មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់ភារកិច្ច ជូនកងកម្លាំង

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងប្រចាំសប្តាហ៍ និងប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់កងកម្លាំងចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់ និងសភាពការណ៍ថ្មីៗ ដែលកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង បានថ្លែងនូវការកោតសរសើរ ព្រម ទាំង អរគុណចំពោះកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលបានខិតខំបំពេញតួនាទីភារកិច្ចទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើបានប្រគល់ជូន ព្រមជាមួយនោះបានចូលរួមចំណែកយ៉ាងសកម្មក្នុងការទ្រទ្រង់វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបានជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតរបស់ប្រជាជននៅតាមមូលដ្ឋាននីមួយៗ ដែលខ្លួនទទួលខុសត្រូវក្នុងរយៈពេលកន្លងមកនេះ។

នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម  ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងមានជាអាទិ៍  ៖ទី១.យោធិនគ្រប់រូប ត្រូវគោរពតាមបទបញ្ជា ក្រមសីលធម៌ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ ។ ទី២. យោធិនគ្រប់រូបត្រូវតែស្មោះត្រង់ និងការពារឲ្យបានដាច់ខាត ចំពោះជាតិសាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត នឹងទី៣ ត្រូវត្រៀមខ្លួនព្រមទាំងមធ្យោបាយគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ការពារសន្តិសុខសុវត្ថិភាព ជូនគណបក្សនយោបាយនានា និងប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត នឹងត្រូវត្រៀមឯកសារគ្រប់គ្រាន់ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខានឡើយ៕ នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តតួនាទីភារកិច្ច ដែលមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ជូនឲ្យទទួលបានជោគជ័យ។