អភិបាលរងខេត្តកំពង់ធំ ប្រគល់ វិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ៤០៩ប័ណ្ណនិង អំពាវនាប្រជាពលរដ្ឋ ចូលរួមថែរក្សា កុំរុករានទន្ទ្រានព្រៃលិចទឹក

0

(កំពង់ធំ)÷ នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នំា ២០២៣ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តតំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់វិញ្ញបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធិផ្ទាល់ចំនួន ៤០៩ប័ណ្ណ នៅភូមិលៀប ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

ឯកឧត្តម ព្រឹម រដ្ឋា បានមានប្រសាសន៍គូសបញ្ជាក់ថា ក្នុងនាមជាម្ចាស់កម្មសិទ្ធិអចលនវត្ថុគ្រប់រូប បងប្អូន ប្រជាពលរដ្ឋជាម្ចាស់មានសិទ្ធិសំខាន់ៗចំនួន៣តាមផ្លូវច្បាប់គឺ÷ ១.សិទ្ធិកាន់កាប់ក្នុងនាមជាម្ចាស់កម្មសិទ្ធិស្របច្បាប់។  ២.សិទ្ធិអាស្រ័យផលដែលបងអាចប្រើប្រាស់តាមស្ថានភាពជាក់ស្តែង ដាក់បញ្ចាំឬលក់ដូរ។ ៣.សិទ្ធិចាត់ចែងឬធ្វើមរតកសាស្ត្រជូនកូន ចៅ ឬទាយាទបន្ត។

ឯកឧត្តមព្រឹម រដ្ឋា បានបន្តមានប្រសាសន៍ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ប័ណ្ណត្រូវថែរក្សាទុកដាក់ប័ណ្ណសម្គាល់អចលនវត្ថុនេះឲ្យបានត្រឹមត្រូវមានសុវត្ថិភាពក្នុងការប្រើប្រាស់ឬធ្វើតាមស្ថានភាពជាក់ស្ដែងនៅក្នុងផ្លូវច្បាប់ ។

ឆ្លៀតនៅក្នុងឱកាសនោះដែរឯកឧត្តមព្រឹម រដ្ឋា ក៏បានអំពាវនាវដោយទទូចដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន សូមជួយថែរក្សាព្រៃលិចទឹក ដើម្បីជាជម្រកមច្ឆជាតិសម្រាប់ជ្រកពង និងថែរក្សាធនធានជលផលផងដែរ។ សូមកុំរុករានទន្ទ្រានព្រៃលិចទឹក និងនេសាទខុសច្បាប់នៅក្នុងរដូវបិទនេសាទនេះ ទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញពាក់ព័ន្ធ ជាពិសេសអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ចុងក្រោយឯកឧត្តម ព្រឹម រដ្ឋា ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញត្រៀមលក្ខណៈនិងចេញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។