អភិបាលខេត្តកំពង់ចាម អះអាងថា ចាប់ពីពេលនេះតទៅ គឺគ្មានផ្លូវដីទៀតទេ ព្រោះអាជ្ញាធរបានសិក្សាលេីកគម្រោងសាងសង់ផ្លូវបេតុងក្នុងមូលដ្ឋានជាបន្តបន្ទាប់

0

កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានអះអាងថា ចាប់ពីពេលនេះតទៅ គឺគ្មានផ្លូវដីទៀតទេ ព្រោះអាជ្ញាធរបានសិក្សាលេីកគម្រោងសាងសង់ផ្លូវបេតុងក្នុងមូលដ្ឋានជាបន្តបន្ទាប់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។ ថ្លែងប្រាប់ប្រជាពលរដ្ឋបែបនេះក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវនៅស្រុកកោះសូទិន និងស្រុកស្រីសន្ធរ នាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមានការឧបត្ថម្ភគាំទ្រពីក្រសួងអភិវឌ្ឍន៍ជនបទ ក្រោយពីរដូវទឹកសម្រកចុងឆ្នាំ២០២៣នេះ ក្រុមការងារបច្ចេកទេស នឹងចាប់ផ្ដើមដំណើរការសាងសង់ស្ពានបេតុង ១កន្លែង នៅក្នុងភូមិវាល ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ជំនួសឱ្យស្ពានបេតុងចាស់សាងសង់ឡើងតាំងពីទសវត្សឆ្នាំ៩០ ដែលមានសភាពទ្រុឌទ្រោម លំបាកក្នុងការធ្វើដំណើរ ព្រមទាំងសាងសង់ផ្លូវបេតុងភ្ជាប់ក្បាលស្ពានទាំងសងខាងទៀតផង ក្នុងនោះក៏មានគម្រោងមូលនិធិឃុំសម្រាប់សាងសង់ផ្លូវបេតុងក្នុងមូលដ្ឋាន ជូនប្រជាពលរដ្ឋប្រេីប្រាស់ផងដែរ ។

ក្នុងដំណើរអញ្ជើញចុះពិនិត្យស្ថានភាពផ្លូវនោះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ឱ្យធ្វើការជួសជុលឡើងវិញជាបន្ទាន់ ត្រង់ចំណុចដែលរងការខូចខាតជាអន្លើ នៅតាមបណ្ដោយផ្លូវលេខ ៧០B ដើម្បីសម្រួលការរស់នៅ ការធ្វេីដំណើរប្រកបរបរប្រចាំថ្ងៃ បម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច និងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងស្រុកកោះសូទិន និងស្រុកស្រីសន្ធរ ឱ្យកាន់តែចម្រើនឡើងថែមទៀត។

គួរកត់សម្គាល់ថា ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះផងដែរ បងប្អូនប្រជាពលរដ្ឋ បានសំដែងនូវអារម្មណ៍សប្បាយរីករាយទទួលស្វាគមន៍ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ព្រោះយល់ឃើញថា សុខសន្តិភាព បាននាំមកនូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះគាត់បានប្តេជ្ញានាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៣ ខាងមុខនេះ ដេីម្បីការពារសុខសន្តិភាព នាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យបន្តទៀត ៕