លោក ប៉ែន វណ្ណរិទ្ធ ចាត់តាំងលោក ចាន់ បញ្ញវ័ន្ត ចុះបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកសត្វគោក្របី ជូនប្រជាកសិករនៅភូមិរលួស

0

(កំពង់ធំ)÷ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ បានចាត់តាំងឱ្យលោក ចាន់ បញ្ញវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រីជំនាញ មានការចូលរួមពីមន្ត្រីការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ក្រុងស្ទឹងសែន ទទួលបន្ទុកវិស័យសុខភាពសត្វ និងអាជ្ញាធរមូលដ្ឋាន ក៏ដូចជាភ្នាក់ងារសុខភាពសត្វភូមិ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកសត្វគោក្របី ជូនប្រជាកសិករ នៅភូមិរលួស សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ព្រឹកថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៣។

លោក ចាន់ បញ្ញាវ័ន្ត លើកឡើងថាជម្ងឺសាទឹកសត្វគោក្របី របស់ប្រជាកសិករបានកើតឡើងរៀងរាល់ឆ្នាំ ដូចនេះលោកបានអំពាវនាវដល់ប្រជាកសិករដែលជាម្ចាស់សត្វឱ្យនាំយកសត្វគោក្របីមកចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗបន្ថែមទៀតនៅពេលក្រុមការងារថ្នាក់ខេត្តរៀបចំឡើង ការណែនាំពីវិធានការណ៍ ការពារ ទប់ស្កាត់ការឆ្លងជំងឺសត្វ។ ពង្រឹងកិច្ចសហការឱ្យបានល្អប្រសើរ នៅពេលដែលមានសត្វឈឺ ឬងាប់ ក្នុងករណីសង្ស័យត្រូវរាយការណ៍ជាបន្ទាន់ទៅកាន់ភ្នាក់ងារសុខភាពសត្វភូមិ និងអាជ្ញាធរមូលដ្ឋានផ្ទាល់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វឱ្យបានទាន់ពេលវេលា។

លោក ចាន់ បញ្ញាវ័ន្ត បានលើកទឹកចិត្តដល់ប្រជាកសិករដែលមានសត្វគោក្របី ដើម្បីចង់ដឹងពីជំងឺមួយចំនួនដែលកំពុងតែរីករាលដាលជាច្រើននៅក្នុងសហគមន៍។ ពិសេសត្រូវតែយកចិត្តទុកដាក់បំផុតចំពោះទីកន្លែងរស់នៅរបស់សត្វគោក្របី សម្អាតទ្រង់ជាប្រចាំ ឱ្យទឹកនិងស្មៅស៊ីគ្រប់គ្រាន់ ប្រសិនសង្ស័យថាសត្វគោក្របី មានជំងឺសូមផ្ដល់ដំណឹងដល់អាជ្ញាធរមូលដ្ឋានជាបន្ទាន់ កុំឱ្យជំងឺនោះរីករាលដាលទៅសត្វដទៃទៀត។

លោក ចាន់ បញ្ញវ័ន្ត បានបញ្ជាក់បន្ថែមទៀតថា ជាលទ្ធផលក្រុមការងារចាក់វ៉ាក់សាំងការពារជំងឺសារទឹកដល់សត្វគោក្របីសម្រេចបាន÷ គោក្របីសរុបចំនួន១៥០ ក្បាល(ក្របី១០ក្បាល) និងបានផ្តល់ជូននូវវ៉ាក់សាំងសាទឹក៤.០០០កម្រិត FMD២.០០០កម្រិត និងថ្នាំព្យាបាលមួយចំនួន ដល់មន្ត្រីកសិកម្មក្រុង និងភ្នាក់ងារសុខភាពសត្វភូមិ សម្រាប់ជួយចុះអន្តរាគមន៍ ជូនប្រជាកសិករក្នុងមូលដ្ឋានរបស់គាត់ ដើម្បីការពារកុំឱ្យជំងឺរីករាលដាលឆ្លងទៅសត្វគោក្របីដទៃទៀត។