លោក វណ្ណៈ សោភានិត បង្ហាញពីតំបន់លំហែកម្រាន្តដែលមានការទាក់ទាញភ្ញៀវជាតិ និង អន្តរជាតិមកទស្សនាកាន់តែច្រើន

0

(កំពង់ធំ)÷លោក វណ្ណៈ សោភានិត អភិបាល នៃគណៈអភិបាលស្រុកប្រាសាទបល្ល័ង្ក បានឱ្យដឹងថារមណីយដ្ឋានទេសចរណ៍ធម្មជាតិក្នុងទឹកដីស្រុកប្រាសាទបល័្លង្ក មានជាច្រើនកន្លែង ដែលនៅក្នុងនោះមានតំបន់លំហែកម្រាន្តព្រៃសហគមន៍អូពោងរោង តំបន់លំហែកំសាន្តព្រៃសហគមន៍អូខ្លាដេក តំបន់លំហែកំសាន្តស្ទឹងអន្លង់ស្មាច់ តំបន់ដងអន្ទាក់ តំបន់រមណីយដ្ឋានស្ទឹងម្រាកមានកន្លែងដ៏ស្រស់ស្អាត។ ជាពិសេសជាកន្លែងដែលទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកំសាន្ត សប្បាយ ម្យ៉ាងវិញទៀត តំបន់ទេសចរណ៍រមណីយដ្ឋានស្ទឹងម្រាកនេះ មានលក្ខណៈល្បីល្បាញជាច្រើនឆ្នាំមកហើយ ដែលប្រជាពលរដ្ឋមកកម្សាន្ត យ៉ាងច្រើនកុះករ។

ក្នុងនោះលោក តុ សាគុណ ជំទប់ទីមួយ នៃរដ្ឋបាលឃុំទួលគ្រើលបានឱ្យដឹងថា តំបន់រមណីយដ្ឋានស្ទឹងម្រាកនេះបានកើតឡើង និងមានភាពល្បីល្បាញ ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយូរមកហើយ ដែលស្ថិតនៅ ក្នុងទឹកដីភូមិម្រាក ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ លោកក៏បានបន្តថា ភ្ញៀវជាតិ និងអន្តរជាតិ ដែលបានមកកម្សាន្តនៅទីនេះ សូមឱ្យចូលរួម ថែរក្សា បរិស្ថាន និងអនាម័យឱ្យបានល្អប្រសើរ។ ជាពិសេស នៅពេលហូបចុក កាកសំណល់ សម្រាប់ផ្សេងៗ ត្រូវវេចខ្ចប់ ដាក់នៅតាមធុងសំរាម ដែលរដ្ឋបាលឃុំបានរៀបចំជូន នៅតាមទីតាំងនិមួយៗ ចំណែកឯអ្នកលក់ដូរវិញ ក៏ត្រូវតែចូលរួមថែរក្សា និងសម្អាតបរិស្ថាននៅតំបន់យើងនេឱ្យកាន់តែស្អាតដើម្បីការពារ និងចូលរួមថែរក្សាតំបន់ទេសចរណ៍ និងតំបន់សហគមន៍ឱ្យបានគង់វង្សយូរអង្វែង។

លោកអភិបាលស្រុកប្រាសាទបល្ល័ង្ក បានលើកឡើងថា នៅថ្ងៃចុងសប្តាហ៍ និងពេលមានពិធីបុណ្យទានម្ដងៗ មិនតែប៉ុណ្ណោះ នៅក្នុងតំបន់នេះ ក៏មានលក់ម្ហូបអាហារ ជាច្រើនមុខ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប្រកបដោយផាសសុខភាព និងតម្លៃសមរម្យ ដើម្បីផ្ដល់ជូនដល់ភ្ញៀវទេសចរណ៍ ដែលមកកម្សាន្តសប្បាយ។ ម្យ៉ាងវិញទៀត នៅក្នុងតំបន់នេះ ក៏មានសហគមន៍ព្រៃឈើ ជាច្រើនហិចតា ដែលបានរក្សាទុក ថែមទាំងមានប្រភេទជីវៈចម្រុះ ជាច្រើនប្រភេទ មានដូចជាប្រភេទដើមឈើដ៏កម្រ ដែលមានតម្លៃ និងមានអនុផលព្រៃឈើមានដូចជា ផ្លែគុយ ផ្លែមានព្រៃ ផ្លែព្រីង ផ្លែកណ្ដាប់ចង្អេរ ផ្លែស៊ីមាន់ ផ្លែរំដួល ផ្លែចំបក់ និងមានផ្លែឈើជាច្រើនមុខទៀត។ នៅក្នុងតំបន់សហគមន៍ព្រៃឈើនេះ ក៏មានផ្សិត ដ៏កម្រ ជាច្រើនប្រភេទ មានដូចជាផ្សិតដំបូកខ្មៅ ផ្សិតកញ្ជោរ ផ្សិតក្ងោក ផ្សិតប៉ុស្តិ៍ ដែលជាគុណប្រយោជន៍ របស់ធនធានធម្មជាតិ បានផ្ដល់ឱ្យដល់បងប្អូនពិតជាពលរដ្ឋនៅក្នុងសហគមន៍។

លើសពីនេះលោកអភិបាលបាលស្រុក សំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលនៅក្នុងតំបន់នេះ និងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបង សមាជិកសហគមន៍ទាំងអស់ ចូលរួមថែរក្សាការពារព្រៃសហគមន៍ នៅទីនេះឱ្យបានល្អ។ ម្យ៉ាងទៀតត្រូវរៀបចំតំបន់ទេសចរណ៍ដែលមាននៅក្នុងទឹកដីរបស់ខ្លួន ឱ្យប្រែក្លាយទៅជាតំបន់ទេសចរណ៍ ដែលមានភាពទាក់ទាញ ពីព្រោះវិស័យទេសចរណ៍នេះ ជាវិស័យឧស្សាហកម្មគ្មានផ្សែងនិងអាចរកប្រាក់ចំណូល ជួយរកការងារឱ្យបងប្អូនប្រជាពលរដ្ឋ បានធ្វើ ដោយមិនចាំបាច់ចំណាកស្រុក ទៅប្រទេសដទៃ។

លោក វណ្ណៈ សោភានិត បានបញ្ជាក់ទៀតថា នៅតំបន់នេះក្នុងការលក់ដូរចំណីអាហារ និងវត្ថុអនុស្សាវរីយ៍ព្រមទាំងរបស់របស់ប្រើប្រាស់ត្រូវធ្វើយ៉ាងណា អ្នកលក់ដូរ ត្រូវមានតម្លៃសមរម្យ តាមទីផ្សារ មានគុណភាព សុវត្ថិភាព អនាម័យ សេវាកម្ម ទំនុកចិត្ត និងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គម ឱ្យបានល្អប្រសើរសម្រាប់អ្នក មកចូល ទស្សនា និងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ។

ជាចុងបញ្ចប់លោក វណ្ណៈ សោភានិត អភិបាលស្រុក ប្រសាទបល្ល័ង្ក សូមថ្លែងអំណរដល់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់នៅសន្តិភាពសម្រាប់ប្រទេសជាតិទាំងមូល កាលណាមានសន្តិភាពគឺបញ្ជាក់ថាមានអ្វីៗទាំងអស់មានដូចជា÷ មានធនធានមនុស្សសម្រាប់អភិវឌ្ឍប្រទេស និងកសាងទៅលើសមិទ្ធផលផ្សេងៗមាន ផ្លូវស្អាត ភ្លើង ស្ពាន មានប្រព័ន្ធបច្ចេកវិទ្យាតាមបែបឌីជីថលនៅតំបន់ ដើម្បីងាយស្រួលឱ្យប្រជាពលរដ្ឋ ក្នុងការរស់នៅ និងប្រកបរបរផ្សេងៗ នេះហើយជាយុទ្ធសាស្ត្រ និងជាចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់បំផុត ទៅលើបងប្អូនប្រជាពលរដ្ឋដើម្បីអភិវឌ្ឍលើគ្រប់វិស័យ។