រដ្ឋបាលខេត្តកែប រៀបចំពីធីប្រគេនទៀនចំណាំព្រះវស្សាដល់ព្រះសង្ឃគ្រប់វត្ត ទូទាំងខេត្តកែប

0

ខេត្តកែប: នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ ស ម៉ាលីដា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត បាននាំយកទៀនចំណាំព្រះវស្សា ទេយ្យទានទេយ្យវត្ថុផ្សេងៗ ប្រារព្ធពិធីសូត្រមន្ត និងប្រគេនដល់ព្រះសង្ឃ ដែលនិមន្តមកពីគ្រប់វត្ត ទូទាំងខេត្តកែប នៅសាលប្រជុំស្តង់ដាសាលាខេត្តកែប។

ថ្លែងក្នុងពិធីនាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ សប្បុរសជន ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋយើង តែងតែនាំយកនូវទៀនចំណាំព្រះវស្សា ព្រេង និងទេយ្យទានទេយ្យវត្ថុផ្សេងៗ ប្រគេន ដល់ព្រះសង្ឃតាមវត្តនានា ដែលបានចូលកាន់ព្រះវស្សាតាមពុទ្ធប្បញ្ញត្តិ រយៈពេល៣ខែ ដែលចាប់ពីថ្ងៃ ១រោច ខែទុតិយាសាឍ  ដល់ថ្ងៃ១៥ កើត ខែអាសុជ ។ ក្នុងនោះដែរឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៏បានថ្លែងអំណរគុណ ដល់ព្រះសង្ឃគ្រប់វត្តទូទាំងខេត្ត រួមទាំងពុទ្ធបរិសទ្ធ ប្រជាពលរដ្ឋ ដែលបានអញ្ជើញចូលរួមទៅបោះឆ្នោត និងបោះជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានសំលេងឈ្នះលើសលុប ដែលបង្ហាញ អោយឃើញនូវការគាំទ្រ ជឿជាក់ ទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្ត ដឹកនាំប្រទេសកម្ពុជា អោយរក្សាបាននូវ សន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍគ្រប់វិស័យ ។

ជាមួយគ្នានេះឯកឧត្តម ក៏បានជម្រុញដល់ព្រះសង្ឃ បន្តខិតខំសិក្សាធម៌ វិន័យ ក្នុងអំលុងពេលសំងំចាំវស្សានេះ ដើម្បីបានជាបញ្ញាក្នុងការអប់រំទូន្មានដល់ពុទ្ធបរិស័ទ អោយដេីរក្នុងផ្លូវល្អ ជៀសអោយឆ្ងាយពីអំពើអបាយមុខទាំងឡាយ ក្លាយទៅជាពលរដ្ឋល្អក្នុងសង្គម ។

ទេយ្យទានទេយ្យវត្ថុដែលនាំមកប្រគេនព្រះសង្ឃនាពេលនេះរួមមានក្នុងមួយវត្តទទួលបាន៖ ទៀនចំណាំព្រះវស្សាមួយគូរ, សាដកមួយ, អង្ករ១០០គីឡូក្រាម, មី២កេះ, ទឹកត្រី២យួរ , ទឹកស៊ីអុីវ ២យួរ, ត្រីងៀត៥គីឡូ , ខ្ទឹមស២គីឡូ, ទឹកសុទ្ធ២កេះ , ប៊ីចេង១គីឡូ, ទឹកផ្លែឈើ២កេះ, បច្ច័យកសាងវត្ត ៥០ម៉ឺនរៀល , ដោយឡែកវត្តព្រះមេគណទាំងពីរគណៈ ក្នុងមួយវត្ត១លានរៀល និងប្រគេនបច្ច័យព្រះសង្ឃ និមន្តមក ក្នុងមួយអង្គ១០ម៉ឺនរៀល៕ សេង ណារិទ្ធ