ឯកឧត្តម គន់ សុភា ៖ ដើម្បីចូលរួម កាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ គឺចាំបាច់ត្រូវមាន ផែនការត្រៀមបម្រុងឆ្លើយតប គ្រោះអាសន្នជាមុន

0

កំពង់ចាម : ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានថ្លែងថា ដើម្បីចូលរួម កាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយ គឺ ចាំបាច់ត្រូវមាន ផែនការត្រៀមបម្រុងឆ្លើយតប គ្រោះអាសន្នជាមុន និងត្រូវធ្វើបច្ចុប្បន្នភាពឲ្យបាន ស្របតាមស្ថានភាពជាក់ស្តែង និងបទពិសោធន៍ ដែលធ្លាប់ទទួលរង ផលប៉ះពាល់ ដោយឆ្លុះបញ្ចាំពីផលវិបាកដ៏អាក្រក់ដែលកើតមានចំពោះ ប្រជាពលរដ្ឋ សហគមន៍ ជាពិសេសក្រុមជនងាយរងគ្រោះ រួមមាន៖ កុមារ ជនពិការ ចាស់ជរា ប្រជាពលរដ្ឋក្រីក្រ។ ការថ្លែង បែប នេះក្នុងកិច្ចប្រជុំ ធ្វើបច្ចុប្បន្នភាពសៀវភៅផែនការត្រៀមបម្រុងឆ្លើយតបគ្រោះទឹកជំនន់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២៣ ។

ក្នុង កិច្ច ប្រជុំ នោះ ដែរ តំណាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានថ្លែងថា ខេត្តកំពង់ចាម ក៏មិនខុសពីបណ្តារាជធានី ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់ជួបប្រទះគ្រោះមហន្តរាយធំៗ ដូចជា៖ គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ ជំងឺឆ្លង រាតត្បាត ការបាក់ស្រុតច្រាំងទន្លេជាដើម។ មុខសញ្ញាគ្រោះថ្នាក់ទាំងនេះ បានកើតឡើង ជាញឹកញាប់ និងមានវិសាលភាព ដែលបណ្តាលឲ្យបាត់បង់អាយុជីវិតមនុស្ស សត្វ ខូចខាត ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ ប៉ះពាល់ដល់ ការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានោះ ឯកឧត្តម គន់ សុភា ក៏ បានណែនាំ ដល់ មន្ត្រី ពាក់ព័ន្ធ ឲ្យ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ កម្រិតធនធានរបស់របស់មន្ទីរ-អង្គភាពជុំវិញខេត្ត ក្នុងការត្រៀម ឆ្លើយតបនឹងគ្រោះអាសន្ន ត្រូវ ផ្ទៀងផ្ទាត់ផលប៉ះពាល់នៅតាមភូមិ ឃុំ-សង្កាត់ និងក្រុង-ស្រុក ដោយផែ្អកលើ ចំនួនប្រជាសាស្ត្រ និងធនធាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមាននៅតាមមូលដ្ឋាន នីមួយៗ លេីសពីនោះ ត្រូវ ផ្ទៀងផ្ទាត់ បញ្ជីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ហើយ ត្រូវ ធ្វើ បច្ចុប្បន្នភាពទិន្នន័យទីទួលសុវត្តិភាពដែលមាននៅតាមមូលដ្ឋាន ព្រមទាំង ត្រួតពិនិត្យអំពីទម្រង់នៃការរាយការណ៍ និងអន្តរាគមន៍ឆ្លើយតប ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅកាត់បន្ថយផលប៉ះពាល់លើជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ព័ន្ធនានា ផងដែរ ៕