(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ លោក សាយ គឹមឡម ប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង និងជាប្រធានក្រុមការងារចុះជួយឃុំកំពង់ចិនត្បូង ព្រមទាំងសមាជិកសមាជិកា បានអញ្ជើញឃោសនាស្វែងរកសំឡេងឆ្នោតថ្ងៃទី១៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតក៏ដូចជាការគាំទ្រពីប្រជាពលរដ្ឋ និងម្ចាស់ឆ្នោត នៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំជុំទី៣។
នៅក្នុងឱកាសនោះដែរ លោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសសមាជិកសមាជិកការ របស់គណបក្សប្រជាជនកម្ពុជា សូមអញ្ជើញចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ផ្នែកខាងស្ដាំខាងក្រោមនៃសន្លឹកឆ្នោតផ្លូវការ នៅលើសន្លឹកឆ្នោត។
លើសពីនេះលោកប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ក៏បានណែនាំដល់សមាជិកសមាជិកាគ្រប់រូប ត្រូវបន្តធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ ធ្វើជាសមាជិកឬជាមនុស្សគំរូរបស់ប្រជាពលរដ្ឋ ត្រូវចេះរួមរស់សុខទុក្ខជាមួយគ្នា ចេះសាមគ្គីគ្នា ក៏ដូចជាការធ្វើកិច្ចការមនុស្សធម៌ ការជួយដល់គ្រួសារក្រីក្រ ងាយរងហានិភ័យក៏ដូចជាទុក្ខលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋទៀតគ្រប់កាលៈទេសៈជាពិសេសនៅពេលដែលពួកគាត់ត្រូវការ និងជួបគ្រោះហានិភ័យផ្សេងៗជាដើម។
លើសពីនេះទៀតលោកប្រធានគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ក៏បានណែនាំដល់សមាជិកសមាជិកា គណបក្សប្រជាជនគ្រប់មូលដ្ឋាន នៅក្នុងភូមិក្នុងឃុំកំពង់ចិនត្បូង សូមបន្តធ្វើការឃោសនាស្វែងរកសំឡេងឆ្នោតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះទៅតាមខ្នងផ្ទះ ហើយគ្រប់សមាជិក សមាជិកាទាំងអស់ ត្រូវប្រាកដថាមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោត មានឯកសារបញ្ជាក់ អត្តសញ្ញាណប័ណ្ណឬទៅធ្វើ ( ឯ.អ) គ្រប់គ្រាន់សម្រាប់បម្រើឲ្យការបោះឆ្នោត ចេះគូសសញ្ញាធិកនៅលើសន្លឹកឆ្នោតបានត្រឹមត្រូវក៏ដូចជាការជួយណែនាំបន្តដល់សមាជិកសមាជិកា ឬអ្នកដែលនៅជុំវិញខ្លួន ដើម្បីចេញទៅបោះឆ្នោតជូនជាអ្នកបក្សប្រជាជនកម្ពុជា ជាមួយគ្នាផងដែរ។
លោក សាយ គឹមឡម បានបញ្ជាក់បន្ថែមថាការធ្វើឃោសនាបោះឆ្នោតក៏ដូចជាដង្ហែរក្បួនឃោសនាបោះឆ្នោត និងការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគឺមានន័យថាបោះឆ្នោតគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីក៏ដូចជាការគាំទ្រនូវបេក្ខភាពបន្តវេនគឺឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ហើយបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គឺមានន័យថាប្រជាជនកម្ពុជាគ្រប់រូប ឬព្រះរាជាណាចក្រកម្ពុជាទាំងមូលជាអ្នកឈ្នះឆ្នោតដូចគ្នាផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងក្បួនដង្ហែរឃោសនាលើកទី៣នៅព្រឹកនេះគឺមានឃោសនិកចូលរួមចំនួនជាង៤០០នាក់ ដែលបានដង្ហែរនិងអញ្ជើញមកពីក្នុងភូមិទាំង៧ក្នុងកំពង់ចិនត្បូងទាំងមូល៕