ដោយអ៊ុក ផ្លុង
សៀមរាប÷ ធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋត្រូវបានបំផ្លិចបំផ្លាញ់យកមកធ្វើជាកម្មសិទ្ធិឯកជនដោយពួកឧ៌កាសនិយមបំពានច្បាប់រដ្ឋពីសំណាក់អ្នកមានលុយ និងបុគ្គលមានអំណាចខិលខូចមួយចំនួន ជាពិសេសនៅពេលជិតបោះឆ្នោតជ្រើសរើសមេឃុំ ចៅ សង្កាត់ ឬជ្រើសរើសតំណាងរាស្ត្រម្ដងៗ ជាក់ស្តែងត្រពាំងធម្មជាតិមួយដែលប្រជាពលរដ្ឋបានរក្សាទុក ប្រើប្រាស់ស្រោចស្រពដំណាំតាំងពីបុរាណកាលមកម្ល៉េះ ត្រពាំងនេះគេហៅថា ស្រះ តាធុន ស្ថិតក្នុង ភូមិ ក្របី រៀល ឃុំ គោក ធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ត្រពាំងនេះមានទីតាំង ខាងជើងចម្ងាយមិនដល់១០០ ម៉ែត្រពី
ស្ពាន កំពង់ក្តី ហៅថា(ស្ពាន នាគ)ដែលជាស្ពានបុរាណមានអាយុកាលយូរជាងគេបំផុតក្នុង ព្រះ រាជាណាចក្រ កម្ពុជា បានទទួលរងការចាក់ដីលុប ខណៈជិតដល់ថ្ងៃបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ នៅថ្ងៃ ទី ២៣ ខែ កក្កដា ឆ្នាំ ២០២៣ នៅប៉ុន្មានថ្ងៃ ខាងមុខនេះ។
លោក ហែម សម្បត្តិ មេភូមិ ក្របីរៀល និង ប្រជាពលរដ្ឋបានប្រាប់អ្នកសារព័ត៌មានថា អ្នកចាក់ដីលុបត្រពាំងបុរាណនោះ ឈ្មោះសុខ សាន្តបញ្ញា ខាងក្រុមហ៊ុនបញ្ជាំ EASY CASH (អុីហ្ស៊ីឃែស) លោក ហែម សម្បត្តិ បានបញ្ជាក់ថា លោក សុខ សាន្តបញ្ញាបានមកសុំការអនុញ្ញាតពីលោកដើម្បីចាក់ដីលប់ត្រពាំងនេះ ដោយហេតុផលប្រជាពលរដ្ឋអាចចាក់ដីលុប ធ្វើសាលា សំណាក់បានប៉ុន្តែលោកបដិសេធដោយលោកអោយទៅសុំការអនុញ្ញាតពីអាជ្ញាធរ ឃុំ ស្រុកព្រោះលោកអត់មានសិទ្ធិសម្រេចទេ ការចាក់ដីធ្វើសាលាសំណាក់គីជារបស់រួម។
ពាក់ព័ន្ធ នឹងករណីខាងលើនេះ អ្នកសារព័ត៌មានទូរស័ព្ទទៅលោក សុខ សាន្តបញ្ញា ដើម្បីបំភ្លឺ បែរជាឆ្លើយរបៀបចំអកឡកឡឺយនិងសួរបញ្រ្ចាសមកអ្នកសារព័ត៌មានវិញថា តើលោកបានលេខទូរស័ព្ទរបស់ខ្ញុំមកពីអ្នកណា? តើលោកបានទៅឃើញកន្លែងចាក់ដីជាក់ស្តែងហើយឬនៅ? តើលោកបានទៅសួរនាំអាជ្ញាធរ ឃុំ ស្រុកដែលឬទេក្នុងករណីនេះ? បើលោកចង់ចុះផ្សាយតើអាជ្ញាធរស្រុកបានអនុញ្ញាតឱ្យចុះផ្សាយហើ ឬនៅ? ទាំងនេះគឺជាសម្ដីរបស់លោក(សុខ សាន្តបញ្ញា)សួរបញ្ច្រាសមក អ្នកសារព័ត៌មានវិញ។ លោក ជៀប សាន មេឃុំ គោក ធ្លកក្រោមបានឆ្លើយតបប្រាប់អ្នក សារព័ត៌មានថាលោកពិតជាមិនបានដឹងរឿងការចាក់ដីលុបត្រពាំងស្រះ តាធុន ហើយក៏មិនបានអនុញ្ញាតឱ្យបុគ្គលណាម្នាក់ចាក់ដីនៅទីនោះដែរ។ លោក បូ ម៉េងទ្រី អភិបាល ស្រុក ជីក្រែង បានផ្ញើរសារសម្លេងតាមប្រព័ន្ធអនឡាញ ថា លោកបានដឹងរឿងនេះហើយ! លោក នឹងអញ្ជើញលោក មេឃុំ មកប្រជុំនៅព្រឹកថ្ងៃ ច័ន្ទ ទី ១០ ខែកក្កដា ឆ្នាំ២០២៣ នេះដើម្បីស្រាវជ្រាវថាតើអ្នកណាដែលអនុញ្ញាតឱ្យចាក់ដីលុប ត្រពាំងធម្មជាតិ១ នេះ? ជុំវិញប្រតិកម្មពីប្រជាពលរដ្ឋរឿងរ៉ាវខាងលើនេះពួកគាត់មានការព្រួយបារម្ភថាប្រសិនបើអាជ្ញាធរមិនវិធានការទប់ស្កាត់អោយមានប្រសិទ្ធភាពទេ ត្រពាំងធម្មជាតិនេះ នឹងក្លាយទៅជាដីទួលជាកម្មសិទ្ធរបស់ឯកជនជឿជាក់ជាមិនខាន ហើយពួកគាត់លេងមានទឹកស្រោចស្រពដំណាំ ព្រមទាំងមានហានិភ័យខ្ពស់នៅរដូវវស្សាអាចទឹកលិច ខូចដំណាំព្រោះត្រពាំងនេះគឺប្រព័ន្ធធារាសាស្ត្រធម្មជាតិដ៏សំខាន់មួយសម្រាប់ពួកគាត់ក្នុងការស្តុកទឹកដាំដំណាំ និងបណ្ដោះទឹកចេញពីភូមិចូលទៅស្ទឹង។
ប្រជាពលរដ្ឋសូមសំណូមពរដល់លោក បូ ម៉េងទ្រី អភិបាល ស្រុក ជីក្រែង ស្រាវជ្រាវរកមុខអ្នកអនុញ្ញាតអោយលុបត្រពាំងធម្មជាតិនេះអោយឃើញ ព្រមទាំងមានវិធានការដោយមានប្រសិទ្ធភាពខ្ពស់ក្នុងការទប់ស្កាត់ការចាក់ដីលុបបឹង ត្រពាំងដែលជាសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធឯកជន។ ពាក់ព័ន្ធ នឹងការសង្ស័យថាត្រពាំងធម្មជាតិដែលស្ថិតនៅជិតស្ពានបុរាណជាប់តំបន់អប្សរារបស់ប្រជាពលរដ្ឋអ្នកសារព័ត៌មានមិនអាចធ្វើការទំនាក់ទំនងទៅ លោក ឡុង កុសល អគ្គនាយករង អាជ្ញាធរជាតិអប្សរា ហើយក៏ជា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានទេព្រោះគ្មានលេខទូរស័ព្ទរបស់លោក ឡុង កុសល ៕