ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយសមាជិក-សមាជិកា និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំប្រឡាយ 

0

(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ ក្រុមការងារចុះជួយឃុំ និងសមាជិក សមាជិកា បានចូលរួមក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សមូលដា្ឋន និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំប្រឡាយ ស្ថិតនៅឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។

 

ឯកឧត្តម ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ត្រូវត្រួតពិនិត្យសមាជិកគណបក្សដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ដើម្បីបំពេញឯកសារជំនួសឱ្យអត្តសញ្ញាណប័ណ្ណ(ឯ.អ) ធានាឱ្យសមាជិកគណបក្ស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា។

 

ឯកឧត្តម ជា ចាន់តូ បានក្រើនរំលឹក ដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំទាំងអស់ត្រូវ៖ បន្តកសាងកម្លាំង និងពង្រឹងសាមគ្គីផ្ទៃក្នុងតាំងពីថ្នាក់លើដល់ថ្នាក់ក្រោម។ បន្តកសាងធនធានមនុស្ស ប្រកបដោយចំណេះដឹង និងគុណធម៌ ពិសេសយុវជនជាអ្នកបន្តវេនជំនាន់ក្រោយ។ បន្តរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច និងសង្គម ដើម្បីលើក កម្ពស់ជីវភាពបងប្អូនប្រជាពលរដ្ឋផង និងបម្រើដល់សកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា។

 

សូមបញ្ជាក់ផងដែរថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំប្រឡាយមួយខ្នង ជាអំណោយរបស់ឯកឧត្តម ជា ចាន់តូ និងលោកជំទាវ ខៀវ ស៊ីណា កសាងនៅឆ្នាំ២០២២ ដាក់ឱ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ។