគូវិនិយោគ ឱ្យកាន់តែច្រើនឡើងថែមទៀត មកធ្វើការអភិវឌ្ឍ នៅខេត្តកំពង់ចាម ផងដែរ ៕