មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដឹកនាំកម្លាំងបញ្ជាបង្ក្រាប និងចាប់បានរថយន្តដឹកឈើមួយគ្រឿង ចេញពីស្រុកសៀមប៉ាង ជាប់ព្រំដែនឡាវ ចូលទៅកាន់ខេត្តក្រចេះ

0

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានដឹកនាំកម្លាំងដោយផ្ទាល់ ដោយសហការពីកម្លាំងអាវុធហត្ថខេត្តក្រចេះ ប្រដេញស្ទាក់ចាប់រថយន្តស៊េរីទំនើបដឹកជញ្ជូនឈើ បាន១គ្រឿង ក្នុងចំណោម ៤គ្រឿង នៅក្នុងប្រតិបត្តិការដែលបានធ្វើឡើង នៅវេលាម៉ោងប្រមាណជា៥ ទៀបភ្លឺ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ នៅលើផ្លូវលំមួយខ្សែ ត្រង់ចំណុចអូរម្រះ ស្ថិតក្នុងឃុំអូរក្រៀង ស្រុកអូរក្រៀងសែនជ័យ ខេត្តក្រចេះ។

ប្រតិបត្តិការស្ទាក់ចាប់រថយន្តដឹកឈើនេះ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានពន្លាតដែនដីពីខេត្តស្ទឹងត្រែង ចូលទៅចាប់រថយន្តដឹកឈើនោះ នៅក្នុងដែនដីខេត្តក្រចេះ។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកជញ្ជូនឈើដែលរងការបង្ក្រាបនោះ បានធ្វើសកម្មភាពលើក និងដឹកឈើចេញពីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឆ្លងកាត់ដីក្រុងស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តក្រចេះ ហើយក្រុមរថយន្តដឹកឈើនេះមានចំនួន ៤គ្រឿង ដែលគេដឹងថា គឺជាក្រុមរបស់លោក ធី កាប៉ូ ជាឈ្មួញជើងខ្លាំង ចាស់វស្សា ប្រចាំខេត្តក្រចេះ តែងចេញចូល និងដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ជារៀងរហូតមក។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា នៅក្នុងសកម្មភាពដឹកជញ្ជូនឈើរបស់ក្រុម ធីកាប៉ូនេះ កម្លាំងកងរាជអាវុធហត្ថខេត្ត ប្រដេញស្ទាក់ចាប់បាន ១គ្រឿង នៅវេលាម៉ោងជាង ៥ទៀបភ្លឺ ចំណែក រថយន្ត ៣គ្រឿងទៀត បានបើករត់គេចចេញពីការតាមចាប់របស់ កម្លាំងសមត្ថកិច្ច។

ក្រោយការបង្ក្រាប រថយន្ត ១គ្រឿង ប្រភេទហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ-2N 4148 ដឹកឈើប្រភេទតាត្រាវ ជាច្រើនដុំ/សន្លឹក ត្រូវបានកម្លាំងកងរាជអាវុធហត្ថ បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដើម្បីបើកការស្រាវជ្រាវរកមេឈ្មួញឈើ និងចងក្រងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់។

គួរបញ្ជាក់ថា នៅក្នុងសកម្មភាពដឹកជញ្ជូនឈើរបស់ក្រុម ធី កាប៉ូ នេះ ក្បួនរថយន្តដឹកឈើនេះ បានប្រើប្រាស់រថយន្តជាច្រើនគ្រឿងផ្សេងទៀត យកមកបិទផ្លូវរារាំងកិច្ចការងារសមត្ថកិច្ច មិនឲ្យប្រដេញស្ទាក់ចាប់បទល្មើសដែលក្រុមនេះបានប្រព្រឹត្តនោះឡើយ។

នៅក្នុងការបង្ក្រាបនេះទៀត រថយន្តរបស់ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ត្រូវបានរថយន្តដឹកបទល្មើសគៀរ និងធ្វើការារាំងជាច្រើនលើក តាំងពីខេត្តស្ទឹងត្រែង រហូតដល់ខេត្តក្រចេះ ទើបឈានដល់ការបង្ក្រាបបាន។ ក្រុមនេះនៅមានរថយន្តដឹកឈើជាច្រើនគ្រឿងទៀត ដែលកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កំពុងធ្វើការតាមប្រមាញ់៕ ដោយ៖ឡុង សំបូរ