(ខេត្តឧត្ដរមានជ័យ) ៖ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ មានរៀបចំកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទឆ្នាំ២០២២ និងបណ្តាឆ្នាំពាក់ព័ន្ធនៅស្នងការដ្ឋាននគរបាលខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ប្រតិភូអមដំណើរ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត ។ ដោយមានការអញ្ជើញចូលរួមពី លោក ស្នងការរង អនុប្រធានផែន នាយ ការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ អធិការនគរបាលក្រុង/ស្រុកទាំង៥ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ២៤ប៉ុស្តិ៍ សរុបចំនួន ៨១នាក់ ស្រី០២នាក់ ។
ជាកិច្ចចាប់ផ្តើមនៃកម្មវិធី លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានឡើងអាននូវរបាយការណ៍ស្វាគមន៍គណៈអធិបតីក្នុងការចុះធ្វើសវនកម្មផ្ទៃក្នុងនាពេលនេះ និងបានផ្តាំផ្ញើរដល់នាយការិយាល័យ អធិការតាមបណ្តាក្រុងស្រុក និងមេបញ្ជាការវរព្រំដែនគោកពាក់ព័ន្ធទាំងអស់ត្រូវមានការសហការឲ្យបានជិតស្និត ក្នុងការត្រួតពិនិត្យអំពីចំនុចខ្លាំងនិងចំនុចខ្វះខាតរបស់កងកម្លាំងនគរបាលខេត្តពេលចុះបំពេញភារកិច្ចកន្លងមក ដើម្បីកែលំអរអោយទាន់ពេលវេលានិងមានប្រសិទ្ធិភាពខ្ពស់
ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ឡុង អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ បានប្រកាសបើកការចុះធ្វើសវនកម្មផ្ទៃក្នុងនាពេលរសៀលនេះតទៅ។ ដោយបែងចែកជាពីរក្រុមក្នុងការចុះត្រួតពិនិត្យតាមបណ្តាការិយាល័យទាំង៣១ក្នុងស្នងការដ្ឋាននគរបាលខេត្ត រួចបន្តចុះទៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង០៥ និងដល់វរការពារព្រំដែនគោកទាំង២៕ដោយ៖ភ្នំដងរែ