ប្រធានក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២៣ ក្នុងឃុំក្រយា

0

(កំពង់ធំ)÷ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣ ឆ្នាំ២០២៣ ក្នុងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក មន្ត្រីសាលាស្រុក សមាជិកក្រុមប្រឹក្សាស្រុក មន្ត្រីរាជការ និងប្រជាពលរដ្ឋ ជាច្រើននាក់។

លោក សៀង ម៉ាប់ អភិបាលរងស្រុកប្រាសាទបល្ល័ង្ក មានប្រសាសន៍ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកនេះ មានគោលបំណងដើម្បីផ្តល់ឱកាស ជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានស្វែងយល់ពីស្ថានភាពទូទៅ នៃការអភិវឌ្ឍន៍ស្រុក/ឃុំ សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលកើតមាន នារយៈកាលកន្លងមក។ វេទិកានេះ ក៏នឹងផ្តល់នូវឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងនៅក្នុងមូលដ្ឋាន ដើម្បី ឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតប ចំពោះតម្រូវការ សំណូមពរដែលបានលើកឡើង ។

លោក ឈួន រ៉ា ប្រធានក្រុមប្រឹក្សាស្រុក គូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នេះ បានបង្ហាញនូវតួនាទីក្រុមប្រឹក្សា ព្រមទាំងលទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តសម្រេចបាន តាមរយៈការអនុវត្តសកម្មភាព ក្នុងរយៈពេលកន្លងមក ដើម្បី ឆ្លើយតបជាមួយម្ចាស់ឆ្នោត ជាពិសេស ប្រជាពលរដ្ឋ ក្នុងស្រុកប្រាសាទបល្ល័ង្ក ។

លោកប្រធានក្រុមប្រឹក្សាស្រុកបញ្ជាក់ដែរថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ យើងទាំងអស់គ្នា បានពិភាក្សា ពិគ្រោះយោបល់ ជាមួយអ្នកចូលរួមទាំងអស់ បានឆ្លើយនូវបញ្ហាអាទិភាពសំខាន់ៗ សម្រាប់រដ្ឋបាលក្នុងស្រុក។ ជាពិសេសការពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល ក្នុងកិច្ចអភិវឌ្ឍស្រុក ឱ្យកាន់តែល្អប្រសើរឡើង ក្នុងគោលបំណងពង្រឹងយន្តការតម្លាភាព ព្រមទាំងលើកកម្ពស់គោលការណ៍អភិវឌ្ឃតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ។ លើសពីនេះទៀតតាមរយៈការសម្របសម្រួលវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួម របស់ប្រជាពលរដ្ឋ យ៉ាងសកម្ម ក្នុងការលើកឡើងជាសំណើ សំណូមពរ កង្វល់ និងទំនាស់ ។ អង្គវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បានឆ្លើយតប និងបកស្រាយបំភ្លឺ និងសំណូមពរ បានមួយចំនួន ហើយបញ្ហានិងសំណូមពរដែលសេសសល់ និងដោះស្រាយតាមជំនាញជាបន្តបន្ទាប់។

សូមបញ្ជាក់ថា ការអនុវតតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យ ស្តីពីតួនាទីភារកិច្ច និងទំនាក់ទំនងការងារ របស់ក្រុមប្រឹក្សា គណៈអភិបាលខេត្ត តម្រូវឱ្យក្រុមប្រឹក្សាខេត្ត រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅតាមក្រុង ស្រុក ក្នុងអំឡុងត្រីមាសទី៤ នៃឆ្នាំនីមួយៗ។ ដូចគ្នានោះដែរ ក្រុមប្រឹក្សាក្រុង ស្រុក ក៏ត្រូវរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅតាមឃុំ/សង្កាត់នានានៃឆ្នាំនីមួយៗ ផងដែរ។