លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ប្រកាសបិទវគ្គបណ្តុះបណ្តាលបំប៉នជំនាញ រយៈពេលខ្លី ស្តីពីតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល

0

(កំពង់ធំ)÷ រសៀលថ្ងៃទី២២ ខែ មិថុនា ឆ្នាំ២០២៣លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទវគ្គបណ្តុះបណ្តាល បំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទី ភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ដល់មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានថ្លែងថា អនុវត្តតាមបទបញ្ជា របស់ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ តម្រូវឲ្យតាមបណ្តាស្នងការដ្ឋាននគរបាលខេត្តរាជធានី-ខេត្ត បើកវគ្គបណ្តុះបណ្តាល បំប៉នជំនាញរយៈពេលខ្លី ដល់មន្ត្រីនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលពុំទាន់ឆ្លងវគ្គ។បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះចប់ទៅ នឹងមានវគ្គបំប៉នជំនាញ ដល់មន្ត្រីនគរបាលការិយាល័យជំនាញ និងកម្លាំងនគរបាលក្រុង-ស្រុក បន្តទៀត ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ ស្នងការ ថ្លែងអំណរគុណ ដល់ក្រុមគ្រូបង្គោល ដែលចំណាយពេលវេលា ដ៏មានតម្លៃ ចូលរួមបង្ហាត់បង្រៀន ចែករំលែកចំណេះដឹង បទពិសោធន៍ វិធានការជំនាញរបស់កងកម្លាំងនគរបាលជាតិ ដល់សិក្ខាកាម ដើម្បីចូលរួមជ្រុំជ្រែងបណ្តុះបណ្តាលលើវិស័យធនធានមនុស្ស និងកោតសរសើរចំពោះសិក្ខាកាម ដែលបានយកចិត្តទុកដាក់ សិក្សារៀនសូត្រស្វែងយល់អំពីជំនាញនីមួយៗ ពីគ្រូឧទ្ទេស រហូតសម្រេចបានលទ្ធផលជោគជ័យ គួរជាទីមោទនៈ។បន្ទាប់ឆ្លងវគ្គបណ្តុះបណ្តាលរួចមកលោកស្នងការ សង្ឃឹមជឿជាក់ថា នៅពេលដែលលោក លោកស្រី វិលត្រឡប់ទៅបំពេញអង្គភាពវិញ ខិតខំប្រឹងប្រែងយកចេះដឹងអនុវត្ត តួនាទី ភារកិច្ចជាប្រចាំថ្ងៃ សម្រេចបានផ្លែផ្កា ស្របតាមផែនការ ថ្នាក់ដឹកនាំប្រគល់ជូន។

លោកស្នងការខេត្តកំពង់ធំ បានក្រើនរំលឹកដាស់តឿន ដល់ថ្នាក់ដឹកនាំតាមបណ្ដាអធិការដ្ឋាននគរបាលទាំង០៩ក្រុង-ស្រុក ត្រូវបន្តយកចិត្តទុកដាក់លើការងារមួយចំនួន÷ ១.ការគ្រប់គ្រង បញ្ជា ដឹកនាំកម្លាំងបំពេញភារកិច្ចជំនាញ ដោយទទួលខុសត្រូវខ្ពស់។ ២.ការងារប្រចាំបញ្ជា ល្បាត ពួនស្នាក់។ ៣.គ្រប់គ្រងមុខសញ្ញាល្មើសនៅក្នុងមូលដ្ឋានពាក់ព័ន្ធករណី លួច ឆក់ ក្មេងទំនើង ល្បែងស៊ីសង ជួញដូរប្រើប្រាស់គ្រឿងញៀន។ ៤.ការងារអត្តសញ្ញាណកម្ម។៥.ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក សំដៅធ្វើយ៉ាងណា រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជាពិសេស ក្នុងដំណាក់កាលឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ថ្ងៃទី២៣ ខែមិថុនាឆ្នាំ២០២៣ នាពេលខាងមុខ ។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត បានផ្ដាំផ្ញើដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវកែប្រែឥរិយាបថ គោរពវិន័យ សីលធម៌ សុជីវធម៌ សាមគ្គីភាព ឯកភាពផ្ទៃក្នុង កិច្ចសហការល្អ បន្តធ្វើអំពីល្អ ជាមួយប្រជាពលរដ្ឋ ជួយដោះស្រាយបញ្ហាប្រឈម ទុក្ខលំបាក របស់ពួកគាត់ ដោយតម្លាភាព និងយុត្តិធម៌ ស្របតាមគោលនយោបាយ របស់ថ្នាក់ដឹកនាំ។

សូមបញ្ជាក់ដែរថា វគ្គបណ្តុះបណ្តាលបំប៉នជំនាញមាន រយៈពេល១០ថ្ងៃ ចាប់ផ្ដើមពីថ្ងៃទី១២ ដល់ថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៣ គ្រូឧទ្ទេសនាមចំនួន១១នាក់ មេរៀនចំនួន១០ជំនាញ សិក្ខាកាមចំនួន១១៣នាក់ ស្រី៣១ នាក់