ឯកឧត្តម អ៊ុន ចាន់ដា ប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវរក្សាគោលជំហរ សមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក

0

កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មធិការកណ្តាលគណបក្សប្រជាជនកម្ពុជា -ប្រធានគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម ប្រាប់សមាជិក សមាជិកាគណបក្សទាំងអស់ ត្រូវគូសសន្លឹកឆ្នោតដោយមានការប្រុងប្រយ័ត្ន គឺត្រូវគូសឱ្យចំក្នុងប្រអប់បួនជ្រុង បេីមានការខូចខាត យេីងអាចសុំប្តូរយកសន្លឹកឆ្នោតថ្មីវិញភ្លាមៗបាន ពោលគឺត្រូវរក្សាគោលជំហរ សមាជិកបក្សម្នាក់ រាប់ជាសន្លឹកឆ្នោតបានការ ១សន្លឹក ការថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាល និងវិធីបង្រៀនគូសសញ្ញាគាំទ្រលេីសន្លឹកឆ្នោតដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាសង្កាត់វាលវង់ និងសង្កត់សំបួរមាស ក្រុងកំពង់ចាម ប្រមាណជាង ១០០០នាក់ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត បានណែនាំដល់សកម្មជន និងយុវជនបក្ស ឱ្យបន្តចុះទៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ដើម្បីសួរសុខទុក្ខ និងបង្រៀនអំពីការគូសសន្លឹកឆ្នោតឱ្យបានផុលផុស ក៏ដូចជាការត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត សម្រាប់ប្រើនៅថ្ងៃបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។

ឯកឧត្តម ប្រធានគណបក្សខេត្ត បានថ្លែងអំណរគុណដល់សមាជិក សមាជិកាគ្រប់រូប ដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា និងបានគាំទ្រ ហើយបានអញ្ជើញទៅចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាពេលកន្លងមក ព្រមទាំងបានប្តេជ្ញាចូលរួមបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ពិសេសប្ដេជ្ញាគាំទ្រ បេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅអាណត្តិនេះ និង អាណត្តិបន្តបន្ទាប់ និងប្តេជ្ញាគាំទ្របេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត ។

ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា ក៏បានលើកឡើងអំពីសមិទ្ធផលធំៗដែលរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្រេចបានរហូតមកដល់ពេលនេះ ដែលបានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យគួរជាទីមោទនៈ ដូច្នេះយើងត្រូវរួមគ្នាថែរក្សាឱ្យបានគង់វង្សនូវសុខសន្តិភាព ដែលរកបានដោយកម្រ ក្រោមការ ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ៕