ដោយ អ៊ុក ផ្លុង
សៀមរាប÷ ប្រជាពលរដ្ឋ នៅឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប កំពុងតែមានការព្រួយបារម្ភ យ៉ាងខ្លាំងពីអនាគតកូនរុក្ខជាតិចម្រុះទើបតែដុះថ្មី និងព្រៃឈើដុះលើដីរដ្ឋសេសសល់នៅចំណុច ត្រពាំងក្តៀង ភូមិរូងថ្មី ឃុំ ស្រុក ខេត្ត ខាងលើ។ ក្រោយពីដីព្រៃចំណុចនេះមានត្រាក់ទ័រចូលឈូសឆាយក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋចោទប្រកាន់ថាលោក គង់ វុន ប្រធានអគ្គិសនីស្រុកជីក្រែងជាអ្នកបំពាននៅលើដីព្រៃចំណុចនេះ។ ប៉ុន្តែត្រាក់ទ័រ ដែលបានធ្វើសកម្មភាព ត្រូវបានប្រជាពលរដ្ឋរាយការណ៍ ទៅជុំនាញរដ្ឋបាលព្រៃឈើទើប មន្ត្រីជំនាញដែលដឹកនាំកម្លាំងដោយលោក វង្ស សាំងសំរិត ហៅ ហុងដា នាយសង្កាត់ រដ្ឋបាលព្រៃឈើ កំពង់ក្តី ចុះទៅរឹបអូសត្រាក់ទ័រ យក មករក្សាទុកនៅស្នាក់ការរដ្ឋបាលព្រៃឈើសាលា នេះគឺជាសម្ដីរបស់<< ប្រជាពលរដ្ឋ>>ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថាពេលនេះត្រាក់ទ័របាត់ពីស្នាក់ការសាលាហើយ ពួកគាត់សង្ស័យថាគេបានសម្របសម្រួលត្រូវរ៉ូវគ្នាហើយមើលទៅ។ ពួកគាត់បានបន្តទៀតថាមិនថាត្រាក់ទ័រ ឬ អេស្កានោះទេនៅពេលដែលធ្វើសកម្មភាពឈូសឆាយគាស់រំលើង ដីព្រៃឈើខុសច្បាប់ប្រសិនបើមានប្រជាពលរដ្ឋ រាយការណ៍ទៅមន្ត្រីជំនាញ កិច្ចអន្តរាគមន៍ពិតជាមាន ប៉ុន្តែក្រោយមកក៏មានការដោះស្រាយបន្ទាប់ពីដោះស្រាយរួចដីព្រៃចំណុចនោះច្បាស់ជាខ្ទេចខ្ទីគ្មានសល់ជឿជាក់ជាមិនខាន។ សូមបញ្ជាក់ថាករណីនេះអង្កភាពសារព័ត៌មានយើងធ្លាប់ចុះផ្សាយម្ដងហើយកាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ដោយរង់ចាំការបកស្រាយពីលោក គង វុន រាល់ការចោទប្រកាន់របស់ប្រជាពលរដ្ឋ លើរូបលោកប៉ុន្តែរហូតដល់ថ្ងៃនេះលោកគង់ វុន ពុំមានការធ្វើការទំនាក់ទំនងមកអង្កភាពយើងខ្ញុំដើម្បីស្រាយបំភ្លឺនៅឡើយទេ។ ទន្ទឹមនឹងនោះដែរ អ្នកសារព័ត៌មានក៏ធ្លាប់បានសួរលោក វង្ស សាំងសំរិត នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្តី អំពីឈ្មោះម្ចាស់ត្រាក់ទ័រ និងឈ្មោះអ្នកបំពានដីរដ្ឋដែរ ប៉ុន្តែ លោកឆ្លើយថា មិនស្គាល់ទេព្រោះពេលលោកទៅដល់កន្លែងកើតហេតុឃើញតែត្រាក់ទ័រ មិនបានឃើញម្ចាស់នោះទេ។ ម្តងនេះទៀតប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានអោយសួររកឈ្មោះម្ចាស់ត្រាក់ទ័រ និងគោលការណ៍យ៉ាងណាតទៅអនាគតចំពោះដីព្រៃនៅចំណុចត្រពាំងក្ដៀងនេះក្រោយពីពួកគាត់អះអាងថាបាត់ត្រាក់ទ័រពីស្នាក់ការដែលបានយកទៅរក្សាទុក។ អ្នកសារព័ត៌មានបានផ្ញើរសំណួរតាមប្រព័ន្ធ Telegram ម្ដងហើយម្ដងទៀត ទៅលោក វង្ស សាំងសំរិត លោកចូលមើលហើយតែពុំព្រមឆ្លើយតប។ លោក ឈុត សារិន មេភូមិ រូងថ្មី ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំល្វែងឫស្សីបានប្រាប់អ្នកសារព័ត៌មានថាពួកគាត់ពិតជាមានការត្រេកអរណាស់ប្រសិនបើឈើព្រៃដុះលើដីរដ្ឋនៅតំបន់នេះគ្មានការគំរាមកំហែងឈូសឆាយគាស់កាយរំលើងបន្តថែមទៀតព្រៃនេះផ្តល់ផលប្រយោជន៍ជាច្រើនចំពោះប្រជាពលរដ្ឋ និងជីវចម្រុះ។
-ប្រជាពលរដ្ឋ មានកន្លែងខ្វាលគោ ក្របី-ជីវចម្រុះ សត្វគ្រប់ប្រភេទអាចមានជម្រក
ប៉ុន្តែ ពួកគាត់ពិតជាមានការព្រួយបារម្ភចំពោះអនាគតដីព្រៃនៅតំបន់នេះព្រោះប្រសាសន៍របស់ សម្តេច អគ្គ មហា សេនា បតី តេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល កម្ពុជា ថាអ្វីមិនដែលចេះខុសម្តងណាឡើយ។ លោកមានប្រសាសន៍ថាពួកឪកាសនិយម កន្ទេលធំបន្លំដេកជាពិសេសដីព្រៃរបស់រដ្ឋត្រូវបានបំផ្លិចបំផ្លាញនៅពេលជិតបោះឆ្នោតម្ដងៗ ដោយសារមន្ត្រីពុករលួយ ឃុបឃិតគ្នា ជាមួយ ជនខិលខូចដែលមានប្រាក់ រួមគំនិតគ្នាជាប្រព័ន្ធ ដើម្បីបំផ្លិចបំផ្លាញ ធនធានធម្មជាតិ ដែលជាសម្បត្តិរបស់រដ្ឋ មកបំពេញមហិច្ឆតាផលប្រយោជន៍របស់ខ្លួន។
យោងតាមហេតុផលខាងលើនេះ ប្រជាពលរដ្ឋបានសូមណូមពរដល់ ឯកឧត្តម ទា សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ហើយក៏ជាប្រធានគណៈបញ្ជាការ ឯកភាពខេត្តសៀមរាប មេត្តាចង្អុរបង្ហាញ លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប និងលោក ស៊ុន គង់ ប្រធានមន្ទីបរិស្ថាន ខេត្តសៀមរាប មេត្តាអនុវត្តតាមបទបញ្ជារបស់សម្តេច តេជោ ហ៊ុន សែន ដែលលោកកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីធនធានធម្មជាតិជាពិសេសព្រៃឈើរបស់រដ្ឋ ដែលពួកឪកាសនិយមរមែងតែងតែឆ្លៀតឱកាសក្នុងពេលជិតបោះឆ្នោតម្ដងៗនេះឯង។ ទោះបីជាយ៉ាងណាក៏ដោយអង្កភាព យើងខ្ញុំនៅតែរង់ចាំការបកស្រាយរបស់លោក គង់ វុន ប្រធានអគ្គិសនីស្រុកជីក្រែង លើការចោទប្រកាន់ចំពោះរូបលោក ពីសំណាក់ប្រជាពលរដ្ឋព្រោះអ្នកសារព័ត៌មានគ្មានលេខទូរស័ព្ទរបស់លោក គង់ វុនដើម្បីធ្វើការទំនាក់ទំនងអោយបកស្រាយ ព្រមទាំងអង្កភាព ការិយាល័យ មន្ទីរពាក់ព័ន្ធនានា យើងខ្ញុំរងចាំការផ្ដល់មតិយោបល់របស់អស់លោក រៀងរាល់ម៉ោងធ្វើការពេលក្រោយ៕