សកម្មភាពឃោសនារបស់បក្សនយោបាយនៅខេត្តកែប មានស្ថានភាពល្អ ថែមទាំងគ្មានបណ្តឹង

0

ខេត្តកែប៖ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែកក្កដា ដំណើរការឃោសនាស្វែងរកសំលេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ គណបក្សនយោបាយទាំងអស់បានប្រកាន់ភ្ជាប់នូវ គោលការណ៍លទ្ធិប្រជាធិបតេយ្យ ការគោរពច្បាប់ បទបញ្ជានីតិវិធី ក៏ដូចជាក្រមសីលធម៌របស់គណបក្សនយោបាយ ទើបធ្វើអោយការឃោសនានៅខេត្តកែប ប្រព្រឹត្តិទៅដោយរលូន គ្មានបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់ និងគ្មានការំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងនោះទេ។

នេះបើតាមការលើកឡើងរបស់លោក គីវ សាឌុំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែប នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំស្តីពី ការងារសន្តិសុខក្នុងដំណើរការឃោសនាបោះឆ្នោត នៅសាលប្រជុំ គ.ជ.ប ខេត្តកែប ក្រោមអធិបតីភាពលោក ងិន ងិនដា អភិបាលរងខេត្តកែប តំណាងឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប។

លោក ងិន ងិនដា អភិបាលរងខេត្តកែប ទទួលបន្ទុកកិច្ចការបោះឆ្នោត បានលើកឡើងដែរថា គិតមកទល់ម៉ោងនេះ ក្នុងដំណាក់កាលឃោសនាស្វែងរកសំលេងឆ្នោត សម្រាប់ខេត្តកែបមិនមានបណ្តឹងណាមួយនោះទេ ដែលនេះបង្ហាញពីភាពចាស់ទុំ ការគោរពច្បាប់ និងរក្សាបាននូវសេចក្តីថ្លៃថ្នូរ របស់សមាជិក សមាជិកា នៃបណ្តាគណបក្សនយោបាយទាំង១០ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ។

លោកបន្តថា នេះជាលទ្ធផលល្អប្រសើរមួយ ដែលកើតឡើងពីកិច្ចខិតខំប្រឹងប្រែងពីសំណាក់ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តកែបផ្ទាល់ និងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបណ្តាតំណាងបក្សនយោបាយផងដែរ។

យោងរបាយការណ៍ លោក គីវ សាឌុំ បានបង្ហាញដែរថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ខេត្តកែប មានអ្នកចុះឈ្មោះបោះឆ្នោតសរុប ២៨.១៩៨នាក់ និងមានការិយាល័យបោះឆ្នោតសរុប ៦៩ការិយាល័យ នៅទូទាំង៥ ឃុំសង្កាត់ ក្នុងខេត្តកែប។

គួរបញ្ជាក់ថា ក្នុងអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត នៅកែបមានតែគណបក្សនយោបាយ៣ប៉ុណ្ណោះ ក្នុងចំណោម១០បក្សនយោបាយ បានដាក់ផែនការកម្មវិធីឃោសនាស្វែងរកសំលេងឆ្នោតនៅខេត្តកែប ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ក្នុងនោះមាន គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ខណៈគណបក្សនយោបាយចំនួន៧ទៀត មិនមានសកម្មភាពអ្វីនោះទេ៕ សេង ណារិទ្ធ