សប្បុរសជនបន្តនាំយកអំណាយថវិកាប្រគល់ជូនដល់ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដើម្បីរួមចំណែកបន្តសកម្មភាពមនុស្សធម៌

0

(កំពង់ធំ) សប្បុរសជននានាបន្តនាំយកអំណោយជាថវិកាមកប្រគល់ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ គោលបំណងរួមចំណែកជាធនធានក្នុងការបន្តសកម្មភាពមនុស្សធម៌ ក្នុងឱកាសអបអរខួបទី១៦០ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៣ ក្រោមប្រធានបទ«រួមជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបរិយាបន្នសង្គម»។

ពិធីប្រគល់-ទទួលអំណោយនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ងួន រតនៈ ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដោយមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងសប្បុរសជននានាជាច្រើនរូប ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការមន្ទីរអង្គភាព និងសប្បុរសជនគ្រប់ មជ្ឈដ្ឋានសាខាកាកបាទក្រហមកម្ពុជាខេត្តនឹងយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការប្រើប្រាស់អំណោយដ៏ថ្លៃថ្លាទាំងនេះ ដើម្បីបម្រើការងារមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាក និងហានិភ័យដោយគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាកដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការ របស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហម។

ឯកឧត្តមបន្តថា មូលនិធិដែលសាខាទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋានបានជួយឱ្យសាខាមាន ធនធានអាចធ្វើប្រតិបត្តិការមនុស្សធម៌របស់ខ្លួនដោយពុំមានការរើសអើង សំដៅរួមចំណែក ក្នុងការជួយសង្គ្រោះជីវិតមនុស្ស ការកសាងភាពធន់ទៅនឹងគ្រោះមហន្តរាយផ្សេងៗ ការកាត់ បន្ថយអត្រាឈឺ និងស្លាប់នៃមាតា និងទារក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការលើកកម្ពស់ គោលការណ៍គ្រឹះ នៃតម្លៃមនុស្សធម៌ សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងវប្បធម៌អហិង្សា។

ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណជាអនេកកប្បការចំពោះឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នាងកញ្ញា សប្បុរសជនគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅខេត្ត ដែលតែងតែបានស្ម័គ្រចិត្តបរិច្ចាគធនធាន ថវិកា ជួយគាំទ្រដល់សាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ទោះបីជាយើងពុំបានធ្វើការប្រារព្ធពិធី អបអរទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ក៏ដោយ ។