លោកជំទាវ ស្រូយ សុជាតិ ផ្សព្វផ្សាយដល់យុវជនពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន ដើម្បីសម្រេចគោលដៅក្នុងជីវិត

0

(កំពង់ធំ)÷នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣
លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជនហៅកាត់(ក.ជ.យ) ថ្លែងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីការប្រឹក្សាការងារ សេវាកម្មប្រឹក្សា និងព័ត៌មានសម្រាប់យុវជន ឱ្យមានជំនាញផ្នែកបច្ចេកទេស និងឌីជីថលជាជំនាញដែលត្រូវការចាំបាច់សម្រាប់បរិបទបច្ចុប្បន្ន ដោយសារពិភពលោកនាពេលនេះត្រូវបានឈានដល់យុគសម័យឧស្សាហកម្ម៤.០ ដែលធ្វើអ្វីៗស្ទើរគ្រប់យ៉ាង ត្រូវប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនប្រសិទ្ធភាពការងារ។

កម្មវីធីនេះមានការអញ្ជើញចូលរួមពី លោកស្រី ទេព ស៊ីណាត ប្រធានផ្នែកនិងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន លោក អ៉ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ គ្រូឧទ្ទេស និងលោកគ្រូអ្នកគ្រូ ព្រមទាំងសិស្សានុសិស្សប្រមាណជាង៣០០នាក់ ដែលអញ្ជើញមកពីវិទ្យាល័យស្ទឹងសែន វិទ្យាល័យហ៊ុនសែនបល្ល័ង្ក និងវិទ្យាល័យកំពង់ធំ។

លោក អ៉ឹម វ៉ាន់នី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំ បានរាយការណ៍ពីក្រុមប្រឹក្សាកុមារកម្ពុជា បានអនុវត្តចាប់ពីបឋមសិក្សាដល់មធ្យមសិក្សាបឋមភូមិ គិតពីថ្នាក់ទី៤ដល់ថ្នាក់ទី៩ ។ ការិយាល័យយុវជនបានធ្វើបច្ចុប្បន្នកម្មស្ថិតិក្រុមប្រឹក្សាកុមារកម្ពុជា មានក្នុងឆ្នាំសិក្សា២០២២-២០២៣. ក្រុមប្រឹក្សាកុមារកម្ពុជាមានចំនួន៥៤៨ មានសាខាចំនួន២.២៥១ មានអនុសាខាចំនួន១៣.៥០៦ និងសមាជិកសរុបចំនួន ៧៤.០៤០នាក់ ។

លោកជំទាវ ស្រូយ សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍន៍យុវជន បានថ្លែងថាយុវជនទទួលបានចំណេះជំនាញទាំងនេះ តាមរយៈការអប់រំក្នុងប្រព័ន្ធអប់រំចំណេះទូទៅការអប់រំបច្ចេកទេស និងការបណ្តុះបណ្តាលក្នុងពេលបំពេញការងារជាក់ស្ដែងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ដូចនេះយុវជនត្រូវចូលរួមសហការបង្កបរិយាកាសសមរម្យមួយ ដើម្បីជំរុញការ សិក្សា និងការបណ្តុះបណ្តាលដល់យុវជនសំដៅសម្រេចបានធនធានមនុស្ស ដែលជាគោលបំណងចម្បងនៃកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកជំទាវ ស្រូយ សុជាតិ សូមផ្ដាំផ្ញើដល់ប្អូនៗទាំងអស់ដែលជាសិស្សានុសិស្ស សូមយកចិត្តទុកដាក់ស្តាប់ និងកត់ត្រានូវព័ត៌មានសំខាន់ៗ ដែលវាគ្មិនបង្ហាញក្នុងសិក្ខាសាលានេះ ដែលសុទ្ធតែជាមេរៀន និងព័ត៌មានល្អៗសម្រាប់ជាជំនួយដល់ការសិក្សារបស់ប្អូនៗនាពេលបច្ចុប្បន្ន និងមានប្រយោជន៍សម្រាប់ប្អូនៗ ដែលនឹងបន្តការ សិក្សា ក៏ដូចជាជីវិតការងារ ជាបន្តបន្ទាប់ទៀតនាពេលអនាគត។