រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ ប្រាប់​កសិករ​ឱ្យ​សន្សំ​សំចៃ​​រក្សា​ទឹក​ទុក​ សម្រាប់​ប្រេីប្រាស់​ ព្រោះ​​កូន​រដូវ​ប្រាំង​ក្នុង​​ឆ្នាំ​នេះ​ អាច​អូស​បន្លាយ​ពេល​ពេល​យូរ​

0

កំពង់ចាម​:​ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ បាន​ថ្លែង​ប្រាប់​ បងប្អូន​ប្រជាកសិករ​ ​ឱ្យ​សន្សំ​សំចៃ​​រក្សា​ទឹក​ទុក​ សម្រាប់​ប្រេីប្រាស់​ពេល​អាកាសធាតុ​រាំងស្ងួត​ ​ក្នុង​កូន​រដូវ​ប្រាំង​ឆ្នាំ​នេះ​ ពោលគឺ​កុំ​ឱ្យ​មាន​ការ​បង្ហូរ​ទឹក​ចោល​ឱ្យ​សោះ​ ព្រោះ​កូន​រដូវ​ប្រាំង​ឆ្នាំ​នេះ​ អាចកើតឡើង នឹងអូសបន្លាយ​ពេល​យូរ​។ ការ​ថ្លែង​បែប​នេះក្នុងពិធីបើកការរដ្ឋាន​ស្ថាបនា​ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ៤ខ្សែ សរុប​ប្រវែង២២,៥៣គម ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកម្ពុជា នៅភូមិក្រដាស (ខ) ឃុំតាំងក្រសាំង ស្រុកបាធាយ​ ខេត្ត​កំពង់ចាម​ នាព្រឹកថ្ងៃទី​២០​ ខែមិថុនា​ ឆ្នាំ​២០២៣​ ។ 

ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ បានថ្លែងថា​ រាជរដ្ឋាភិបាល​តែងតែ​មាន​ការ​គិតគូរ​ ចង់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ ធ្វើ​ស្រែ​ទទួល​បាន​ផល​ច្រើន​ និង​មាន​តម្លៃ​ខ្ពស់​​ ប៉ុន្តែ​កសិផល​យេីង​មាន​តម្លៃ​ខ្ពស់​ពេក​ កូនចៅ​យេីង​ក៏​គ្មាន​អី​ហូប​ចុក​ដែរ​ ព្រោះ​អ្នក​ដែល​ធ្វើការ​រោងចក្រ​ ឬ​អ្នក​រៀនសូត្រ​នៅ​រាជធានី​ ​តែងតែ​ទិញ​ចំណីអាហារ​ពី​​​គេ​ហូប​ដូច​តែ​គ្នា​ហ្នឹង​ ​អញ្ចឹង​ហើយ​បាន​ជា​យេីង​រៀបចំ​ធ្វើ​គម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា​ ដេីម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ មាន​ការ​ចំណេញ​ តាម​រយៈ​ការធ្វើដំណើរ​បាន​ស្រួល​ ក៏ដូចជា​ការ​ផ្លាស់ប្តូរពាណិជ្ជកម្ម និង​ការ​ដឹកកសិផលទៅកាន់ទីផ្សារបស់ប្រជាកសិករ សំដៅជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន លើកកម្ពស់កម្រិតជីវភាពប្រជាជននៅតាមជនបទ ដើម្បីបង្ខិតជនបទ​ ឱ្យមានជីវភាពប្រហាក់ប្រហែលនឹងទីប្រជុំជនផងដែរ​។​ ​

ឯកឧត្ដម​ សាន​ វិសាល​ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និងជាប្រធានសម្របសម្រួលគម្រោងពិពិធកម្មវិស័យកសិកម្មកម្ពុជា​ បានថ្លែងថា​​ សម្តេចតេជោ​ ហ៊ុន​ សែន​ បាន​ណែនាំ​ដល់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ឱ្យ​អនុវត្ត​ការងារ​ជួសជុល​កែលំអ​ផ្លូវ​សរុប​ជាង​២២គីឡូម៉ែត្រ​​នេះ​ ឱ្យ​ធានា​បាន​គុណភាព​ល្អ​ ដេីម្បី​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ចរាចរ​ដោយ​ងាយស្រួល​ ដេីម្បី​ដឹកជញ្ជូន​​កសិផល​ទៅ​កាន់​ទីផ្សារ​ ហើយ​​ផ្លូវ​ទាំង​៤​ខ្សែ​ខាងលើ​នេះ​ដែរ​​ គឺ​ត្រូវ​ប្រេីប្រាស់​ថវិកា​អស់​​ប្រមាណ​ជាង​ ២លាន​ដុល្លារ​ និង​ប្រេីប្រាស់​​រយៈពេល​១៥ខែ​ ដេីម្បី​​ស្ថាបនា​ឱ្យ​បាន​រួចរាល់​ជាស្ថាពរ​ ព្រោះ​​នេះ​គឺ​ជា​កញ្ចប់​ទី​១​ នៃគម្រោង​ជួសជុល​កែលំអ​ ផ្លូវ​ចំនួន​ ​៤ខ្សែ​ សរុបប្រវង ២២,៥៣គ.ម ដែល​មាន​មូលដ្ឋាន​​ស្រុក​ចំនួន​ ៤ទទួល​ផល​ គឺ​មាន​​ស្រុក​​ស្ទឹងត្រង់​ ស្រុក​ជេីងព្រៃ​ ស្រុក​ព្រៃឈរ​ និង​ស្រុក​បាធាយ​ ។

ជាមួយគ្នានោះ​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានថ្លែងថា ដោយសារប្រទេសជាតិយើងមានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទើបមានការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ ជាក់ស្ដែងការស្ថាបនា​ពី​ផ្លូវ​ដី​ ទៅ​​ជាផ្លូវ​កៅស៊ូ​ខាងលើនេះ​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​ សម្រាប់​បម្រើឱ្យការធ្វើដំណើរ​ ហើយ​ឯកឧត្ដម​អភិបាលខេត្ត ក៏​បាន​អំពាវនាវ​ដល់​​ប្រជាពលរដ្ឋ​ទាំង​អស់​ សូម​ចូល​រួម​ការពារ​សុខសន្តិភាព​ ឱ្យបាន​នៅ​​គង់វង្ស​ ស្ថិតស្ថេរ​ជារៀង​ដរាប​ ដេីម្បី​បន្ត​ការ​អភិវឌ្ឍ​រីកចម្រើន​ទៅ​មុខ​ទៀត​ ជាពិសេស​​សូម​ដឹកនាំ​​បងប្អូន​កូនចៅ​ ​និង​ញាតិមិត្ត​ជិត​ខាង​ អញ្ជើញ​ទៅ​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣​ ​ឱ្យ​បាន​គ្រប់​ៗ​គ្នា​ ផងដែរ​ ៕