អាជ្ញាធរខេត្តកំពង់ចាម គ្រោងស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST តភ្ជាប់ឃុំអារក្សត្នោត និងឃុំទួលសំបួរ​ ស្រុក​ស្ទឹងត្រង់ ប្រវែងជាង១០គីឡូម៉ែត្រ

0

កំពង់ចាម​:​ ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គ្រោងស្ថាបនាផ្លូវកៅស៊ូប្រភេទ DBST ដើម្បីតភ្ជាប់ឃុំអារក្សត្នោត និងឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ប្រវែងជាង១០គីឡូម៉ែត្រ ដោយឱ្យមន្រ្តីជំនាញចុះសិក្សាជាបន្ទាន់ លើកគម្រោងស្នើទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជួន ឱ្យបានមុនការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃទី២៣ កក្កដា មកដល់ ។

នេះបើតាមការឱ្យដឹងពីលោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការវិនិយោគ សាលាខេត្តកំពង់ចាម នៅថ្ងៃទី១៩ កក្កដា នេះ។ លោកបានបញ្ជាក់ឱ្យដឹងទៀតថា ឯកឧត្ដមអភិបាលខេត្ត​ បានប្រកាសឱ្យដឹងពីគម្រោងសាងសង់ជាប្រភេទ DBST ខាងលើ ខណៈដែលលោក និងសហការី បានដឹកនាំមន្រ្តីនៃមន្ទីរអង្គភាពពាក់ព័ន្ធចុះពង្រឹងការងារសន្តិសុខ និងការពង្រឹងគុណភាពសេវាសាធារណៈ តាមបណ្តាឃុំចំនួនប្រាំ ឃុំអារក្សត្នោត,ឃុំទួលសំបួរ,ឃុំខ្ពប់តាងួន,ឃុំព្រះអណ្តូង និងឃុំពាម កោះស្នា ស្រុកស្ទឹងត្រង់នៅថ្ងៃនេះ។

លោកបានបន្តថា បច្ចុប្បន្នផ្លូវគ្រោងស្ថាបនា នាពេលឆាប់ៗខាងមុខ ជាផ្លូវក្រួសក្រហម មានលក្ខណៈទ្រុឌទ្រោមខ្លាំង បង្កឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ជួបបញ្ហាលំបាក។ ដោយពិនិត្យឃើញជាក់ស្តែងពីលទ្ធផលចុះពិនិត្យស្ថានភាព នៅព្រឹកថ្ងៃទី១៩ កក្កដានេះ ឯកឧត្ដម​ អ៊ុន ចាន់ដា ជាអភិបាលខេត្ត ក៏ប្រកាសនៅចំពោះមុខមន្រ្តីក្រុមប្រឹក្សាឃុំ ឱ្យខាងលោក (ប្រាក់ ទិត្យ) ចុះសិក្សានៅថ្ងៃនេះតែម្តង ដើម្បីលើកគម្រោងសុំការស្ថាបនាផ្លូវមួយខ្សែនេះទៅកាន់ក្រសួងសាធារណការ និងដឹកជញ្ជួន ឱ្យបានមុនការបោះឆ្នោត នៅសល់តែបីថ្ងៃទៀតនេះ៕