ខេត្តកែប៖ គិតមកទល់ល្ងាចថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកែប បានវិលមករកសភាពធូរស្រាលឡើងវិញ ដែលជំនន់ទឹកភ្លៀងនេះ កាលពីចុងខែកក្កដាកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ខ្នងផ្ទះពលរដ្ឋមួយចំនួនទូទាំងខេត្តកែប យ៉ាងណាឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានបញ្ជាអោយអាជ្ញាធរថ្នាក់ក្រោម ក៏ដូចជាជំនាញពាក់ព័ន្ធ បន្តតាមដានស្ថានភាពទឹកបន្តទៀត។
ជាមួយគ្នានេះដែរ ក្រោយភ្លៀងធ្លាក់មួយមេ កាលពីព្រឹកថ្ងៃទី៣ ខែសីហា នេះ បានធ្វើអោយសាលាអនុវិទ្យាល័យពងទឹក ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ជន់លិចបណ្តាលអោយខូចខាតសម្ភារៈសិក្សាមួយចំនួន ភ្លាមៗឯកឧត្តមបណ្ឌិត បានចុះដោយផ្ទាល់បញ្ជាអោយគ្រឿងចក្រចុះកាយបើកផ្លូវទឹក ដើម្បីផ្តល់លទ្ធភាពអោយសាលាអាចបន្តបើកថ្នាក់រៀនបាន។
ឯកឧត្តម សោម ពិសិដ្ឋ បានផ្តល់បទសម្ភាសន៍នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានអោយដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តកែបពេលនេះ មានសភាពធូរស្រាលឡើងវិញក្រោយបានជន់លិចចូលដល់ក្នុងផ្ទះពលរដ្ឋប្រមាណជាង២ពាន់គ្រួសារ ក្នុងចំណោមពលរដ្ឋជាង៩ពាន់ ដែលទទួលរងឥទ្ធិពលនៃជំនន់ទឹកភ្លៀង កាលពីអំឡុងចុងខែកក្កដា កន្លងទៅនេះ។ គិតត្រឹមថ្ងៃនេះ នៅទីតាំងខ្លះបន្តការជន់លិចក្នុងកំរិតស្រាល តែក្នុងនាមអាជ្ញាធរយើងបន្តការដោះស្រាយ ដោយប្រើធនធានសរុប មធ្យោបាយសរុប និងកំលាំងសរុបដែលខេត្តមាន។
យ៉ាងណាឯកឧត្តម ស្នើរអោយអ្នកពាក់ព័ន្ធទាំងអស់បន្តតាមដានអោយបានហ្មត់ចត់ជុំវិញគ្រោះធម្មជាតិលើកនេះ ជាពិសេសសុខទុក្ខប្រជាពលរដ្ឋ ដោយមិនត្រូវទុកអោយពលរដ្ឋណាម្នាក់អត់បាយដោយសារជំនន់ទឹកភ្លៀងនេះឡើយ ហើយក៏សំណូមពលរដ្ឋរួមសហការណ៍គ្នាជាមួយអាជ្ញាធរ ក្នុងការឆ្លងកាត់ការលំបាកលើកនេះ។
យោងរបាយការណ៍របស់រដ្ឋបាលខេត្តកែប បានអោយដឹងថា ជំនន់ទឹកភ្លៀងលើកនេះ ខេត្តកែបបានខូចខាតផ្ទះសម្បែងពលរដ្ឋ និងហេដ្ឋារចនាសម្ព័នមួយចំនួន តែមិនមានគ្រោះដល់ជីវិតនោះទេ ក្នុងនោះក្រុងកែបប៉ះពាល់លំនៅឋានទូទាំងក្រុងចំនួន២,២១៩ខ្នងផ្ទះ ខូចខាតផ្លូវលំ៧ខ្សែ ស្មើនឹង៥,០០០ម៉ែត្រ អំបិលខូចខាត ១,៥០០តោន និងប៉ះពាល់ដំណាំ១២០ហិកតា។ ស្រុកចំណាក់ចង្អើរ ប៉ះពាល់លំនៅឋានចំនួន ៤៧៩គ្រួសារ ស្មើនឹង៤៦៥ខ្នងផ្ទះ ប៉ះពាល់ដំណាំ ៥៨៨ហិកតា ក្នុងនោះទឹកហូរច្រោះប៉ះពាល់ផ្លូវលំចំនួន១៦ខ្សែ៕ សេង ណារិទ្ធ