តំបន់រមណីយដ្ឋានក្នុងឃុំសាលាវិស័យ កំពុងតែទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកលំហែកម្សាន្ត និងរៀបចំឱ្យមានសណ្ដាប់ធ្នាប់ល្អ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

0

(កំពង់ធំ)÷ រដ្ឋបាលឃុំសាលាវិស័យ បានត្រៀមផែនការការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈរួចរាល់ហើយក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខ ធ្វើយ៉ាងណាថែរក្សាសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរណ៍ឱ្យមានភាពកក់ក្តៅ ដែលបានមកកម្សាន្តនៅក្នុងរមណីយដ្ឋាន មានរមណីយដ្ឋានអូរក្បាលខ្មោច រមណីយដ្ឋានអូរខ្លាដេក និងរមណីយដ្ឋានអូរពោរោង ព្រមទាំងមានកន្លែងលំហែកម្សាន្តផ្សេងៗទៀត។

លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យបានមាន ប្រសាសន៍ថា មកដល់បច្ចុប្បន្ននេះសម្រាប់ភារកិច្ចអាជ្ញាធរឃុំបានរៀបចំតុបតែងលម្អនៅតាមទីសាធារណៈផ្សេងៗ ទៅតាមតំបន់រមណីយដ្ឋានដែលជាកន្លែងកម្សាន្តសប្បាយគួរឱ្យទាក់ទាញ ពិសេសគឺទីវត្តអារាមតែម្ដងឱ្យបានស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់។
ប្រធានក្រុមប្រឹក្សាឃុំបានបន្តថា ក្រៅអំពីការជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើការត្រៀម លក្ខណៈរៀបចំការតាំងលម្អតុបតែង រាល់ទីតាំងកម្សាន្តសប្បាយៗនៅក្នុងឱកាសបុណ្យភ្ជុំបិណ្យឱ្យបានស្អាតនិងទាក់ទាញហើយនោះ។ អាជ្ញាធរឃុំក៏បានជំរុញឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសាលាវិស័យត្រៀមកម្លាំងក្នុងការការពារថែរក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់របៀបរៀបរយថែមទៀត ធ្វើយ៉ាងណាឱ្យការចូលមកលេងកម្សាន្តរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិនៅថ្ងៃបុណ្យភ្ជុំបិណ្ឌនោះប្រកបដោយភាពសប្បាយរីករាយនិងមានទំនុកចិត្ត។

ក្នុងនាមថ្នាក់ដឹកនាំឃុំក៏ដូចជាថ្នាក់ដឹកនាំប៉ុស្តិ៍នគរបាលរដ្ឋបាល និងបងប្អូនប្រជាការពារតាមភូមិ បានសហការត្រៀមលក្ខណៈសម្បត្តិរួចជាស្រេចសម្រាប់ពិធីបុណ្យជុំបិណ្ឌប្រពៃណីជាតិខាងមុខនេះ ដែលយើងបានដាក់ចេញនូវវិធានការជាច្រើនដោយផ្សព្វផ្សាយក្នុងមូលដ្ឋាន។ ជំរុញទៅអ្នកពាក់ព័ន្ធទាំងអស់ចូលរួមថែរក្សាសុខសណ្ដាប់ធ្នាប់សុវត្ថិភាពរបៀបរៀបរយសង្គមរៀបចំកន្លែងកម្សាន្តនានា ក៏ដូចជាចូលរួមអនុវត្តនូវសុវត្ថិភាពសុខាភិបាល ការគោរពច្បាប់ចរាចរណ៍ព្រមទាំងវិធានការនានាទៀតសំដៅឱ្យការបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិប្រព្រឹត្តទៅដោយរលូន ហើយប្រជាពលរដ្ឋបានសប្បាយរីករាយពេញចិត្ត ក្នុងការដើរលំហែកម្សាន្តក្នុងពេលភ្ជុំបិណ្ឌខាងមុខនេះ។

លោក ហង្ស ឡែម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសាលាវិស័យ បានបញ្ជាក់ថា មានតែកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទនេះហើយ នៅតាមឃុំនិងតាមភូមិជាគោលដៅជាពិសេសនៅតំបន់កម្សាន្តផ្សេងៗសុទ្ធតែមានប្រជាការពារដែលជាកម្លាំងស្នូលក្នុងការរក្សាសុខសណ្ដាប់ធ្នាប់តាមមូលដ្ឋាន ។

ម្យ៉ាងទៀតលោកបានបន្តឱ្យដឹងថា ជារៀងរាល់ឆ្នាំឱ្យតែមានកម្មវិធីបុណ្យទានធំៗកងកម្លាំងតែងតែសហការជាមួយអង្គភាពពាក់ព័ន្ធបែងចែកកម្លាំងដើម្បីឈរជើងការពារនៅតាមរមណីយដ្ឋាននីមួយៗទាំងទីប្រជុំជន និងទីតាំងប្រារព្ធនៅពិធីបុណ្យជាតិធំៗដូចជាបុណ្យ ភ្ជុំបិណ្ឌបានជាប់ជានិច្ច ដើម្បីផ្ដល់ស្នាមញញឹមជូនប្រជាពលរដ្ឋភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។

ជារៀងរាល់ឆ្នាំដោយមានបទបញ្ជា និងផែនការរបស់ថ្នាក់ដឹកនាំ តែងតែដាក់ផែនការដល់បណ្ដាអង្គភាពយកចិត្តទុកដាក់និងសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថដូច្នេះអង្គភាពប៉ុស្តិ៍នគរបាលរដ្ឋបាល ក៏បានធ្វើផែនការបែងចែកកម្លាំង ល្បាតនិងឈរនៅតាមគោលដៅដូចជាទីប្រជុំជន វត្តអារាម និងកន្លែងរមណីយដ្ឋានទេសចរណ៍មួយចំនួនដែលនៅក្នុងឃុំសាលាវិស័យរបស់យើង។

ជាចុងក្រោយលោក ជិន ហ៊ីន មេឃុំសាលាវិស័យ បានផ្ដាំផ្ញើ និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកលក់ដូរទាំងអស់នៅតាមតំបន់រមណីយដ្ឋានផ្សេងៗ សូមមេត្តាចូលរួមថែរក្សានិងសម្អាតបរិស្ថាន ឱ្យបានស្អាតល្អ និងមានភាពសហការគ្នារក្សាភាពផ្ទៃក្នុងការធ្វើការងារ ជាពិសេសនៅក្នុងរមណីយដ្ឋានតំបន់លំហែធម្មជាតិ យើងត្រូវធ្វើយ៉ាងណាចូលរួមសម្អាតបរិស្ថាន និងកែច្នៃតំបន់ទាំងនេះឱ្យទៅជាតំបន់អេកូទេសចរណ៍ដែលមានភាពទាបទាញនិងកាន់តែស្រស់បំព្រងទៅទៀត។