មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បំពាក់ឋានន្តរសក្តិដល់នាយទាហាន ១៧រូប ដែលមានស្នាដៃក្នុងកិច្ចការពារជាតិ

0

ខេត្តស្ទឹងត្រែង៖ នាយទាហាន ១៧រូប ដែលមានស្នាដៃក្នុងកិច្ចការពារជាតិ ទទួលបានការតម្លើង និងបំពាក់ឋានន្តរសក្តិ ពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកវរសេនីយ៍ឯក តន ឆៃ ក្រោមការផ្តល់ទំនុកចិត្តពី មេបញ្ជាការយោធភូមិភាគទី១, មេបញ្ជាការកងទ័ពជើងគោក និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ។

ពិធីតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិ ដល់នាយទាហានទាំង ១៧រូប ក្នុងនោះ ថ្នាក់អនុសេនីយ៍ឯក ១០រូប ថ្នាក់អនុសេនីយ៍ទោ ៣រូប ថ្នាក់អនុសេនីយ៍ត្រី ១រូប និងថ្នាក់នាយចំណង់ ៣រូប បានធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង លោកវរសេនីយ៍ឯក តន ឆៃ បានថ្លែងថា លោកសូមគោរពថ្លែងអំណរគុណ ចំពោះមេបញ្ជាការយោធភូមិភាគទី១ លោកឧត្តមសេនីយ៍ឯក ហួត ឈាង ,មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលមានទំនុកចិត្តផ្ដល់នូវឋានន្តរសក្តិ ចំពោះយោធិនថ្នាក់នាយទាហាន របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង នៃយោធភូមិភាគទី១ នៅពេលនេះ ។

លោកវរសេនីយ៍ឯក តន ឆៃ បានថ្លែង ក្រើនរំលឹកដល់យោធិនទាំអស់ ត្រូវខិតខំបំពេញភារកិច្ច ដែលថ្នាក់លើប្រគល់ជូន ឲ្យទទួលបានជោគជ័យ ដើម្បីទទួលបាននូវការតម្លើងឋានន្តរសក្តិថ្មីៗបន្ថែមទៀត តាមពេលវេលាកំណត់នៃលក្ខន្តិកៈ របស់ កងយោធពលខេមរភូមិន្ទ។

លោកវរសេនីយ៍ឯក តន ឆៃ បានដាក់ចេញ នូវបទបញ្ជាដល់យោធិនទាំងអស់ ត្រូវស្មោះត្រង់ដាច់ខាត ចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ព្រមជាមួយនោះ ត្រូវការពារឱ្យបានដាច់ខាត រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលកើតចេញពីការបោះឆ្នោត និងគោរពយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ថ្នាក់លើ តាមឋានានុក្រមកងទ័ពឲ្យមានប្រសិទ្ធភាព។

លោកវរសេនីយ៍ឯក តន ឆៃ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានអំពាវនាវឲ្យយោធិនគ្រប់រូប និងក្រុមគ្រួសារ ត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភាជាតិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ។

ស្របពេលជាមួយគ្នានោះ នាយទាហានទាំងអស់ ដែលទើបបានទទួលសេចក្តីសម្រចតែងតាំងមុខងារ និងបំពាក់ឋានន្តរសក្តិថ្មីនៅពេលនេះ ព្រមទាំងយោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង បានប្រកាសគាំទ្រយ៉ាងពេញទំហឹង នូវបេក្ខភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជា នៅអាណត្តិទី៧ ខាងមុខនេះជាបន្តទៀត និងប្រកាសគាំទ្រយ៉ាងឱឡារិក នូវបេក្ខភាពបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅពេលអនាគត៕ដោយ៖ឡុង សំបូរ