ដោយ៖ សួន លីណា
ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ នៅថ្ងៃទី១៣ កក្កដា ២០២៣នេះ បានអញ្ជើញបំពាក់ឋានន្ដរសក្ដិ និងប្រគល់សេចក្ដីសម្រេចតែងតាំងមុខងារជូនដល់នាយទាហាន នាយទាហានរង ចំនួន ២២នាក់ នៅទីបញ្ជាការ កងពលតូចអន្តរាគមន៍លេខ៨ ។ ពិធីនេះក៏មានការចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយសេនាធិការ លោកនាយការិយាល័យ, ផ្នែក, គ, ខ, និងលោកមេបញ្ជាការ វរសេនាតូចអន្តរាគមន៍ទាំង៥ ចំណុះ ។
ដើម្បីអនុវត្តបន្ដចំពោះមុខ លោកមេបញ្ជាការ បានដាក់ចេញនូវផែនការមួយចំនួន ដើម្បីអនុវត្តបន្ដ ដល់តាមបណ្ដាអង្គភាព ដែលនៅជួរមុខ កម្ពុជា – ថៃ ត្រូវយកចិត្តទុកដាក់រាល់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើង។ ជាពិសេសកិច្ចសហប្រតិបត្តិការឲ្យបានល្អចំពោះប្រទេសជិតខាង និងត្រូវក្តាប់ឲ្យជាប់អំពីសុខភាពរបស់បងប្អូន និងគ្រួសារ បង្កើនការបង្កបង្កើនផល ដំាដំណាំយុទ្ធសាស្ត្រ និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយបន្ថែមលើគោលរបបហូបចុកប្រចាំថ្ងៃ និងជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ព្រមទាំងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ។
លើសពីនោះលោកមេបញ្ជាការ បានបញ្ជាក់ថា៖ កងទ័ពត្រូវតែមានការហ្វឹកហាត់បន្ថែមនៅតាមបណ្តាកងឯកភាព ដើម្បីបង្កើននៅជំនាញរបស់ខ្លួន និងត្រូវអប់រំសតិអារម្មណ៍ ការងារបំផុសចលនាប្រឡងប្រណាំង ជាពិសេសកត្តាសាមគ្គីភាពផ្ទៃក្នុង អង្គភាពអោយបានរឹងមាំល្អ ។ លោកបានបន្ថែមទៀតថា៖ ចំពោះ នាយទាហាន ដែលត្រូវបានបំពាក់ឋានន្ដរសក្ដិ និងផ្លាស់ប្ដូរមុខតំណែងថ្មី ជូននាពេលនេះ ត្រូវបង្កើនការយកចិត្តទុកដាក់ និងសហការឯកភាពគ្នា ខិតខំបំពេញការងារតាមមុខតួនាទីរៀងៗខ្លួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវភារកិច្ចដែលថ្នាក់លើប្រគល់ជូន៕