រថយន្ដពាក់ផ្លាកលេខឡាវមួយគ្រឿង បើកបុករបាំងចែកទ្រូងផ្លូវត្រូវបាននគរបាលចរាចរណ៍ ស្ទូចយកមករក្សាទុក និងបានឆែករកឃើញថ្នាំញៀនជាង ១០០ដុំ !

0

រាជធានីភ្នំពេញ : រថយន្ដម៉ាកហ៉ីយ៉ាន់ដាយ ១គ្រឿង ពណ៌ស ពាក់ផ្លាកលេខឡាវ បានបើកបុករបាំងពុះចែកទ្រូងផ្លូវទៅមុខលែងរួច ត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះស្ទួចយកមករក្សាទុក និងបានឆែកឆេររថយន្ត រកឃើញថ្នាំញៀនជាង ១០០ដុំ ។

ហេតុការណ៍នោះ បានកើតឡើងនៅយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបាននិយាយថា ក្រោយពីរថយន្តនេះ បើកបុករបាំងពុះចែកទ្រូងផ្លូវទៅមុខលែងរួច អ្នកបើកបររត់គេចខ្លួនបាត់​ទសំងកណ្តាលអាធ្រាត្រ ។ លោកថា នៅពេលសមត្ថកិច្ចទទួលបានព័ត៌មាននេះមក ក៏បានចុះត្រួតពិនិត្យ ហើយបានស្ទួចរថយន្តពាក់ស្លាកលេខឡាវមួយគ្រឿងនេះ យកមករក្សាទុកបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

សមត្ថកិច្ចចរាចរណ៍បានឲ្យដឹងទៀតថា នៅពេលឆែកក្នុងរថយន្ដ ដើម្បីរកអត្តសញ្ញាណអ្នកបើកបរ និងអ្នកពាក់ព័ន្ធ ស្រាប់តែប្រទះឃើញកញ្ចប់ដុំ ដែលមានការសង្ស័យ ប្រមាណជាង ១០០ដុំ ហើយពិនិត្យឃើញថា ជាសារធាតុញៀនប្រភេទមេតំហ្វេតាមីនម៉ាទឹកកក ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវជាបន្ដទៀត ដើម្បីស្វែងរកអ្នកដែលមានការពាក់ព័ន្ធ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕