ក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉េខាងត្បូង ចុះពិនិត្យព្យាបាលជំងឺផ្សេងៗ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យរដ្ឋសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ នាចុងសប្តាហ៍កន្លងទៅថ្មីៗនេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃប្រទេសកូរ៉េខាងត្បូង សហការជាមួយនឹងអង្គការ ហាឆាន់ ខាំ នៃប្រទេសកូរ៉េប្រចាំខេត្តបន្ទាយមានជ័យ ដែលជាបេសកកម្មពិសេសរយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១១,១២និង១៣ ខែ សីហា ឆ្នាំ ២០២៣ បានអញ្ជើញចុះពិនិត្យព្យាបាលជំងឺផ្សេងៗដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងសាលារៀន របស់អង្គការ ហាឆាន់ ខាំ និងនៅមន្ទីរពេទ្យរដ្ឋសិរីសោភ័ណក្នុងខេត្តបន្ទាយមានជ័យ ដែលយើងបានសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនពាន់នាក់ បានទៅពិនិត្យនិងព្យាបាលក្នុងនោះរួមមានការពិនិត្យព្យាបាលដូចជាជំងឺបេះដូង ជំងឺក្រពះ ជំងឺភ្នែក ជំងឺមាត់ធ្មេញ ជំងឺសន្លាក់ ជំងឺរោគស្ត្រី និងចាក់ម្ជុលវិទ្យាសាស្រ្ត។
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានចុះពិនិត្យព្យាបាលនេះផងដែរ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកជំទាវ ក៏បានចូលរួមទទួលស្វាគមន៍ និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យចំនួន ៣០នាក់ ដឹកនាំដោយលោក គឹម ឆ្យ៉ងហូល និងលោក គឹម យ៉ុងអ៊ុក ប្រធានអង្គការ ហាឆាន់ ខាំ និងលោកស្រី គឹម ហ្សុនអា នាយិការសាលាមកហៅវិទ្យាល័យគ្រីស្ទាន ក្រុងសិរីសោភ័ណ។ លោក គឹម ឆ្យ៉ងហូល និងលោក គឹម យុ៉ងអ៊ុក បានមានប្រសាសន៍ថា ដែលមានទឹកចិត្តអាណិតស្រឡាញ់ចំពោះប្រជាជនកូរ៉េនិងប្រជាជនកម្ពុជានោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំង ៣០ រូបនេះបានលះបង់ពេលវេលានិងទទួលពិនិត្យព្យាបាល ដោយឥតគិតថ្លៃជូនដល់បងប្អូនប្រជាពលរដ្ឋ លើជំនាញវេជ្ជសាស្ត្រផ្ទៃក្នុង រោគលើស្បែក វេជ្ជសាស្ត្រគ្រួសារកុមារចិត្តសាស្ត្រ ឆ្អឹង ភ្នែក ធ្មេញនិងរោគស្ត្រីជាដើម ហើយនេះគឺជាលើកទី ២ ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានមកពិនិត្យព្យាបាល នៅក្នុងខេត្តបន្ទាយមានជ័យ គោលបំណងគឺដើម្បីលើកកម្ពស់សុខុមាលភាព កាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋកម្ពុជា លើវិស័យសុខភាព ហើយសង្ឃឹមថាសកម្មភាពមនុស្សធម៌នេះ នឹងពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរ កម្ពុជានិងកូរ៉េខាងត្បូង។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សន្ដានចិត្តអាណិតស្រឡាញ់ពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងអង្គការ ហាឆាន់ ខាំ ដែលតែងតែបានជួយដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ទាំងការពិនិត្យព្យាបាលទាំងវិស័យអប់រំ។
ឯកឧត្តម អ៊ុំ រាត្រី បានបន្តថា សកម្មភាពមនុស្សធម៌ទាំងនេះគឺពិតជាបាននិងជួយជ្រោមជ្រែង លើកកម្ពស់សុខុមាលភាព ជូនប្រជាពលរដ្ឋកម្ពុជាយ៉ាងពិតប្រាកដ។ដោយ៖ឃិន គន្ធា