លោកជំទាវ សាយ សំអាត បានដឹកនាំក្បួនឃោសនាស្វែងរកសំឡេងឆ្នោតនៅក្នុងឃុំកំពង់ចិត្តត្បូង ស្រុកស្ទោង

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ លោកជំទាវ សាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា និងជាប្រធានកិត្តិយស ក្រុមការងារគណបក្សចុះជួយឃុំកំពង់ចិនត្បូង និងឃុំកំពង់ចិនជើង និងលោក សាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ចិនត្បូងព្រមទាំងសហការីសមាជិក សមាជិកា បានដឹកនាំសមាជិកសមាជិកា ឃោសនិក អញ្ជើញឃោសនាស្វែងរកសំឡេងឆ្នោតក៏ដូចជាការគាំទ្រពីប្រជាពលរដ្ឋ និងម្ចាស់ឆ្នោត នៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

នៅក្នុងឱកាសនោះដែរលោកជំទាវ សាយ សំអាត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសសមាជិកសមាជិកការ របស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោត។

ជាមួយនេះផងដែរ លោកជំទាវប្រធានកិត្តិយស ក្រុមការងារគណបក្សចុះជួយឃុំកំពង់ចិនត្បូង និងឃុំកំពង់ចិនជើង ក៏បានណែនាំដល់សមាជិកសមាជិកា គណបក្សប្រជាជនគ្រប់មូលដ្ឋាន ជាពិសេសនៅក្នុងភូមិ ក្នុងឃុំកំពង់ចិមត្បូង សូមបន្តធ្វើការឃោសនាស្វែងរកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះទៅតាមខ្នងផ្ទះ ហើយគ្រប់សមាជិក សមាជិកា ទាំងអស់ ត្រូវប្រាកដថាមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត មានឯកសារបញ្ជាក់ អត្តសញ្ញាណប័ណ្ណ ( ឯ.អ) គ្រប់គ្រាន់សម្រាប់បម្រើឲ្យការបោះឆ្នោត ចេះគូសសញ្ញានៅលើសន្លឹកឆ្នោតបានត្រឹមត្រូវក៏ដូចជាការជួយណែនាំបន្តដល់សមាជិកសមាជិកា ឬអ្នកដែលនៅជុំវិញខ្លួន ដើម្បីចេញទៅបោះឆ្នោតជាមួយគ្នាផងដែរ។

លើសពីនេះលោកជំទាវ សាយ សំអាត ក៏បានណែនាំដល់សមាជិកសមាជិកាគ្រប់រូប ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ចេះរួមរស់សុខទុក្ខជាមួយគ្នា ចេះសាមគ្គីគ្នា ក៏ដូចជាការធ្វើកិច្ចការមនុស្សធម៌ ការជួយដល់គ្រួសារក្រីក្រឬ ងាយរងហានិភ័យក៏ដូចជាទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋទៀតគ្រប់កាលៈទេសៈជាពិសេសនៅពេលដែលពួកគាត់ត្រូវការ។

លោកជំទាវបានបញ្ជាក់បន្ថែមថា ការធ្វើឃោសនាបោះឆ្នោតក៏ដូចជាដង្ហែរក្បួនឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះដើម្បីទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋម្ចាស់ឆ្នោត និងឈានទៅទទួលជោគជ័យយ៉ាងត្រចះត្រចង់ឲ្យខានតែបាន ហើយបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោតគឺមានន័យថាប្រជាជនកម្ពុជាគ្រប់រូបជាអ្នកឈ្នះឆ្នោតដូចគ្នាផងដែរ។។

គួរបញ្ជាក់ផងដែរថា នៅក្នុងក្បួនដង្ហែរឃោសនានៅព្រឹកនេះគឺមានឃោសនិកចូលរួមចំនួនជិត៤០០នាក់ ដែលអញ្ជើញមកពីក្នុងភូមិទាំង៧ក្នុងកំពង់ចិនត្បូងទាំងមូល។