កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងប្រាប់ប្រជាពលរដ្ឋថា បន្ទាប់ពីចាប់ផ្ដើមស្ថាបនាផ្លូវ តម្លៃដីក៏ចាប់ផ្ដើមឡើងថ្លៃដែរ ប៉ុន្តែកុំលក់ដូរអី ទុកចែកឱ្យកូនចៅយើងរស់នៅវិញប្រសើរជាង ការថ្លែងបែបនេះក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវក្នុងស្រុកកងមាស ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ។
គួររំលឹកថា មានប្រសាសន៍ក្នុងឱកាសបេីកការដ្ឋានកាលពីពេលកន្លងទៅ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា គម្រោងស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែ ប្រវែង ២៧.៦០០ម៉ែត្រ ចាប់ពីចំណុចភូមិបឹងត្រាវ ឃុំសូរគង ឆ្លងកាត់ឃុំរាយប៉ាយ ឆ្ពោះទៅដល់ស្ពានអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាសនេះ គ្រោងចំណាយថវិកាកសាងក្នុងរង្វង់ប្រមាណជាង ៣លានដុល្លារអាមេរិក ហើយរំពឹងថា វានឹងផ្ដល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់ប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរ ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ថា ក្រោមការខិតខំប្រឹងប្រែង ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីបំពេញសេចក្ដីតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដោយបានអភិវឌ្ឍស្រុកទេស តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្រោមដំបូលសុខសន្តិភាព ។
គួរកត់សម្គាល់ថា ក្នុងឱកាសចុះពិនិត្យស្ថានភាពផ្លូវខាងលើនេះផងដែរ បងប្អូនប្រជាពលរដ្ឋ បានសំដែងនូវអារម្មណ៍សប្បាយរីករាយទទួលស្វាគមន៍ ឯកឧត្ដមអភិបាលខេត្តកំពង់ចាម និងក្រុមការងារទាំងអស់ ព្រោះយល់ឃើញថា សុខសន្តិភាព បាននាំមកនូវការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់ ដូច្នេះគាត់បានប្តេជ្ញានាំគ្នាទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០៣ ខាងមុខនេះ ដេីម្បីការពារសុខសន្តិភាព និងនាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យបន្តទៀត ៕