សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញកាត់ឬសសីម៉ា និងកាត់ខ្សែបូរសម្ពោធឆ្លងព្រះវិហារថ្មីនៃវត្តតាយ៉ែកឯករងី្ស

0

សៀមរាប: ព្រះវិហារនៃវត្តតាយ៉ែកឯករង្សីស្ថិតក្នុងភូមិតាយ៉ែកឃុំតាយ៉ែកស្រុកសូទ្រនិគមខេត្តសៀមរាប បានសាងសង់ថ្មី សរុបការចំណាយថវិកាអស់ជិត៣៤ម៉ឺនដុល្លារអាមេរិក ក្រោមការដឹកនាំសម្របសម្រួលរបស់ព្រះចៅអធិការវត្ត អាជ្ញាធរមូលដ្ឋាន និងបានការរួមចំណែកសទ្ឋាជ្រះថ្លាពីព្រះសង្ឃ ប្រជាពុទ្ឋបរិស័ទនិងសប្បុរសជនជិតឆ្ងាយផងដែរ ។ ព្រះវិហារថ្មីនេះ មានបណ្តោយ២៥មនិងទទឹង១៥ម ក្រោយពីសាងសង់រួចរាល់ សមិទ្ឋផលថ្មីនេះត្រូវបានកាត់ខ្សែបូរ បញ្ចុះខ័ណសីម៉ា នៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណៈបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តសៀមរាប ព្រមទាំងវត្តមាន អ្នកមុខអ្នកការ ឯកឧត្តម លោកជំទាវ សមាជិកសមាជិកាក្រុមការងារចុះជួយមូលដ្ឋានខេត្តសៀមរាប និងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាព្រឹទ្ឋសភា រដ្ឋសភា ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សហភាពសហព័ន្ធយុវជនខេត្ត ប្រជាពលរដ្ឋ សិស្សានុសិស្ស និង សប្បុរសជនចូលរួមយ៉ាងច្រើនកុះករ ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងបានកោតសរសើចំពោះព្រះគ្រូចៅអធិការ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត ដែលបានរួមគ្នាកសាងលេចចេញជាសមិទ្ឋផលនិងហេដ្ឋារចនាសម្ព័ន្ឋចាំបាច់របស់វត្ត សម្រាប់បម្រើនិងលើកស្ទួយវិស័យព្រះពុទ្ឋសាសនាឲ្យកាន់តែរីកចម្រើននិងស្ថិតស្ថេរគង់វង្សបន្ថែមទៀត ហើយសមិទ្ឋិផលទាំងនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទាំងពុទ្ឋចក្រនិងអាណាចក្រ ។ សម្តេចបាមគូសបញ្ជាក់ថា ទីវត្តអារាុមជាជង្រុកនៃអក្សរសាស្ត្រជាតិ និង ជាថ្នាលបណ្តុះបណ្តាលធន ធានមនុស្ស និង បានបង្កើតធ្លុងសាមគ្គីក្នុងជួរព្រះសង្ឃ ពុទ្ឋសាសនិក សម្រាប់ប្រមូលផ្តុំគំនិត និងបញ្ញាញាណដ៏ទូលំទូលាយ រិះរកវិធានការសមស្រប រួមចំណែកលុបបំបាត់ កាត់បន្ថយ នូវអំពើអកុសលនិងអំពើហិង្សាទាំងឡាយនៅក្នុងសង្គម ឈោងចាប់យកសុខសន្តិភាពដ៏ពេញលេញ សុខុមាលភាព ទាំងផ្លូវកាយនិងផ្លូវចិត្ត ។ សម្តេចពិជ័យសេនា ទៀ បាញ់ មានបន្តទៀតថា សមិទ្ឋផលនេះដែរ មិនអាចផ្តាច់បានពីការខិតខំប្រឹងប្រែងចូលរួមពីក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន អាជ្ញាធរមូលដ្ឋាន បងប្អូនសប្បុរសជននិងជនរួមជាតិទាំងអស់ ដែលបានរួមសាមគ្គីគ្នាបរិច្ចាគនូវធនធាន ដើម្បីកសាងនូវសមិទ្ឋផលមួយនេះឡើង ។ សម្តេចក៏បានរម្លឹកពីសមិទ្ឋិផលធំៗជាប្រវត្តិសាស្ត្ររបស់កម្ពុជាដែលសម្រេចបានក្នុងរយៈពេល៤៤ឆ្នាំកន្លងមកនេះ ជាពិសេសផ្តើមចេញពីសមិទ្ឋផលជ័យជម្នះ៧មករា១៩៧៩ ដែលបានចរិកជាប់នៅក្នុងមនសិការរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប ។ បន្ថែមពីនេះ តាមរយៈគោលនយោបាយឈ្នះ ឈ្នះ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាននាំមកនូវការបង្រួបបង្រួមជាតិផ្សះផ្សារជាតិ និងបាននាំមកនូវសុខសន្តិភាពពេញលេញ រស់នៅក្រោមដំបូលសន្តិភាពតែមួយ រួមគ្នាអភិវឌ្ឍប្រទេសជាតិ ឲ្យរីចម្រើនលើគ្រប់វិស័យ ។ ក្នុងនោះរាជរដ្ឋាភិបាលក៏បានខិតខំប្រឹងប្រែងអភិវឌ្ឍវិស័យព្រះពុទ្ឋសាសនា ដើម្បីជាប្រយោជន៍ ក្នុងការរួមចំណែកពង្រឹងសាមគ្គីភាព ការលើកកម្ពស់វប្បធម៌នៃការយោគយល់គ្នាចំណោមពុទ្ឋសាសនិក ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ននិងទៅអនាគត ។ រាជរដ្ឋាភិបាលបានជម្រុញដល់ប្រជាជនគ្រប់រូបឲ្យគោរពសេរីភាពខាងជំនឿ លើកស្ទួយព្រះពុទ្ឋសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាផ្សេងៗទៀត ដែលមាននៅក្នុងប្រទេសកម្ពុជា។ សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ព្រះវិហារថ្មីដែលបានកាត់ខ្សែបូរសម្ពោធនាពេលនេះគឺជាសមិទ្ឋិផលថ្មីមួយបន្ថែមទៀត ដែលរាជរដ្ឋាភិបាលបន្តធ្វើការអភិវឌ្ឍឲ្យមានភាពថ្កុំថ្កើងនិងផ្សព្វផ្សាយបង្កើនការយល់ដឹងជូនប្រជាពលរដ្ឋ ពិសេសស្រទាប់យុវវ័យពីតម្លៃវប្បធម៌ សិល្បៈ ប្រពៃណី ទំនៀមទំលាប់ខ្មែរ សំដៅលើកតម្កើងព្រះពុទ្ឋសាសនាដូចមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាតិ សាសនា និងព្រះមហាក្សត្រ ។ សម្តេចក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នា ការពារសន្តិភាពមិនត្រូវឲ្យសន្តិភាពនេះ ត្រូវបានបំផ្លាញដោយជនណាម្នាក់ ឬបក្សនយោបាយណាមួយនោះទេ ទោះជាអស់តម្លៃណាក៏ដោយ និងចូលរួមថែរក្សាការពារនូវរាល់សមិទ្ឋផលទាំងឡាយរបស់ជាតិ ធ្វើយ៉ាងណាឲ្យសមិទ្ឋិផលដែលយើងសម្រេចបាន ដោយឆ្លងកាត់ការលំបាកនិងឧបសគ្គគ្រប់បែបយ៉ាងទម្រាំបានដូចសព្វថ្ងៃនេះ ឲ្យបានស្ថិតនៅគង់វង្សជាអមតៈ ជាពិសេសសមិទ្ឋិផលនៃជ័យជម្នះ៧មករា ដែលជាបុព្វបទនៃការនាំមកនូវសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនរបស់ជាតិយើងជាលំដាប់តរៀងមក ។សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតគ្រប់រូប សូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី៧នៃរដ្ឋសភានៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដោយត្រូវចូលរួមគោរពអនុវត្តឲ្យបានត្រឹមត្រូវនូវផ្លូវច្បាប់ បទបញ្ជា និតិវិធីនៃការបោះឆ្នោត សំដៅរួមគ្នាឲ្យការបោះឆ្នោតប្រព្រឹត្តិទៅដោយលក្ខណៈសេរី ត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីបន្តជម្រុញនិងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនថែមទៀត ៕