បញ្ជាការ​ដ្ឋាន​តំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បេីកវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ និង​អប់រំ​ចិត្ត​សាស្ត្រ​ ជូន​ដល់​កងកម្លាំង​ប្រចាំ​ឆ្នាំ​២០២៣​

0

(កំពង់ធំ)÷ នៅ​ព្រឹក​ថ្ងៃ​ទី​០៦​ ខែ​កក្កដា​ ឆ្នាំ​២០២៣​ នៅ​ទីបញ្ជាការ​កងវរសេនាតូចលេខ​១នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ បាន​ដំណើរ​ការ​បេីកវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ និង​អប់រំ​ចិត្ត​សាស្ត្រ ជូន​ដល់​កងកម្លាំង​នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ​ ប្រចាំ​ឆ្នាំ​២០២៣​ ដែល​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ស្ថិត​ក្រោម​អធិបតីភាព​ឧត្តម​សេនីយ៍​ទោ​សុក​ រីនណា​ មេបញ្ជាការ​រង​ នាយ​សេនា​ធិការ​ តំណាង​ឯកឧត្ដម​ឧត្ដមសេនីយ៍​ឯក ពៅ​ ហេង​   មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការ​យោធភូមិភាគ​ទី​៤​ ។ 

      ឧត្ដមសេនីយ៍​ទោ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ បាន​ឡើង​ថ្លែង​សុន្ទរកថា​ស្វាគមន៍​ និង​បាន​រាយការណ៍​អំពី​ស្ថានភាព​រួម​នៃការ​បេីកវគ្គហ្វឹកហ្វឺន​បំប៉ន​យុទ្ធ​វិធី​ និង​អប់រំ​ចិត្ត​សាស្ត្រ​ប្រចាំ​ឆ្នាំ​២០២៣​ តាម​កម្មវិធី​ និង​ផែនការ​ហ្វឹកហ្វឺន ដែល​ថ្នាក់​លើ​បាន​កំណត់​ ហើយ​ការហ្វឹក​ហ្វឺន​រៀនសូត្រ​នៅ​ពេល​នេះ​មាន​រយៈពេល​៩១​ថ្ងៃ​ ដោយ​មាន​សិក្ខាកាម​ត្រូវ​ចូលរួម​ហ្វឹកហាត់​ចំនួន​ ១០០​នាក់​ និង​គ្រូ​យោធា​ចារ្យ​ ព្រមទាំង​អ្នក​បម្រើការ​ចំនួន​១៥​នាក់​  និង​វគ្គ​ហ្វឹកហ្វឺន​បំប៉ន​ម្ចាស់​ការ​មាន​សិក្ខាកាម​ត្រូវ​ចូលរួម​ហ្វឹកហាត់​ចំនួន​៥០​នាក់​ គ្រូ​យោធា​ចារ្យ​ចំនួន​៥​នាក់​ សរុប​ចំនួន​យោធិន​ត្រូវ​ហ្វឹកហ្វឺន​រៀនសូត្រ​ក្នុង​កម្មវីធី​បេីកវគ្គហ្វឹកហ្វឺន​នៅពេលនេះ​មាន​ចំនួន​១៥០​នាក់​ គ្រូ​យោធា​ចារ្យ​ និង​អ្នក​បម្រើការ​ចំនួន​២០​នាក់​ ។ 

      ឧត្ដមសេនីយ៍​ទោ​ សុក​ រីនណា​ មេបញ្ជាការ​រង​ នាយ​សេនា​ធិការ យោធភូមិភាគ​ទី​៤​ បាន​ថ្លែង​នូវ​ការ​កោតសរសើរ​ចំពោះ​មេបញ្ជាការ​ មេបញ្ជាការ​រង​ នាយ​ទាហាន​ នាយ​ទាហាន​រង​ និង​ពលទាហាន​ នៃបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ដែល​បាន​ខិត​ខំ​ប្រឹង​ប្រែង​បំពេញ​ភារកិច្ច ដែល​ថ្នាក់​លើ​បាន​ប្រគល់​ជូន​ទទួលបាន​ជោគជ័យ​គួរ​ជា​ទី​មោទនៈ​នាពេល​កន្លង​មក​  និង​បាន​ផ្តាំ​ផ្ញើ​ដល់​យោធា​ចារ្យ​ និង​សិក្ខាកាម  ដែល​បាន​ចូលរួម​ហ្វឹកហ្វឺន​រៀនសូត្រ​នៅពេលនេះ​ ត្រូវ​យកចិត្តទុកដាក់​បង្រៀន​ រៀន​សូត្រ​តាម​កម្មវិធី​ និង​ខ្លឹមសារ​មេរៀន​ដែល​បាន​គ្រោង​ទុក​ ។ ជាមួយ​នោះ​ត្រូវ​គោរព​វិន័យ​សាលា​ក្នុង​ពេល​រៀន​សូត្រ​ ព្រមទាំង​មាន​ការ​សាមគ្គី​ភាព​ល្អ​ រវាង​គ្នា​នឹង​គ្នា​ រវាង​សិក្ខាកាម​ និង​យោធា​ចារ្យ​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ខ្ពស់​ ។ 

      លោកអនុសេនីយ៍ឯក ប៉ាង សុភា តំណាង​ឲ្យ​សិក្ខាកាម​ទាំង​អស់​ បាន​ឡេីង​ប្តេជ្ញា​ចិត្ត​ គោរព​អនុវត្ត​ន៍​តាម​បទបញ្ជា​ និង​ការ​ណែនាំ​របស់​ឯកឧត្តម​មេបញ្ជាការ​រង នាយ​សេនា​ធិការ យោធភូមិភាគ​ទី​៤​ ដែល​បាន​ប្រគល់​ និង​ប្តេជ្ញា​ចិត្ត​គោរព​អនុវត្ត​ន៍​តាម​បទបញ្ជា​ផ្ទៃ​ក្នុង​របស់​សាលា​ ព្រមទាំង​ខិតខំ​រៀនសូត្រ​ក្រេប​ជញ្ជក់​យក​ចំណេះ​ដឹង​តាម​មេរៀន  ដែល​គ្រូ​យោធា​ចារ្យ​បាន​បង្ហាត់​បង្រៀន​ ដេីម្បី​បម្រើ​ជាតិ​ ប្រជាជន​ និង​អង្គភាព​ ឲ្យ​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ពេល​បញ្ចប់​វគ្គ​ និង​ត្រៀម​ខ្លួន​ជានិច្ច​អនុវត្តន៍​តាម​បទបញ្ជា​ ជាកងកម្លាំងអន្តរាគមន៏​ ក្នុង​កិច្ច​សហប្រតិបត្តិការ​ការ​ពារ​សន្តិសុខ​ សុវត្ថិភាព​ ក្នុង​ភូមិ​សាស្ត្រ​ខេត្តកំពង់​ធំ​ ដេីម្បី​​ដោះស្រាយ​សភាពការណ៍​ផ្សេងៗ ដែល​កេីតមានឡេីងជាយថាហេតុ​ ។