ឯកឧត្តម អ៊ុ រាត្រី បាននាំយកទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាទាំង ២៣ វត្ត ក្នុងស្រុកថ្មពួក

0

បន្ទាយមានជ័យ៖ ដើម្បីរួមចំណែក ក្នុងពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនិងជួយឧបត្ថម ព្រះសង្ឃដែលកំពុងសិស្សារៀនសូត្រ ក្នុងទីអារាម នាស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ ជ័យ ណារី អ៊ុ រាត្រី បាននាំយកទេយ្យវត្ថុ និងទៀនព្រះវស្សា ប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាទាំង ២៣ វត្ត នៅវត្តពោធិវាលថ្មពួក ឃុំថ្មពួកស្រុកថ្មពួក នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក ឈឿន ក្រៃយ៉ុង អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកថ្មពួក លោក ព្រឹម សាលី ប្រធានសាខាពន្ធដារខេត្ត លោក លោកស្រីមន្រ្តីរាជការ និងសហការី ព្រមទាំងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។

ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា តាំងតែពីដើមរហូតមកដល់បច្ចុប្បន្ន វត្តអារាមបានចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជាស្ទើរគ្រប់វិស័យ ដូច្នេះការនាំយកទៀនព្រះវស្សា និង ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ នាពេលនេះ គឺជាការចូលរួមចំណែកមួយ សម្រាប់ជួយសម្រួលផ្គត់ផ្គង់ទំនុកបម្រុងដល់ព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាសដែលមានរយៈពេលបីខែ ។

ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់លោកយាយ លោកតា និងប្រជាពលរដ្ឋនៅក្នុងស្រុកថ្មពួក ទាំងអស់ដែលកន្លងមក បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជំនះយ៉ាងភ្លុកទឹកភ្លូកដី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាតិកាលទី ៧នេះ។
ប្រព្រឹត្តទៅក្នុងបរិយា កាស ដ៍ល្អប្រសើរ ដែលបរិយាកាសនយោបាយទូទៅមានស្ថិរភាពនិងភាពស្ងប់ស្ងាត់ល្អ ខណៈដែលស្ថាន ភាពសេដ្ឋកិច្ចជាតិក៏មានសុខភាពល្អ រីឯជីវភាពប្រជាពលរដ្ឋក៏មានលក្ខណៈកាន់តែប្រសើរឡើងៗជាលំដាប់។

សូមបញ្ជាក់ផងដែរថា ទេយ្យវត្ថុ និងទៀនព្រះវស្សា ដែលយកមកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាទាំង២៣វត្តក្នុង១វត្ត ទទួលបាន អង្ករ ៥០ គីឡូក្រាម មី ៥កេះ ទឹកស៊ីអ៊ីវ ៥យួរទឹកត្រី ៥ យួរ ទឹកបរិសុទ្ធវីតាល់ដបធំ២កេស ស្លាដក់ ២ ធុង ទៀនវស្សាមួយគូ និងថវិកា ៦០ ម៉ឺនរៀល(ថវិកាសរុប ១៣,៨ លានរៀល) យាយជីតាជី និងប្រជាពុទ្ធបរិស័ទជាង ២០០នាក់ ទទួលបានសារុងម្នាក់មួយផងដែរ៕ដោយ៖ឃិន គន្ធា