កិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ប្រចាំត្រីមាសទី២ និងលេីកទិសដៅអនុវត្តការងារត្រីមាសទី៣ ឆ្នាំ២០២៣

0

បន្ទាយមានជ័យ៖ ក្នុងសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នាល្ងាច ថ្ងៃទី ៣ ខែ កក្តដា ឆ្នាំ ២០២៣ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព ប្រចាំត្រីមាសទី២ និងលេីកទិសដៅអនុវត្តការងារត្រីមាសទី៣ ឆ្នាំ២០២៣។

ក្នុងកិច្ចប្រជុំនោះមានការចូលរួម ឯកឧត្តម ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបបន្ទាយមានជ័យ លោកជំទាវ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ មន្ទីរអង្គភាព កងកម្លាំងទាំងបីប្រភេទ លោក លោកស្រី អភិបាលក្រុង ស្រុក   មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អញ្ជេីញចូលរួមសរុប ២០៥នាក់ ។

ឯកឧត្តមអ៊ុំ រាត្រី អភិបាលខេត្តបបន្ទាយមានជ័យ បានផ្តល់នូវអនុសាសន៍មួយចំនួនដល់ អភិបាលស្រុក ក្រុង មេឃុំ ចៅសង្កាត់ មេប៉ុស្តិ៍ថា ដើម្បីធ្វើការពិនិត្យ ពិចារណា យកទៅអនុវត្តការងារឲ្យកាន់តែមានប្រសិទ្ធភាពនោះ ត្រូវបន្តពង្រឹងនិងលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ការទទួលខុសត្រូវ និងយកប្រយោជន៍ជាតិជាធំ ដោយមានកិច្ចសហការល្អ ប្រទាក់ក្រឡា ជាមួយអាជ្ញាធរដែនដី ស្ថាប័នជំនាញពាក់ព័ន្ធ ក្នុងការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយ សាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ ។

ឯកឧត្តម អ៊ុំ រាត្រីបានបន្តទៀតថា កងកម្លាំងនគរបាល ដែលជាមន្រ្តីអនុវត្តច្បាប់ទាំងអស់ ត្រូវខិតខំលើក កម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ដោយមានភាពស្អាតស្អំ ព្រមទាំងខិតខំ ប្រឹងប្រែង បម្រើប្រជាពលរដ្ឋ ដោយស្មោះត្រង់ និងមានយុត្តិធម៌ផង។
ឯកឧត្តម បានបន្តទៀតថា ស្រុក ក្រុង មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ ត្រូវចូលរួមអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ ក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសនានា ជាអាទិ៍ បទល្មើសព្រហ្មទណ្ឌ ការជួញដូរមនុស្ស ក្មេងទំនើង ការផលិត ចរាចរ ប្រើប្រាស់ រក្សាទុកគ្រឿងញឿនគ្រប់ប្រភេទ ល្បែងស៊ីសងជាដើម ក្នុងនោះលោកបានជំរុញស្រុក ក្រុង មេឃុំចៅសង្កាត់ មេប៉ុស្តិ៍ ត្រូវបន្តផ្តល់សេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ ឲ្យបានរហ័ស តម្លាភាព ប្រសិទ្ធភាព ជាអាទិ៍ ការផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ បន្តជម្រុញ សកម្មភាពក្នុងការធ្វើ និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ប្រជាពលរដ្ឋ ដែលនៅសេសសល់ និងហួសសុពលភាពឲ្យបានគ្រប់ៗគ្នា ជៀសវាងទង្វើ អសកម្មណាមួយ ដែលបង្កឲ្យមានការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ឯកឧត្តមមផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកឡើងថា សន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ គឺជាកត្តាគន្លឹះ ដែលផ្ដល់ភាពអនុគ្រោះដល់ដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងវិស័យនានាទៀតមានការរីកចម្រើន ដើម្បីរក្សាបាននូវ សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺចាំបាច់បំផុតកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលជាសសរទ្រូង នៃប្រទេសជាតិ ត្រូវការកសាង ការការពារ និងអភិវឌ្ឍន៍ប្រទេស ដូច្នេះកងកម្លាំងត្រូវតែជាធនធាន ប្រកបដោយកាយសម្បទាល្អមាំមួន មានក្រមសីលធម៌ មានសេចក្ដីថ្លៃថ្នូរ និងត្រូវម៉ឺងម៉ាត់ជាដាចខាត សក្តិសមជាកូនរបស់ប្រជាពលរដ្ឋ សម្រាប់បម្រើប្រជាពលរដ្ឋ ដែលទាមទារជាចាំបាច់នូវការអនុវត្ដយ៉ាងម៉ឺងម៉ាត់ រាល់លិខិតបទដ្ឋានគតិយុត្តិ ផែនការ បទបញ្ជាតាមឋានានុក្រមគ្រប់ជាន់ថ្នាក់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ឯកឧត្តម ផាន់ ចាន់ធុលបានបញ្ជាក់ឲ្យដឹងបន្តទៀតថាទាំងនេះជាភារកិច្ចរបស់កងកម្លាំងនគរបាល ដែលជាកម្លាំងស្នូលក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ ដើម្បីសេចក្ដីសុខក្សេមក្សាន្ដរបស់ប្រជាពលរដ្ឋ និងជាកម្លាំងអន្ដរាគមន៍ ពេលមានគ្រោះមហន្តរាយ និងកិច្ចការសង្គមផ្សេងៗ ដូចជា ការជួយពន្លត់អគ្គិភ័យ គ្រោះទឹកជំនន់ ខ្យល់ព្យុះ និងសកម្មភាពជាយថាហេតុនានាផងដែរ  ពិសេសការពារនូវពេលបោះឆ្នោតជ្រេីសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅថ្ងៃអាទិត្យ ទី២៣ ខែ កក្តដា ឆ្នាំ២០២៣ ឲ្យបានសុខក្សេមក្សាន្ដផងដែរ៕ដោយ៖ឃិន គន្ធា