អភិបាលខេត្តកំពង់ចាម អំពាវនាវ សូម យកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំកូនឈើឲ្យបានច្រើនបន្ថែមទៀត

0

កំពង់ចាម : ក្នុងឱកាស ប្រារព្ធ ពិធី រុក្ខទិវា នៅ សាលា អនុវិទ្យាល័យ អន្លង់ អក ស្ថិត ក្នុង ឃុំ អង្គបាន ស្រុក កងមាស នាព្រឹក ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៣ នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវ ដល់ ព្រះមន្ត្រីសង្ឈ អង្គភាពនានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ គ្រប់គ្រឹះ ស្ថាន សិក្សា ទីអារាមទាំងអស់ និងបងប្អូនប្រជាពលរដ្ឋគ្រប់ៗរូប មេត្តាយកចិត្តទុកដាក់បន្តបង្កើនការបណ្តុះ និងដាំកូនឈើឲ្យបានច្រើន បន្ថែម ទៀត ពីមួយឆ្នាំទៅមួយឆ្នាំ ពោល គឺ ត្រូវដាំពូជឈើល្អៗគ្រប់ប្រភេទ ឲ្យបានកាន់តែច្រើនឡើង នៅលើ ដីទំនេរ ទីទួល ទីទំនាប តាមទីអារាម ស្ថាប័ន គ្រឹះស្ថានសិក្សា ភូមិដ្ឋាន និងតាមទីសាធារណៈផ្សេងៗ ឲ្យបានច្រើន ផងដែរ ។

ក្នុង ឱកាស នោះ ដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់អង្គការជាតិ-អន្តរ ជាតិ ដៃគូរអភិវឌ្ឍន៍នានា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និង អង្គភាពពាក់ព័ន្ធ នានា សូម បន្តកិច្ចសហប្រតិ បត្តិ ការ តាមគ្រប់រូបភាព ក្នុងការថែរក្សាធនធានព្រៃឈើ និងដាំកូនឈើឲ្យបានជាអតិបរមា ពីព្រោះថាដើមឈើដែល បាន ដុះដាល រីកចម្រើនច្រើន វា ជាពហុប្រយោជន៍ និងបានបំពេញនៅលើដីទំនេរឲ្យមានគម្របព្រៃឈើ ។ ចំពោះ ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ។

ជាមួយគ្នា នោះ ឯកឧត្តម អភិបាល ខេត្ត ក៏បានសង្កត់ ធ្ងន់ថា ការដាំដើមឈើនាពេលនេះ ជាការបណ្ដុះនូវគំនិតយុវជន ប្រជាពលរដ្ឋទាំងអស់ ឲ្យស្រឡាញ់ថែរក្សា និងបន្តការដាំដុះដើមឈើ ក្នុង សហគមន៍ ដូច្នេះ សូម ឲ្យ បងប្អូន ប្រជាពលរដ្ឋ ជាពិសេស អាជ្ញាធរ មូលដ្ឋាន ចូលរួម ការពារ ថែរក្សា ទុក ជាមរតកសម្រាប់ ឲ្យ កូនចៅ ជំនាន់ក្រោយ ពីពោះថា នៅតាមវត្តអារាម សាលារៀន សួនច្បារ មានដើមឈើច្រើននោះ វានឹងធ្វើឲ្យក្លាយទៅជារមណីយដ្ឋាន ក្លាយជាតំបន់ទេសចរណ៍ និងសាលារៀនមានទីធ្លាប្រកបដោយម្លប់ឈើត្រឈឹងត្រឈៃ ជាទីមនោរម្យសម្រាប់សិស្សានុសិស្ស សម្រាករៀនសូត្រ និងលេងកំសាន្ត ផងដែរ ។

បើតាម លោក ស៊ឹម ថាវរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឱ្យដឹងថា ការប្រារព្ធពិធី រុក្ខទិវាថ្ងៃនេះ បានកំណត់យកទីតាំងនៅអនុវិទ្យាល័យអន្លង់អក ស្ថិតក្នុងភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បី ប្រារព្ធពិធី រុក្ខទិវា ថ្នាក់ខេត្ត ដែល បាន ជ្រើសរើសយកប្រភេទឈើល្អៗ មានតម្លៃ សម្រាប់ ដាំដុះ និងចែកជូនប្រជាពលរដ្ឋយមទៅដាំនៅកន្លែងផ្សេងៗសរុបចំនួន ២.៥០០ ដើម ជាប្រភេទកូនគ្រញូងចំនួន១៥០ដើម កូនបេងចំនួន៨០ដើម កូនធ្នង់ចំនួន១៧០ដើម កូនគគីរចំនួន ១០០ដើម និងកូនក្ងោកចំនួន២០០០ដើម។