កំពង់ធំ÷ នៅព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៣ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្តកំពង់ធំ រួមទាំងមន្ត្រីជំនាញ និងដោយមានការអញ្ជើញចូលរួមដោយលោក កើ សាឡឹម អភិបាលរងស្រុកបារាយណ៍ ព្រមទាំងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំយុទ្ឋនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជកសិករ នៅភូមិក្តាមហា ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្ត ក៏បានជួបសំណេះសំណាលបន្ថែមជាមួយប្រជាកសិករ និងអំពាវនាវដល់កសិករដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង ការណែនាំពីវិធានការ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ម្យ៉ាងវិញទៀតត្រូវពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ រវាងមន្ត្រីជំនាញថ្នាក់ខេត្តថ្នាក់ស្រុក អាជ្ញាធរមូលដ្ឋាន ភ្នាក់ងារសុខភាពសត្វភូមិ ជាមួយកសិករ នៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។
លោក ចាន់ បញ្ញាវ័ន្ត បានបញ្ជាក់ថាលទ្ធផលក្រុមការងារសម្រេចបាន គោសរុបចំនួន៤២០ក្បាល និងបានផ្តល់ជូននូវវ៉ាក់សាំងសារទឹក៤.០០០កម្រិត FMD ២.០០០កម្រិត និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មស្រុក និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនប្រជាកសិករក្នុងមូលដ្ឋានរបស់ពួកគាត់ សម្រាប់យកទៅចាក់បន្តនៅក្នុងសហគមន៍ ប្រសិនបើសត្វគោក្របីរបស់គាត់មានបញ្ហានៅជំងឺផ្សេងៗ។
លោក កើ សាឡឹម អភិបាលរងស្រុកបារាយណ៍ បានថ្លែងអរគុណដល់លោក ចាន់ បញ្ញាវ័ន្ត បានដឹកនាំមន្ត្រីជំនាញ ចុះធ្វើយុទ្ធនាការចាក់វ៉ាក់សាំងជំងឺសាទឹកដល់សត្វគោក្របីនៅស្រុកយើងខ្ញុំ ដើម្បីការពារកុំឱ្យមានជំងឺផ្សេងៗឆ្លងទៅលើសត្វក្របីផងដែរ។ ជាពិសេសក៏បានផ្ដល់នៅវ៉ាក់សាំងជាច្រើនបន្ថែមទៀត ដល់ភ្នាក់ងារសុខភាពសត្វភូមិ ដើម្បីចាក់បន្តដល់សត្វគោក្របីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ចៀសសវាងកុំឱ្យមានបញ្ហាការឆ្លងជំងឺពីសត្វមួយទៀត ទៅសត្វផ្សេងទៀត។