ប្រធានកិតិ្តយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង បានចូលរួមរំលែកទុក្ខ និងប្រគល់ថវិកា ជូនគ្រួសារសព នៅឃុំប្រឡាយ

0

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានកិតិ្តយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកស្ទោងព្រមទាំងសហការី បានអញ្ជើញ ចូលរួមរំលែកទុក្ខ និងប្រគល់ថវិកា បេឡាសង្គ្រោះមរណ:ជូនគ្រួសារសពលោក សាន ឆេងលាង ជាអតីតយុទ្ធជនកម្ពុជាស្រុកស្ទោង ចំនួន ៤,០០០,០០០រៀល នៅភូមិថ្មី ឃុំប្រឡាយ ដែលបាទទួលមរណភាពកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ដោយគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តសៀមរាប។

ក្នុងឱកាសនោះ ក្នុងនាមលោកជាប្រធានកិត្តិយសសមាគម បានសម្តែងនូវសមានចិត្តដ៏ក្រៀមក្រំ ចូលរួមរំលែកទុក្ខគ្រួសារសពលោក សាន ឆេងលាង និងញាតិមិត្តជិតខាងទាំងអស់ ដែលជាការបាត់បង់នូវសាច់ញាតិ ស្វាមី ឪពុក បងប្អូន និងជាមេគ្រួសារដ៏រឹងមាំ ដែលតែងតែបានលះបង់កម្លាំងកាយចិត្ត សាច់ស្រស់ ឈាមស្រស់ គ្រប់បែបយ៉ាងដើម្បីបុព្វហេតុ គ្រួសារនិងសង្គមជាតិពិសេសដើម្បីប្រទេសជាតិសុខសាន្តនិងមានសន្តិភាពពេញបរិបូណ៌។

ជាមួយនេះផងដែរ លោកសាយ គឹឡម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់ជីវភាពបងប្អូនអតីតយុទ្ធជនកម្ពុជាក៏ដូចជាក្រុមគ្រួសារ ដែលបានលះបង់ដ៏ធំធេង មិនអាចកាត់ថ្លៃបានដើម្បីប្រទេសជាតិ និងមានសុខសន្តិភាព។

ជាចុងបញ្ចប់លោក សាយ គឹមឡម ក៏បានលើកទឹកអាជ្ញាធរភូមិ/ឃុំ និង សាមីអង្គភាពពាក់ព័ន្ធ ត្រូវបង្កើនការយកចិត្តទុកដាក់ដល់គ្រួសារអតីតយុទ្ធជន ក៏ដូចជាគ្រួសារដែលងាយរងហានិភ័យនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីជួយជ្រោមជ្រែងនិងលើកកម្ពស់ក៏ដូចជាការយកចិត្តទុកដាក់ជួយជីវភាពពួកគាត់ឱ្យបានទាន់ពេលវេលានិងកាន់តែប្រសើរឡើង។