(កំពង់ធំ)៖ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងព្រះគ្រូសីលវិសុទ្ធិមេធា ម៉ន ចាន់ ព្រះវិន័យធម៌ និងជាព្រះចៅអធិការវត្តជោតញ្ញាណ (ហៅវត្តតាំងគោក) បានចុះចែកអំណោយសប្បុរសធម៌ដល់លោកយាយ លោកតា ទីទ័លក្រចំនួន៥២គ្រួសារ មកពីភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ។
នៅក្នុងឱកាសនោះផងដែលព្រះគ្រូសីលវិសុទ្ធិមេធា ម៉ន ចាន់ ព្រះវិន័យធម៌ចៅអធិការវត្ត បានសម្ដែងនូវព្រះទ័យសប្បាយរីករាយដែលឃើញថ្នាក់ដឹកនាំស្រុក ក៏ដូចជារាជរដ្ឋាភិបាលយកចឹត្តទុក្ខដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋក្នុងស្រុកតាំងគោក ទោះនៅក្នុងកាលៈទេសៈណា ក្នុងការចុះសួរជាមួយបងប្អូនប្រជាពលរដ្ឋជានិច្ច ដូចនេះជំរុញឱ្យព្រះអង្គ បានចូលរួមជាមួយលោកអភិបាលស្រុក ទោះតិចក្តី ច្រើនក្តីដើម្បីចូលរួមអភិវឌ្ឍស្រុកតាំងគោក។
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខ ពីថ្នាក់ដឹកនាំជាពិសេសសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី ឯកឧត្តមបណ្ឌិត ថោង ខុន ឯកឧត្តមតែងតែដាស់តឿន និងផ្តល់ជាគំនិតឱ្យថ្នាក់ដឹកនាំភូមិឃុំស្រុក ធ្វើម៉េចចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋរបស់យើងនៅតាមមូលដ្ឋានតាមផ្ទះ ចុះទៅសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋយើង។ ក្នុងគោលបំណងចង់ដឹងពីការលំបាក ពីសំណូមពរ ពីតម្រូវការទាំងឡាយរបស់បងប្អូនយើងដែលទាមទារឱ្យយើងដឹង ដើម្បីធ្វើការរួមគ្នាក្នុងការដោះស្រាយ។ លោកអភិបាលស្រុកតាំងគោក ក៏បានកោតសរសើរ និងថ្លែងអំណរព្រះគុណនូវព្រះទ័យរបស់ព្រះចៅអធិការ និងមន្រ្តីសង្ឃ តែងតែចូលរួមជាមួយរដ្ឋបាលស្រុក រដ្ឋបាលឃុំនូវសកម្មភាពមនុស្សធម៌ និងសកម្មភាពជាច្រើន ដើម្បីជាការរួមចំណែកក្នុងការអភិវឌ្ឍរបស់ប្រទេសជាតិ។
ជាចុងក្រោយលោក ហាក់ ម៉ុងហួត អភិបាលស្រុកក៏បានសំណូមពរឱ្យអាជ្ញាធរភូមិ/ឃុំបន្តសកម្មភាពចុះតាមខ្នងផ្ទះ និងទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ ដឹងពីសុខទុក្ខរបស់ពួកគាត់។ដោយអ៊ុម ញុឹប