ខេត្តកំពត៖ លោកស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ និងបន្តដឹកនាំកម្លាំងសម្ត្ថកិច្ចបន្តស្វែងរកនារីជនរងគ្រោះដែលបានបាត់ខ្លួននៅតំបន់ទឹកធ្លាក់ជ្រោះឱម៉ាល់ ដែលបានបាត់ខ្លួនដោយសារ តែទឺកជ្រោះគួចហូរទៅកាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ នេះបើយោងតាមការបង្ហោះសារក្នុងទំព័រហ្វេសបុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ មានភ្ញៀវទេសចរប្រុសស្រីចំនួន ៤៣នាក់ បានមកកម្សាន្តដោយបោះតង់នៅតំបន់ជ្រោះឱម៉ាល់ ស្ថិតនៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត។ លុះដល់ម៉ោងកើតហេតុស្រាប់តែមានភ្លៀងមួយមេធំបណ្ដាលឱ្យកម្លាំងទឹកមកពីផ្នែកខាងលើហូរបោកប៉ះចំតង់ និងនាំមនុស្សប្រុសស្រី ៤នាក់ធ្លាក់ក្នុងជ្រោះតែម្តង។
ក្រោយទទួលបានព័ត៌មានអំពីអ្នកបានត់ខ្លួន សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានបានសហការគ្នាស្វែងរកអ្នកដែលបានបាត់ខ្លួនក្នុងហេតុការណ៍នេះ។ រហូតដល់រសៀលថ្ងៃទី៣០ ខែកក្កដា កម្លាំងចម្រុះនៃអាជ្ញាធរស្រុកបានរកឃើញសពនារីម្នាក់ និងអ្នករងរបួស២នាក់ ខណ:ដែលនារីម្នាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ ហើយមកទល់ពេលនេះ ស្នងការនគរបាលខេត្តកំពតនៅតែបន្តដឹកនាំកម្លាំងដើម្បីស្វែងរកនារីរងគ្រោះដែលបានបាត់ខ្លួនបន្តទៀត។
សមត្ថកិច្ចបានឱ្យដឹងថា នារីដែលបានស្លាប់មានឈ្មោះ កែន ស្រីរត្ន័ អាយុ ១៩ឆ្នាំ។ ចំណែកអ្នករងរបួស រួមមាន ១. ឈ្មោះ សុង ទីមធន ភេទប្រុស អាយុ ២៣ឆ្នាំ និង២. ឈ្មោះសីហា ភេទប្រុស អាយុ២២ឆ្នាំ។ រីឯនារីដែលកំពុងបាត់ខ្លួនឈ្មោះ ផន ស្រីខួច អាយុ ១៩ឆ្នាំ(កំពុងស្វែងរក)។ ហើយអ្នករងគ្រោះទាំង៤នាក់មានទីលំនៅភូមិស្វាយខម ឃុំដូង ស្រុកបាទី ខេត្តតាកែវ៕