សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ប្រគល់ផ្ទះមនុស្សធម៌ទី៨៧ និងចែកអំណោយដល់គ្រួសារក្រីក្រ នៅស្រុកវ៉ារិន

0

 ខេត្តសៀមរាប ក្រោមការផ្ដួចផ្ដើមគំនិតរបស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានសាងសង់ផ្ទះមនុស្សធម៌ទី៨៧ និងត្រូវបានធ្វើពិធីប្រគល់ជូនលោកតា សាត រើន អាយុ៧៣ឆ្នាំ និងលោកយាយ ឆែម អាន អាយុ ៧០ឆ្នាំ មានសហជិកគ្រួសារ៤នាក់ កូនជាជនពិការដោយសង្រ្គាម និង កូនស្រីជាស្តី្រម៉េម៉ាយ និងចៅៗស្ថិតក្នុងបន្ទុក រស់នៅភូមិ ល្វា ឃុំ ស្រែណូយ  ស្រុកវ៉ារិន ខេត្តសៀមរាប ព្រមទាំងចែកអំណោយដល់គ្រួសារក្រីក្រ ១០០គ្រួសារជួបការលំបាក ក្រោមអធិបតីភាពលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និង លោកជំទាវ ជាសហការី ប្រធានអនុសាខាស្រុក និង អាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២៣ ។ ផ្ទះមនុស្សធម៌នេះមានទំហំ ៦ម៉ែត្រ គុណនឹង ៦ម៉ែត្រ មាន២បន្ទប់ ដំបូលប្រក់ស័ង្គសីភ្លីក្បឿង ជញ្ជាំងស្មាតបត បាតក្រាលការ៉ូ មានកម្ពស់ផុតពីដី ០.៥ម៉ែត្រ សាងសង់ឡើងដោយថវិកា សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងទឹកប្រាក់ ៣ពាន់៨០០ដុល្លា ។

មានប្រសាសន៍សំណេះសំណាលជាមួយលោកតា លោកយាយ ម្ចាស់ផ្ទះ និង អ៊ុំពូមីង នៅក្នុងឱកាសនេះលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”។ ផ្ទះមនុស្សធម៌នេះប្រគល់ជូនគ្រួសារលោកតា សាត រើន និងលោកយាយ ឆែម អាន ចាប់ពីពេលនេះទៅ ដើម្បីបានជាជម្រក  បានជាម្លប់ដ៏កក់ក្តៅតរៀងទៅ ។ លោកជំទាវ ក៏បានក្រើនរម្លឹកដល់លោកយាយ លោកតា អ៊ុំពូមីង សូមថែរក្សាសុខភាពខ្លួន ប្រសិនបើបងប្អូន និងកូនមានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ សូមប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត ។ ជាសំខាន់នោះចំពោះសុខភាពកុមារ និងស្ត្រីមានផ្ទៃពោះ ព្រមទាំងមានការប្រុងប្រយ័ត្នចំពោះកុមារតូចៗ នៅក្នុងរដូវវស្សានេះ ដែលពោពេលទៅដោយទឹក នៅតាមស្ទឹង អូរ ប្រឡាយ ត្រពាំង ដើមី្បជៀសវាងកើតឡើងនូវប្រការអាក្រក់ណាមួយ ចំពោះ ក្រុមគ្រួសារបងប្អូន និង ធ្វើអនាម័យ បរិស្ថាននៅជុំវិញលំនៅដ្ឋាន និង បំបាត់ទីជម្រកមូសខ្លា ដែលជាភ្នាក់ងារជំងឺគ្រូនឈាម មកលើកុមារ ក៏ដូចមនុស្សគ្រប់វ័យផងដែរ ។ ក្នុងនោះដែរលោកជំទាវ ក៏បានសម្តែងនូវការអាឡោះអាល័យ ចំពោះបងប្អូន ប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន ក៏ដូទូទាំងខេត្ត ដែលនៅពេលខាងមុខនេះ ឧត្តមស្វាមីរបស់លោកជំទាវ បានទៅទទួលមុខតំណែង ថ្មី ធ្វើឲ្យលោកជំទាវឃ្លាតឆ្ងាយពីបងប្អូន ហើយការឃ្លាតទៅឆ្ងាយកាយមែនពិត តែចិត្តនិត្យនៅជាមួយពុកម៉ែ បងប្អូនជានិច្ច នៅខេត្តសៀមរាប ដែលជាកន្លែងផ្តល់កំណើតដល់បុត្រាបុត្រីរបស់លោកជំទាវផងដែរ ។
អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន  អង្ករ ៦០គ.ក្រ ,មី ២កេស , ត្រីខ ២យួរ ,ទឹកត្រី ២យួរអំបិល ២គ.ក្រ, ស្ករស ២គ.ក្រ ,កន្ទេល២ ,ខ្នើយ២ ,មុង ៤ ,ភួយ៤ , សារុង២ , ក្រមា២ , សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា៤សែនរៀល ព្រមទាំងក្រុមការងារក៏បានធ្វើការឧបត្ថម្ភថវិកាបន្ថែមមួយចំនួនធំផងដែរ ។
ក្នុងឱកាសនេះដែរសម្រាប់បងប្អូនគ្រួសារក្រីក្រចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន១០០នាក់ ម្នាក់ៗទទួលបាន៖ អង្ករ៣០គីឡូក្រាម, មី១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ ,ស្ករស១គ.ក្រ ,អំបិល ១គ.ក្រ , មុខ១ ,ភួយ១, សារុង១ , ក្រមា ១  និងថវិកា៤ម៉ឺនរៀល
សូមបញ្ជាក់ថាផ្ទះមនុស្សធម៌នេះជាសមិទ្ធផលថ្មីទី១៥ សម្រាប់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងអាណត្តិទី៥ និងជាផ្ទះមនុស្សធម៌ទី ៨៧ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ក្នុងរយៈពេលកន្លងមក ។
បន្ទាប់ពីពីធីប្រគល់ផ្ទះចប់សព្វគ្រប់ លោកជំទាវ អនុប្រធានគណៈកម្មាធិការសាខា និងប្រតិភូ បានរៀបចំ និងអញ្ជើញលោកយាយ លោកតា និងសមាជិកនៃពិធីនេះ ពិសានំបញ្ចុកសាមគ្គីទាំងអស់គ្នានៅទីនេះផងដែរ ៕