ផ្លូវក្រាលកៅស៊ូ១ខ្សែប្រវែង២២.៤០០ម៉ែត្រ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកការដ្ឋានស្ថាបនា និងកែសម្រួលផ្ទៃដីចេញពីតំបន់៣ បញ្ចូលមកតំបន់២

0

(កំពង់ធំ)÷ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយអនុក្រឹត្យលេខ២៨ អនក្រ.បក ស្តីពីការកែសម្រួលផ្ទៃដីចេញពីតំបន់៣ បញ្ចូលមកតំបន់២ និងប្រកាសបើកការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូ១ខ្សែប្រវែង២២.៤០០ម៉ែត្រ ដើម្បីងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាព ស្ថិតក្នុងភូមិសាស្ត្រឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោកលើកឡើងពីក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិទាំងមូលទទួលបាននូវសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍលើគ្រប់វិស័យ។ ដោយមានការចង្អុលបង្ហាញណែនាំរបស់ឯកឧត្តមបណ្ឌិត ថោង ខុន និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ជានិច្ចកាលឯកឧត្តមតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ ដោយរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ គាំទ្រនិងលើកកម្ពស់សកម្មភាពការងារមនុស្សធម៌ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដោះស្រាយនូវទុក្ខលំបាក សំណូមពរផ្សេងៗរបស់មូលដ្ឋាន ធ្វើឱ្យស្រុកមានការអភិវឌ្ឍលើគ្រប់វិស័យដូចជា សាលារៀន មណ្ឌលសុខភាព ផ្លូវធ្វើដំណើរ វត្តអារាម ប្រឡាយទឹក និងសមិទ្ធផលគមនាគមន៍ផ្សេងទៀត។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ថា ផ្លូវកៅស៊ូ១ខ្សែប្រវែង២២.៤០០ម៉ែត្រ ដែលនឹងត្រូវបើកការដ្ឋានសាងសង់នាពេលនេះ គឺជាសមិទ្ធផលមួយផ្សេងទៀត ដែលកើតចេញពីម្លប់នៃសន្តិភាព ផ្លូវ១ខ្សែនេះ នឹងជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ពិតណាស់ផ្លូវនេះនឹងផ្ដល់នូវ ភាពងាយស្រួលដល់សិស្សានុសិស្សទៅសាលារៀន ជាពិសេសទៀតនោះគឺការប្រកៀកមណ្ឌលសុខភាព និងមន្ទីរពេទ្យឱ្យមកកាន់តែក្បែរប្រជាពលរដ្ឋក្នុងការព្យាបាលជំងឺ។ ម្យ៉ាងវិញទៀត ជួយជំរុញការដឹកជញ្ជូនកសិផលផ្សេងៗ ទៅកាន់ទីផ្សារបានកាន់តែឆាប់រហ័ស និងងាយស្រួលជាងមុន ព្រមទាំងមានសុវត្ថិភាពក្នុងការធ្វើដំណើរដល់បងប្អូនប្រជាពលរដ្ឋ។ នៅស្រុកតាំងគោក រដ្ឋបាលខេត្តបានស្នើសុំកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋប្រើប្រាស់ និងអាស្រ័យផលក្នុងតំបន់ការពារទេសភាពទំនាបខាងជើងបឹងទន្លេសាប ឱ្យបងប្អូនប្រជាពលរដ្ឋសម្រាប់ធ្វើស្រែ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នេះជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយនៅក្នុងមូលដ្ឋានស្រុកតាំងគោក ពិសេសសម្រាប់ប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរទៅរវាងផ្លូវជាតិលេខ៦ ទៅកាន់តំបន់វាលក្រាម ទៅកាន់ស្រែចម្ការ និងសម្រាប់អ្នកភូមិគោកត្របែក ដែលនឹងមានផ្លូវក្រាលកៅស៊ូដ៏រឹងមាំសម្រួលដល់ការធ្វើដំណើរ។ សមិទ្ធផលទាំងនេះកើតចេញពីកិច្ចខិតខំរបស់ រាជរដ្ឋាភិបាលដែលដឹកនាំសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែគិតគូរយ៉ាងយកចិត្តទុកដាក់ចំពោះសុខទុក្ខជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានណែនាំក្រុមហ៊ុនសាងសង់អនុវត្តឱ្យបានត្រឹមត្រូវតាមកិច្ចសន្យារបស់ខ្លួន និងធានាលក្ខណៈបច្ចេកទេស ស្ដង់ដា និងគុណភាពផ្លូវក្រាលកៅស៊ូ ដើម្បីធានាគុណភាពផ្លូវ និងប្រើប្រាស់ឱ្យបានយូរអង្វែង។ នៅពេលផ្លូវស្ថាបនារួចរាល់និងដាក់ឱ្យប្រើប្រាស់ សូមប្រជាពលរដ្ឋចូលរួមថែរក្សា និងការពារផ្លូវនេះឱ្យនៅគង់វង្សបានយូរ ពិសេសសូមឱ្យអ្នកបើកបររថយន្តធុនធំ រថយន្តដឹកទំនិញ កុំដឹកលើសទម្ងន់កំណត់ និងបើកបរប្រកបដោយសុវត្ថិភាព។ ការស្ដាបនាផ្លូវក្រាលកៅស៊ូនេះ ពិតជាមានសារសំខាន់ និងផ្ដល់ប្រយោជន៍ដល់ការភ្ជាប់ទំនាក់ទំនង ពាណិជ្ជកម្ម ការដឹកជញ្ជូន និងការរកស៉ីរវាងប្រជាពលរដ្ឋនៃស្រុកតាំងគោក ខេត្តកំពង់ធំ និងស្រុកបាធាយ ខេត្តកំពង់ចាម ចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕