ឯកឧត្តម ងួន រតនៈ អញ្ជើញកាត់ខ្សែបូរ និងសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា ខេត្តកំពង់ធំ

0

(កំពង់ធំ)÷ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំលោក LE THANH HUNG ជាសមាជិកក្រុមប្រឹក្សាភិបាលនិងជាប្រធានសមាគមកៅស៊ូវៀតណាម លោក TRUONG MINH TRUNG ជាអគ្គនាយករងសម្ព័ន្ធ និងជាអនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ដឹកនាំការអភិវឌ្ឍន៍សាជីវកម្មឧស្សាហកម្មកៅស៊ូវៀតណាមនៅកម្ពុជា អមដំណើរជាមួយថ្នាក់ដឹកនាំរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមមានដូចជាលោក/លោកស្រី ប្រធាន អនុប្រធានការិ.សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បានអញ្ជើញកាត់ខ្សែបូរ និងសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា ខេត្តកំពង់ធំ ស្ថិតឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។

ពិធីសំណេះសំណាលជាមួយកម្មករកម្មការិនី នៅក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានថ្លែងថា រហូតមកដល់ពេលនេះ រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ បានបញ្ចប់ការសាងសង់ជាស្ថាពរតាមការកំណត់ ដែលបានគ្រោងទុក និងបានដាក់បញ្ចូលខ្សែបញ្ជូនសង្វាក់ផលិតកម្មដែលមានសមត្ថភាពផលិត ២តោនក្នុង១ម៉ោងឱ្យដំណើរការ។ នេះជារោងចក្រកែច្នៃកៅស៊ូប្រកបដោយបច្ចេកវិទ្យាទំនើប ជាការកត់សម្គាល់នូវដំណើរការ នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់បុគ្គលិកក្រុមហ៊ុន អ្នកម៉ៅការសំណង់ អ្នកផ្គត់ផ្គង់ឧបករណ៍សម្ភារៈនិងក្រុមហ៊ុនជាដៃគូមួយចំនួនទៀតបានចូលរួម ចំណែកក្នុងការបញ្ចប់ការសាងសង់រោងចក្រជាស្ថាពរ។

ឯកឧត្តម ងួន រតនៈ បានបន្តទៀតថា ដើម្បីបំពេញតម្រូវការចាំបាច់សម្រាប់ការកែច្នៃផលិតផលកៅស៊ូ និង លើកកំពស់តម្លៃទំនិញ បង្កើនការប្រកួតប្រជែង និងនាំ មកនូវប្រសិទ្ធភាពក្នុងផលិតកម្ម និងអាជីវកម្ម។ សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម បានយល់ព្រមអនុញ្ញាតឱ្យវិនិយោគ លើគម្រោងសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ ជីប៉ា កំពង់ធំ របស់ក្រុមហ៊ុន ស៊ី អ ស៊ី ខេ អភិវឌ្ឍន៍កៅស៊ូ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានកោតសរសើរដល់ ក្រុមហ៊ុនក៏បានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជីវភាពប្រជា ពលរដ្ឋកាន់មានភាពល្អប្រសើរ។ ការដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រកែច្នៃកៅស៊ូជីប៉ាកំពង់ធំ នាពេលនេះ ពិតណាស់នឹងក្លាយជាផ្នែកមួយបន្ថែមទៀតក្នុងការជំរុញសេដ្ឋកិច្ច ជាពិសេសជីវភាពបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសណ្តាន់ផ្ទាល់ឲ្យកាន់តែរីកចម្រើន។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនវិនិយោគវៀតណាមទាំងអស់ សម្ព័ន្ធកៅស៊ូវៀតណាម និងសូមគាំទ្រ និងស្វាគមន៍វិនិយោគិនវៀតណាមបន្តអនុវត្តផែនការវិនិយោគ ក្នុងខេត្តកំពង់ធំឱ្យបានកាន់តែច្រើនថែមទៀត។