ខេត្តកំពង់ធំ: នៅព្រឹកថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញទៅសំណេះសំណាល សាកសួរសុខទុក្ខ និងថ្លែងអំណរគុណដល់សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា ដែលជាអតីតយុទ្ធជន ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាអោយទទួលបានជ័យជម្នះ ដ៏ត្រចះត្រចង់ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមក ព្រមទាំងបាននាំយកអំណោយស្បៀងអាហារនិងថវិកាមួយចំនួនរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទា វពេជ ចន្ទមុន្នី ឧបត្ថម្ភជូនបងប្អូនអតីតយុទ្ធជនដែលជាសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជា នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ដែលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់គិតគូរដល់សុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ពិសេស សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ទាំងអស់។ នៅក្នុងឱកាសនេះផងដែរ ឯកឧត្ដម សោម ស៊ុន ក៏បាន ផ្សព្វផ្សាយអំពីលទ្ធផលជោគជ័យ ភ្លូកទឹកភ្លូកដី នៃការ បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជាង៨៤% ហើយប្រជាពលរដ្ឋ និងសមាជិកគណបក្ស ប្រជាជន បានបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជាមានចំនួនជាង៨២%នៃសន្លឹកឆ្នោតបានការទាំងអស់ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន និងឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ នេះ ។
ឯកឧត្តម សោម ស៊ុន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលជាអតីតយុទ្ធជន នៅភូមិដងក្តា ឃុំក្រយា ស្រុកសន្ទុកទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតគាំទ្រគណ បក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជន្នះ ដើម្បីឲ្យគណបក្សបក្សប្រជាជន បន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍឲ្យកាន់តែរីកចំរើនរុងរឿងលើគ្រប់វិស័ស័យបន្តទៅទៀត ។
នៅក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន ក៏បាននាំយកអំណោយរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ឧបត្ថម្ភជូនគ្រួសារសមាជិកបក្ស ដែលជាអតីតយុទ្ឋជនមានជីវភាពលំបាកខ្វះខាតចំនួន ១០គ្រួសារ ដោយក្នុង១គ្រួសារទទួលបាននូវអង្ករចំនួន២៥គីឡូក្រាម មីជាតិចំនួន១កេស ត្រីខចំនួន១យួរ និងបានឧបត្ថម្ភថវិកាមួយចំនួនបន្ថែមទៀត សម្រាប់សមាជិក សមាជិកាគណបក្ស ដែលជាអតីតយុទ្ធជនដើម្បីរៀបចំពិធីពិសារអាហារសាមគ្គីអបអរសាទរនូវជោគជ័យដ៏ត្រចេះត្រចង់របស់គណបក្សប្រជាជនកម្ពុជាយើង ។
បងប្អូនអតីតយុទ្ធជនដែលជាសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ បានសូមអបអរសាទរនិង គាំទ្រយ៉ាងពេញទំហឹង ចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ចាត់តាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី៧ នៃរដ្ឋសភានាឱកាសនេះ ។