លោក វណ្ណ សាវុធ នាយរង សង្កាត់ រដ្ឋបាលព្រៃឈើខ្វាវទទួលរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាអនុញ្ញាតអោយគ្រឿងចក្រចូល ឈូសឆាយដីព្រៃក្នុងអាងធារាសាស្ត្រទំនប់ម្កាក់

0

អ៊ុក ផ្លុង
សៀមរាប÷ អាងទឹកទំនប់ម្កាក់គឺជាប្រព័ន្ធធារាសាស្ត្រ១ ដែលមាន មច្ឆាជាតិ និងសត្វគ្រប់ប្រភេទរស់នៅជាជម្រក។ អាងនេះស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំ គោកធ្លកលើ និងឃុំ ពង្រលើ ស្រុក ជីក្រែង ខេត្ត សៀមរាប។
ក្នុងអាងនេះធ្លាប់មានព្រៃឈើយ៉ាងធំសំបើមសំរាប់ត្រីពងកូន និងជាជម្រកសត្វព្រៃគ្រប់ប្រភេទ
ដូចជា÷ សត្វស្លាប, សត្វចតុប្បាទ ពពួកសត្វល្មូន—–។ល។ ប៉ុន្តែបច្ចុប្បន្ននេះព្រៃឈើក្នុងអាងនេះ កំពុងតែទទួលរងនូវកាប់បំផ្លាញ់ យកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពីសំណាក់អ្នកស្រុក ដោយគ្មានការទប់ស្កាត់ពី អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ព្រមទាំង ស្ថាប័នពាក់ព័ន្ធទាល់តែសោះ។
ម្យ៉ាងវិញទៀតថ្មីៗ មានគេយកគ្រឿងចក្រចូលទៅឈូសឆាយជាបណ្ដើរៗ យ៉ាងអនាធិបតេយ្យ។ ជាក់ស្តែងចំណុច<< ទួលតា ណូក >> ខាងជើង អូរក្បាលដំរី ស្ថិតក្នុងភូមិសាស្ត្រ ឃុំពង្រលើ កាលមុនមានត្រាក់ទ័រ ២ គ្រឿង ដែលប្រជាពលរដ្ឋអះអាងថាម្ចាស់ ឈ្មោះ គក់ រស់នៅ ភូមិចេក ឃុំ ពង្រលើ បានធ្វើសកម្មភាពឈូសឆាយបំផ្លិចបំផ្លាញព្រៃនៅតំបន់នេះបានបន្តិចក៏បើករត់គេចចេញ ស្រាប់តែប៉ុន្មានថ្ងៃមុននេះមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋថាមានគ្រឿងចក្រ១គ្រឿងទៀតបានចូលទៅឈូសឆាយដីព្រៃ ដែលមានចម្ងាយប្រហែលជា១០០ម៉ែត្រខាងជើងលោក គក់បានឈូសឆាយថ្ងៃមុនហើយប្រជាពលរដ្ឋអះអាងថាម្ចាស់ឈ្មោះ ឈាន ឆៃ បច្ចុប្បន្ន រស់នៅភូមិ ក្បាលដំរី ឃុំ ពង្រលើ។ ពាក់ព័ន្ធករណីខាងលើនេះ លោក ស៊ីម ធឹម មេភូមិក្បាលដំរី បានឆ្លើយប្រាប់ អ្នកសារព័ត៌មាន តាមទូរស័ព្ទថា លោកមិនស្គាល់ទេ ឈ្មោះ ឈាន ឆៃ លោក ស្គាល់តែ ឈ្មោះ ឆៃ លោក សឹុម ធឹម បាបបន្ថែមទៀតថា លោក ឆៃ ពិតជាមានត្រាក់ទ័រមែន ប៉ុន្តែរឿងលោក ឆៃ យក ត្រាក់ទ័រទៅឈូសឆាយដីព្រៃនៅចំណុចនោះលោកមិនបានដឹងទេ លោកមេភូមិបញ្ជាក់ថាដីនៅចំណុចនោះកាលពី លោក ពៅ ប៊ុនធឿន ជា អភិបាលស្រុកជីក្រែងបានប្រជុំប្រាប់ប្រជាពលរដ្ឋថា ដីនេះអន្តរក្រសួងប្រគល់ជូនអាជ្ញាធរ ភូមិ ឃុំគ្រប់គ្រង ចាត់ចែងជូនប្រជាពលរដ្ឋចុះដោយគ្មានអ្វីពាក់ព័ន្ធនឹងអន្តរក្រសួងនោះទេ។

លោក ខៀវ ប៊ុនឈឿន មេឃុំ ពង្រលើ ធ្លាប់ប្រាប់ អ្នកសារព័ត៌មានថាដីនៅចំណុចទួល តាណូក ដីដែលវាលហើយប្រជាពលរដ្ឋអាចអាស្រ័យផលបាន ប៉ុន្តែព្រៃឈើដែលនៅសេសសល់អាស្រ័យលើសង្កាត់រដ្ឋបាលព្រៃឈើ ព្រោះដី ព្រៃនៅចំណុចទួល តា ណូក អន្តរក្រសួងប្រគល់ឲ្យ មន្ទីរ កសិកម្មខេត្តសៀមរាប ជាអ្នកគ្រប់គ្រង។ ជុំវិញ បញ្ហាខាងលើ នេះអ្នកសារព័ត៌មានធ្លាប់ បានទូរស័ព្ទ ទៅ លោក វណ្ណ សាវុធ នាយរង សង្កាត់ រដ្ឋបាលព្រៃឈើ ខ្វាវ ប្រចាំស្នាក់ការ គំរូ ដែលនៅចម្ងាយពីទួល តាណូក ប្រហែលជា ២ គីឡូម៉ែត្រ ទូរស័ព្ទចូលហើយតែលោកបានចុចផ្តាច់ទៅវិញ ពេលនេះ អ្នកសារព័ត៌មានព្យាយាមទូរស័ព្ទទៅ លោក វណ្ណ សាវុធទៀត ប៉ុន្តែលោក មិនព្រមទទួល។ លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរ កសិកម្ម ខេត្ត សៀមរាបបានផ្ញើរសារតាមប្រព័ន្ធ Telegramថា លោក បានអោយ ខណ្ឌរដ្ឋបាលព្រៃឈើសហការជាមួយធនធានទឹក អោយទៅពិនិត្យមើលហើយ ប៉ុន្តែមិនទាន់ទទួលបានចម្លើយ លោក នឹងជម្រុញអោយទៅពិនិត្យមើលទៀត លោកបានសរសេរថែមទៀតថា ពួកនេះឆ្លៀតឱកាសពេលយើងរវល់ជិតបោះឆ្នោត។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋអភិរក្សធនធានធម្មជាតិនិមនៅតែសូមណូមពរអោយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវជួយការពារ និងទប់ស្កាត់ឈប់អោយប្រជាពលរដ្ឋកាប់ទន្ទ្រាន និងឈូសឆាយព្រៃឈើដែលនៅសេសសល់ក្នុងតំបន់នេះ ត្រូវទុកវាជាតំបន់អភិរក្ស ជម្រកសត្វព្រៃ ព្រោះព្រៃឈើក្រៅពីតំបន់នេះត្រូវគេកាប់បំផ្លាញ់អស់ហើយ។ ក្រោមការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថាលោក វណ្ណ សាវុធ នាយរង សង្កាត់ រដ្ឋបាលព្រៃឈើខ្វាវអនុញ្ញាតអោយគ្រឿងចក្រ ចូលឈូសឆាយដីព្រៃ ហើយលោក គក់ជាម្ចាស់គ្រឿងចក្រឈូសឆាយព្រៃកាលមុន និង លោកឈាន ឆៃម្ចាស់គ្រឿងចក្រឈូសឆាយព្រៃថ្មីៗ នេះ អង្កភាពយើងខ្ញុំមិនទាន់បានសការបំភ្លឺពីពួកលោក ទាំង៣ នៅឡើយ។
១ – លោក វណ្ណ សាវុធ កាលមុនអ្នកសារព័ត៌មានទូរស័ព្ទចូលហើយ តែត្រូវលោកចុចផ្ដាច់ ពេលនេះអ្នកសារព័ត៌មានទូរស័ព្ទចូលហើយប៉ុន្តែលោកមិនបានទទួល។
២ – លោក គក់ និងលោក ឈាន ឆៃ អ្នកសារព័ត៌មានមិនអាចសុំការបំភ្លឺពីពួកលោក ទាំង២នាក់ បានទេព្រោះគ្មានលេខទូរស័ព្ទរបស់ពួកលោកទាំង២។ទោះបីជាយ៉ាងណាក៏ដោយអង្កភាពយើងខ្ញុំរង់ចាំការបកស្រាយរបស់ពួកលោកទាំង៣នាក់ រៀងរាល់ម៉ោងធ្វើការនៅពេលក្រោយ។