ក្រុមការងារចុះជួយស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា ជាង ៩០០នាក់ ដង្ហែយុទ្ធនាការឃោសនារកសម្លេងបោះឆ្នោតនៅថ្ងៃដំបូង

0

ខេត្តស្ទឹងត្រែង៖ យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងរំលឹកខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា របស់គណបក្សប្រជាជនកម្ពុជា ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលដឹកនាំដោយ លោក តន ឆៃ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសៀមបូក និងជាប្រធានក្រុមការងារ ចុះជួយឃុំស្រែក្រសាំង នាថ្ងៃទី១កក្កដា២០២៣ ដែលជាថ្ងៃដំបូងនៃយុទ្ធនាការឃោសនា មានសមាជិក សមាជិកាបក្សចូលរួម ៩៤៩នាក់ នៅទូទាំងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។

ពិធីបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោត ដែលបានធ្វើឡើងនៅថ្ងៃដំបូង របស់គណបក្សប្រជាជនកម្ពុជា ស្រុកសៀមបូក បានធ្វើឡើងក្រោមអធិបតីភាព លោក តន ឆៃ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសៀមបូក និងជាប្រធានក្រុមការងារ ចុះជួយឃុំស្រែក្រសាំង ដែលមានការចូលរួមពី លោក ទៀម អិត ប្រធានគណៈកម្មាធិការគណបក្សឃុំស្រែក្រសាំង និងថ្នាក់ដឹកនាំបក្សនៅក្នុងមូលដ្ឋាននោះ ផងដែរ។

មុនបើកយុទ្ធនាការដង្ហែក្បួនឃោសនារកសម្លេងឆ្នោត នៅក្នុងឃុំស្រែក្រសាំង លោក តន ឆៃ និងក្រុមការងារបក្ស បានដឹកនាំសមាជិក សមាជិកាបក្ស ទាំង៩៤៩នាក់ ស្តាប់សារដ៏មានអត្ថន័យ និងខ្លឹមសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

នៅក្នុងឱកាសនោះ អនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកសៀមបូក លោក តន ឆៃ បានថ្លែង ប្រាប់សមាជិក សមាជិកាបក្សទាំងអស់ នៅទូទាំងស្រុកសៀមបូក ឲ្យត្រូវត្រៀមខ្លួន និងត្រៀមឯកសារ ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃអាទិត្យទី២៣ ខែកក្កដាឆ្នាំ២០២៣ខាងមុខ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍតទៅមុខទៀត។

គួរបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ខេត្តស្ទឹងត្រែង មានគណបក្សនយោបាយចូលរួមបោះឆ្នោតចំនួន ១០គណបក្ស គឺ គណបក្សខ្មែរតែមួយ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សហ្វុនស៊ិនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យ និងគណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃទី១ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនារកសម្លេងបោះឆ្នោត សម្រាប់ខេត្តស្ទឹងត្រែង មានតែ គណបក្សប្រជាជនកម្ពុជា ១ប៉ុណ្ណោះ រីឯគណបក្សចំនួន ៩ទៀត អាចនឹងបើកយុទ្ធនាការឃោសនា នៅថ្ងៃបន្តបន្ទាប់ខាងមុខនេះ។

យុទ្ធនាការឃោសនារកសម្លេងរបស់ គណបក្សនយោបាយនានា នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី១កក្កដា២០២៣ នឹត្រូវបិទបញ្ចប់នៅថ្ងៃទី២១កក្កដា២០២៣ នៅថ្ងៃទី២២កក្កដា២០២៣ ជាថ្ងៃស្ងប់ស្ងាត់ (គ្មានសកម្មភាព) និងនៅថ្ងៃទី២៣កក្កដា២០២៣ គឺជាថ្ងៃបោះឆ្នោតសកល៕ដោយ៖ឡុង សំបូរ