រដ្ឋបាលខេត្តត្បូងឃ្មុំ ដាំកូនឈើប្រណិត ១៣៨០ដើម និងប្រលែងកូនត្រី២១០០០ក្បាល ចូលក្នុងអាងទឹកសោភ័ណ

0

ត្បូងឃ្មុំ:​ រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាំកូនឈើប្រណិត៥ប្រភេទចំនួន១៣៨០ដើម រួមមានគ្រញ៉ូង បេង នាងនួន ឈើទាល គគីរ និងចន្ទគិរី (អំពិលបារាំង) ត្រូវបានដាំលើផ្ទៃដី០២ហិចតា ដើម្បីលើកម្ពស់បរិស្ថាន និងសោភ័ណភាព និងប្រលែងកូនត្រី៤ប្រភេទចំនួន២១.០០០កូន រួមមានកូនត្រីប្រា ឆ្ពិន កាហែ និងកន្ធរ ដើម្បីឲ្យភោគផលត្រីកាន់សំបូរបន្ថែមទៀត​ នៅបរិវេណអាងទឹកសោភ័ណ ជាប់ទន្លេសិប្បនិម្មិតនៃទីរួមខេត្ត​ត្បូងឃ្មុំ​​ ។

ក្នុងពិធីដាំកូនឈើ និងប្រលែងត្រីរាប់ម៉ឺនកូន ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមប្រមាណជិត៥០០នាក់ ដើម្បីអបអរពិធីបុណ្យរុក្ខទិវា និងទិវាមច្ឆាជាតិ ឆ្នាំ២០២៣ សម្រាប់ខេត្តត្បូងឃ្មុំ ដែលរៀបចំឡើងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត​ នាព្រឹកថ្ងៃ០៥ ខែកក្កដា ឆ្នាំ២០២៣​ ។

តាមរយៈរបាយការណ៍សង្ខេបរបស់លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តត្បូងឃ្មុំ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីកសិកម្មខេត្ត គ្រប់លំដាប់ថ្នាក់ ដែលខិតខំអនុវត្តន៍សម្រេចបាន។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៍បានជំរុញឲ្យមន្ទីរកសិកម្មខេត្ត ពិសេសខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ពង្រឹងពង្រីកថ្នាលបណ្តុះកូនឈើក្នុងឆ្នាំ២០២៤ខាងមុខ ឲ្យបានរាប់សែនដើមបន្ថែមទៀត ខណៈដែលរៀងរាល់ឆ្នាំ បានបណ្តុះបានខ្ទង់ ៧ទៅ៩ម៉ឺនកូនឈើ រួមមកហើយ ដើម្បីឆ្លើយតបតាមសំណើរមន្ទីរ-អង្គភាព តាមទីសាធារណៈ វត្តអារាម មន្ទីរពេទ្យ និងតាមទីកន្លែងនានា ជាពិសេសតាមផ្ទះបងប្អូនប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំតែម្តង។

លើសពីនេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានជំរុញឲ្យអ្នកពាក់ព័ន្ធទាំងអស់ ត្រូវបញ្ជ្រាបការយល់ដឹងអត្ថប្រយោជន៍នានាពាក់ព័ន្ធនឹងដើមឈើ ដើមផ្កា ការរក្សាបរិស្ថានទាំងលើគោក និងក្នុងទឹក ទៅដល់បងប្អូនប្រជាជនខ្មែរគ្រប់រូបគ្រប់វ័យគ្រប់តំបន់ទិសទី ដែលនេះជាសារមួយយ៉ាងសំខាន់ សម្រាប់ជាចំណេះដឹង ដើម្បីបងប្អូនយើងអាចចូលរួមជាមួយអាជ្ញាធរ រួមគ្នាសម្រេចលើកិច្ចការនេះបាននៅទូទាំងប្រទេស។

សារសំខាន់ជាថ្មីម្តងទៀតនោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត្តត្បូងឃ្មុំ សូមបញ្ឈប់រាល់ការប្រើប្រាស់នូវឧបករនេសាទខុសច្បាប់ ដែលនាំឲ្យអន្តរាយដល់ប្រភពធនធានត្រី និងជីវៈចំរុះដែលជាប្រភពផ្គត់ផ្គង់ជីវៈភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា ក៍ដូចជាសម្រាប់តកូនតចៅទៅថ្ងៃអនាគត ជាពិសេសជាអំពើខុសច្បាប់ ដែលត្រូវទទួលទោសទណ្ឌពីច្បាប់។

ជាមួយគ្នានោះដែរ ឯកឧត្ដម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានផ្ដាំផ្ញើដល់អង្គភាពបំរើសេវាសាធារណៈ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នា រៀបចំកែលម្អទីតាំងអាងទឹកសោភ័ណឲ្យបានស្រស់ស្អាត ដោយរៀបចំសួនច្បារ ដាំកូនឈើ និងសិក្សារៀបចំទីតាំងនេះ អោយក្លាយទៅជាតំបន់ទាក់ទាញទេសចរណ៍ ពិសេសទីកន្លែងរៀបចំពិធីប្រណាំងទូក(ង)ថ្នាក់ខេត្តជារៀងរាល់ឆ្នាំផងដែរ ដើម្បីឲ្យពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍មកលេងកម្សាន្ត ជាទស្សនៈវិស័យដែលរដ្ឋបាលខេត្តត្រូវតែធ្វើ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត ក៍បានបើកឳកាសឲ្យក្រុមហ៊ុនឯកជនមកសិក្សា និងវិនិយោគនៅទីនេះផងដែរ ឲ្យតែមានការរៀបចំគិតគូរ និងគ្រោងការអភិវឌ្ឍន៍ច្បាស់លាស់ ទៅតាមការកំណត់របស់រដ្ឋបាលខេត្ត​ ៕